ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​អាជ្ញាធរកម្ពុជា​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លើសកម្ម​ជន​ដីធ្លី​៣រូប


​អ្នកគាំទ្រ​របស់​សកម្មជនសិទ្ធិដីធ្លីបីរូប​បាន​មក​តវ៉ានៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃចន្ទ ទី២២​ ឧសភា ឆ្នាំ២០២៣ ដើម្បីទាមទារ​ឲ្យ​មានការដោះលែង​ពួកគេពីការ​ឃុំឃាំង។(Licadho via AP)
​អ្នកគាំទ្រ​របស់​សកម្មជនសិទ្ធិដីធ្លីបីរូប​បាន​មក​តវ៉ានៅ​រាជធានីភ្នំពេញ​ កាលពីថ្ងៃចន្ទ ទី២២​ ឧសភា ឆ្នាំ២០២៣ ដើម្បីទាមទារ​ឲ្យ​មានការដោះលែង​ពួកគេពីការ​ឃុំឃាំង។(Licadho via AP)

បន្ទាប់​ពីតុលាការ​នៅ​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​ចោទ​ប្រកាន់ដែល​មាន​លក្ខ​ណៈ​ធ្ងន់​ធ្ងរ​លើ​សកម្មជន​សិទ្ធិដីធ្លី​៣រូប​នៃ​ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC)នោះ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (Human Rights Watch)​បាន​ចាត់ទុក​ថា​ ការ​ចោទ​ប្រកាន់​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ និង​មាន​ជាប់​ហេតុ​ផល​នយោបាយ​។​

លោក​ថេង សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC) និង​សហការី​លោក​២នាក់​ទៀត​គឺលោក​ថាន់​ ហាច និងលោក​ញ៉ិល​ ភាព ​ត្រូវ​បាន​សា​លា​ដំបូង​ខេត្ត​រតនគិរីចោទប្រកាន់ពីបទ«​រួមគំនិត​ក្បត់​ និង​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ ដែល​អាច​ជាប់​ក្នុងពន្ធនាគារ​ពី​៥ដល់​១០ឆ្នាំ​។

នៅ​ក្នុង​សេច​ក្តីប្រកាស​មួយ​ដែល​វីអូអេ​បាន​ទទួល​នៅ​ថ្ងៃ​ពុធ​នេះ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​ថ្លែងថា​ តុលាការ​កម្ពុជា​បានយក​បទចោទ​ប្រកាន់​ដែលជាប់ ហេតុផល​នយោបាយ​មក​ប្រឆាំង​នឹង​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ទាំង៣​នាក់​កាលពី​ថ្ងៃទី​២២ ខែឧសភា​ ឆ្នាំ​២០២៣​។​ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ បន្ថែម​ថា​ អាជ្ញាធរ​គួរ​ដោះលែង​ពួកគេ​ជាបន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។

នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ លោក​ Phil Robertson បានថ្លែង​ក្នុង​សេចក្តីប្រកាស​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ខែ​ឧសភា​ក្នុង​ន័យ​ដើម​ថា​៖ «​ការប្រតិដ្ឋបទ​ចោទកែ្លងក្លាយ​ជំទាស់នឹង​មេដឹកនាំ​សង្គម​ស៊ីវិល​ដែល​លេចធ្លោ​ទាំង​នេះ​ បង្ហាញ​ថា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ច្រើន​ដើម្បី​បំបិទ​សំឡេង​ពួក​អ្នករិះគន់​នៅ​មុន​ការ​បោះឆ្នោត​របស់​កម្ពុជា​នៅ​ខែ​កក្កដា»។

លោក​បានបន្ថែម​ថា​៖ «​វាចាំបាច់​ត្រូវតែ​មានការ​ថ្កោល​ទោស​ជា​អន្តរជាតិ​រួម​គ្នា​ ដោយ​សំដៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​គាត់​ដើម្បី​ទាមទារ​ឱ្យ​បញ្ចប់​វិធីសាស្ត្រ​គំរាម​កំហែង​ទាំង​អស់​នេះ»។

អាជ្ញាធរបាន​ឃាត់​ខ្លួន​លោក​ថេង សាវឿន​ ប្រធានសមាគម​ លោក​ញ៉ិល ភាព មន្ត្រី​ជាន់​ខ្ពស់​ និង​លោក​ថាន់ ហាច មន្ត្រីគម្រោង​កាលពី​ថ្ងៃទី​១៧ ខែឧសភា​នៅ​ពេល​ពួក​គេ​ធ្វើដំណើរ​ទៅកាន់​រាជធានីភ្នំពេញ​ ក្រោយ​រៀបចំ​សិក្ខាសាលា​បណ្តុះ​បណ្តាល​ និង​ពង្រឹង​ក្រុមការងារ​ផ្ទៃក្នុង​នៅ​ខេត្តរតនគិរី។​ នេះបើតាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​។

អង្គការនេះ​ ឱ្យដឹង​ទៀតថា​ ផ្អែកលើ​ព័ត៌មាន​ដែល​អាជ្ញាធរ​និយាយថា​ បាន​រកឃើញ​នៅ​កន្លែងធ្វើ​សិក្ខាសាលា​នោះ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ខៀ សុភ័គ​ ចោទប្រកាន់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC)ពី​ការ​ចាប់ផ្តើម​ «បដិវត្តន៍​កសិករ»​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​មិន​បាន​បង្ហាញ​ភស្តុតាង​ ថា​មេដឹកនាំ​ទាំង​៣​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​បដិវត្តន៍​ ដែល​ស្រដៀងគ្នា​នឹង​ក្រុម​ដែល​បង្ក​ការ​ស្លាប់​ប្រជាពលរដ្ឋ​កម្ពុជារាប់​លាន​នាក់ក្រោម​របប​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​១៩៧០​។

យ៉ាង​ណាក៏ដោយរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ក្នុងសប្តាហ៍​នេះថា​ វគ្គបណ្តុះ​បណ្តាល​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ត្រូវអាជ្ញាធរ​មាន​សមត្ថិកិច្ច​សង្កេតឃើញ​ថា​ មាន​លក្ខណៈ​ចម្លែកពីវគ្គបណ្តុះ​បណ្តាល​ផ្សេង​ទៀ​ ត​ហើយបើផ្អែក​លើឯកសារ​ និង​ម៉ាស៊ីន​កំព្យូទ័រ​ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​រឹបអូសបាន​នោះ​ មាន​មេរៀន​ញុះញង់​ឱ្យ​កិសករ​ ក្រោក​ឈរ​ប្រឆាំង​រដ្ឋាភិបាល​ ដូច​ដែល​ក្រុម​ខ្មែរ​ក្រហមបាន​ធ្វើកាល​ពី​ពេលមុន​ក្រោម​ការ​ដឹកនាំ​របស់​ប៉ុល​ ពត។​

សាលាដំបូង​ខេត្តរតនគិរី​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ការពារ​ចំណាត់​ការ​ច្បាប់​របស់​ខ្លួន​លើ​សកម្មជន​សិទ្ធិដីធ្លី​ទាំង​៣នាក់​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC)ដោយ​លើក​ឡើង​ថា​ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) បាន​ធ្វើ​ការ​ជួបជុំ​ដោយ​លួច​លាក់​នៅ​ម៉ូតែល​ហ្គាឡាក់​ស៊ី២(Galaxy II Motel) ក្នុងសង្កាត់យក្ខ​ឡោម​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ​ ហើយមិន​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​កាន់​ទូរ​សព្ទ​ទេ ខណៈ​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​បង្វិល​ចុះ​ក្រោម​។

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​របស់​អ្នកនាំពាក្យ​សាលាដំបូង​ និង​អយ្យ​ការ​អម​សាលាដំបូង​ខេត្តរតនគិរី​ បាន​ផ្តល់​ការពន្យល់​តាម​ន័យដើមថា ៖ «​ឆ្លង​កាត់​តាម​ការ​ស៊ើប​អង្កេត​ ពិនិត្យ​ភស្តុតាង​ ព្រម​ទាំង​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​ជន​សង្ស័យ​រួចមក​ តំណាង​អយ្យការ​អមសាលាដំបូង​ខេត្ត​រតនគិរី​ បាន​រក​ឃើញ​នូវ​តម្រុយ​ដែល​អាច​សម្មតថា​ ការ​លួច​ជួប​ជុំ​នេះ​មាន​ខ្លឹមសារ​ក្នុង​គោល​ដៅ​នយោបាយ​ ដើម្បី​ធ្វើ​សកម្មភាព​ញុះញង់​ដល់​កសិករ​ឱ្យ​ងើប​បះបោរ​ បង្ក​ឱ្យ​មាន​ចលាចល​សង្គម និង​ឈាន​ទៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​តាម​គ្រប់​រូប​ភាព»។ ​

សេចក្តីថ្លែង​ការណ៍​ដដែល​ក៏បាន​ លើក​ឡើង​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​គឺ​លោក​ចាន់ វិបុល​ ដែលស្ថិត​ក្នុង​ការ​ប្រជុំ​រៀបចំដោយ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)ក្នុង​ខេត្ត​រតនគិរីផងដែរ​។ អ្នកវិភាគ​រូបនោះ​ ត្រូវបាន​ចោទ​ប្រកាន់​ពីបទរួម​គំនិត​ក្បត់​ និង​ញុះ​ញង់ដូច​គ្នា​ទៅនឹង​សកម្ម​ជន​សិទ្ធិ​ដីធ្លីទាំង៣នាក់​ នៃសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)។ ​

ព្រះរាជអាជ្ញារង​ និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​ លោក​កែវ ភក្តី ប្រាប់​វីអូអេ​ថា​ ជុំវិញ​ការ​ឃុំខ្លួន​លោក​ថេង សាវឿន និង​ក្រុម​ការងារ​របស់​លោក​ចំនួន​ពីរ​នាក់​ទៀតនោះគឺត្រូវបាន​ធ្វើ​ទៅតាម​នីតិវិធី​របស់​តុលាការ​។ លោក​បាន​បដិសេធ​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)។​

​អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ជិន ម៉ាលីន ចាត់​ទុក​ថា​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) ជា​ការ​សន្និដ្ឋាន​ដែល​មិន​បាន​ពិនិត្យ​ដិតដល់​លើ​ទិដ្ឋភាព​នៃ​នីតិវិធីច្បាប់​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​ និង​មាន​ទម្រង់​ច្រំដែល។ ​

លោក​ប្រាប់វីអូអេ​នៅថ្ងៃ​ពុធនេះថា៖​«​របាយការណ៍ សេចក្តី​ថ្លែងការណ៍​របស់​គាត់​ហ្នឹង​ គាត់​មិន​ដែល​យក​ភ្នែក​មើល​ទៅលើ​ទិដ្ឋភាព​ច្បាប់​ នីតិ​វិធីច្បាប់​របស់​កម្ពុជា​ផង​ហ្នឹង។ សេចក្តី​ថ្លែង​ការណ៍​របស់​តំណាង​អយ្យការ​ ខេត្តរតនគិរី​គេបាន​បង្ហាញ​ហើយមូលដ្ឋាន​ផ្លូវ​ច្បាប់​អី​ខ្លះ​ មាន​ធាតុ​ផ្សំ​បទ​ល្មើស​អី​ខ្លះ​ ដែល​ឈាន​ទៅ​ការ​ចោទ​ប្រកាន់​ និង​ការ​ឃាត់​ខ្លួន​ ហើយ​គាត់​អត់​មាន​យកភ្នែក​មើល​អាហ្នឹង​ផង គាត់​ចេះ​តែ​ចេញ​ថ្លែង​ការណ៍​តាម​របៀប​ចាស់​របស់​គាត់​ដដែល​។ គាត់​មើល​ទៅលើ​រូប​ភាព​ច្រើន​ជាង ហើយ​គាត់​អត់​ពិនិត្យ​មើល​លើ​ផ្លូវ​ច្បាប់​ នីតិវិធី​ច្បាប់​របស់​កម្ពុជា​ផង​ហ្នឹង​»។

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រូបនេះ​ ស្នើ​ឱ្យ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ពិនិត្យ​សេចក្តី​ថ្លែង​ការណ៍​របស់​សាលា​ដំបូងខេត្ត​រតនគិរី​ និង​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ជាមុន​សិន​ មុន​ពេលធ្វើ​សេចក្តី​ថ្លែង​ការណ៍​។

ដោយ​ឡែក​ក្នុង​សំណុំ​រឿង​ឃុំខ្លួន​សកម្មជន​សិទ្ធិ​ដីធ្លី​របស់​សមាគម​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា​ (CCFC)​នេះ​ អង្គការ​ក្រៅរដ្ឋាភិបាល​ សមាគម​ និងសហគមន៍​ដីធ្លី​ចំនួន​៦១​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នានៅ​ថ្ងៃ ពុធ​នេះ​ សុំ​ឱ្យដោះ​លែង​ និង​ទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គលិក​ CCFCជាបន្ទាន់។

សេចក្តីថ្លែងការណ៍​លើកឡើងថា៖ «​ការចាប់​ខ្លួន​បុគ្គលិក​៣រូប​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) និង​ការ​សម្រេច​ចោទ​ប្រកាន់​ដែល​មិន​សម​ហេតុ​ផល​ ដែល​បាន​ចោទ​ពី​បទ​ រួមគំនិត​ក្បត់​ និងញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មានភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ គឺ​ជា​ករណី​មួយ​បន្ថែម​ទៀត​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ឡើង​ ដើម្បី​ការ​ឃុំ​ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ចំពោះ​ភាព​សកម្ម​និយម​ដោយ​អហិង្សា​របស់​ពួកគេ»៕

XS
SM
MD
LG