ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​​ជាង​១០​នាក់​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះរាជ​ទាន​ការលើក​​លែង​ទោស


រូបឯកសារ៖ រថយន្តមួយដឹកអ្នកទោសដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចេញពីតុលាការកំពូល ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ រថយន្តមួយដឹកអ្នកទោសដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ចេញពីតុលាការកំពូល ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ព្រះ​មហាក្សត្រ​ខ្មែរ​បានចេញ​ព្រះរាជក្រឹត្យលើក​លែង​ទោស ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ​១០ នាក់ ​ក្រោយពួកគេ​បានសរសេរ​លិខិត​សុំ​អភ័យទោស និង​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

បើ​តាម​ព្រះរាជក្រឹត្យ​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​ ២៣ ខែ​ឧសភា ​ព្រះមហាក្សត្រ​កម្ពុជា​គឺ​ព្រះបាទ​សម្តេចព្រះ​បរមនាថនរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជ​ទានការ​លើក​លែង​ទោស​ទណ្ឌិត​ចំនួន​ ១៤ ​រូប ដែល​រួម​មាន​លោក គង់ សំអាន លោក ថៃ សុគន្ធា លោក ឡុង ផារី លោក ឃឹម ភាណា លោក សុខ ចាន់ថា លោក ពៀត ម៉ាប់ លោក កែវ ថៃ លោក​ ជុំ ចាន់ លោក ស៊ុន ធន់​ លោក ងិន ឃាន លោក យឹម សារ៉េត លោក ញ៉ែម វ៉ាន លោក ឃុត​ ច្រិក និង​លោក​ វឿន វាសនា។

អ្នកទាំង​ ១៤ នាក់​នោះ គឺ​ជា​អតីត​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅថ្នាក់​ខេត្ត​ និង​រាជធានី​ភ្នំពេញ ហើយ​ការ​លើក​លែង​ទោស​របស់​ពួកគេធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន។

មុន​ពេលទទួលបាន​ការ​លើក​លែង​ទោស​នោះ​ អតីតសមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខាង​លើ​នេះ​ បាន​សរសេរ​លិខិត​ម្នាក់​មួយ​ច្បាប់​ដោយ​សុំ​ទោស ​និង​សុំ​កិច្ចអន្តរាគមន៍លើក​លែង​ទោសពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

ក្នុង​ចំណោម​អតីត​សកម្មជន​នយោបាយ​ជំទាស់​ជាង​ ១០ នាក់​នោះ​មាន​លោក កែវ ថៃ​ អតីត​ប្រធានគណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ឆ្នាំង និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូនលោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ឱ្យ​ជួយ​អន្តរាគមន៍​លើក​លែង​ទោស។

លោក កែវ ថៃ​ បាន​សរសេរក្នុង​លិខិតមួយ​ចុះថ្ងៃទី​ ១៨ ខែ​ឧសភាថា៖ «ខ្ញុំ​បាទ​មាន​កិត្តិយស​ស្នើសុំ​អភ័យទោស​ពី​សម្តេច​នាយក​រដ្ឋមន្ត្រីដល់រូប​ខ្ញុំ​បាន ពីព្រោះ​រយៈពេល​កន្លងមក​ ខ្ញុំបាទ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​ ហើយ​បាន​សន្ទនាគ្នា​តាម​ទូរសព្ទ​ ជា​ហេតុ​នាំ​ឱ្យ​មាន​កំហុស​ឆ្គង​ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​រាជ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់​សម្តេច ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់​វិស័យ។ ពលរដ្ឋ​គ្រប់រូប​រស់នៅ​យ៉ាង​សុខសាន្ត​ ក្រោម​ដំបូលសន្តិ​ភាព»។​

លោក​បាន​បន្ថែម​ថា​៖ «ខ្ញុំបាទ​សូម​គោរព​ស្នើសុំ​សម្តេច​មេត្តា​ជួយ​ធ្វើអន្តរាគមន៍​ លើក​លែង​ទោស​ឱ្យ​រូប​ខ្ញុំ​ ដោយ​ក្តី​អនុគ្រោះ ដើម្បី​បាន​ទៅ​រស់នៅ​ជា​ពលរដ្ឋ​សាមញ្ញ​ជាមួយ​គ្រួសារ។ ​សូម​សម្តេច​ទទួល​យក​នូវ​ការ​គោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​ពីខ្ញុំ​បាទ»។

អតីត​សកម្មជន​គណបក្ស​ជំទាស់ផ្សេង​ទៀត​ ដែល​ទើប​ត្រូវ​បានប្រោសព្រះរាជទាន​លើក​លែង​ទោស​ដោយ​ព្រះ​មហាក្សត្រ​ និងត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ដំណាល​គ្នា​នឹង​លោក​ កែវ ថៃ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​សរសរ​លិខិត​ស្រដៀង​គ្នា​នេះ​ ដើម្បី​ស្នើសុំការ​មេត្តា​ប្រណី​ពី​លោក ​ហ៊ុន​ សែន។

ការ​ដោះលែង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​នេះ​ កើត​មានឡើង​ បន្ទាប់​ពីក្រុម​គ្រួសារ​របស់​ពួកគេ ​បាន​សម្តែងនូវ​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាពទ្រុឌ​ទ្រោម​និង​បាន​ស្នើ​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់ ដើម្បី​ពួក​គេ​បាន​ទទួល​ការ​ព្យា​បាល​ជំងឺ​នៅក្រៅ​ពន្ធនាគារ។

លោក កែវ ថៃ ​អាយុ​ ៥៣ ឆ្នាំ ដែល​ទើប​ចេញ​ពី​មណ្ឌល​ឃុំឃាំង​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​ ដោយ​សារ​តែ​ជំងឺ​ប្រចាំ​កាយ​ បូក​រួម​វ័យ​ចំ​ណាស់ ទើប​ធ្វើឱ្យ​រូប​លោក​និង​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ​សម្រេច​ចិត្តសរសេរ​លិខិត​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដើម្បី​បាន​រួច​ពី​ការ​ដាក់​ទោស។

លោក​ថ្លែងថា៖ ​«មក​ដល់​ពេល​នេះ ​យើង​ត្រូវ​តែ​សម្រេច​ចិត្ត​ដាក់ពាក្យ​[សុំកិច្ច​អន្តរាគមន៍]​ ដោយ​សារតែមាន​ជំងឺ​ប្រចាំ​កាយ។ យើងនៅ​ពន្ធនាគារ​ យើង​មិន​មានថ្នាំចាក់​ណា​ទៅ​ព្យាបាល​ទាន់បាន​ទេ​»។

ចំណែក​លោក ជុំ បញ្ញា ​កូន​ប្រុស​របស់​លោក ជុំ ចាន់ លើក​ឡើង​ថា ការ​ដោះ​លែង​ឪពុកលោក​នេះគឺជា​រឿងល្អ ដែល​អាច​ធ្វើ​ឱ្យគ្រួសារ​បាន​ជួបជុំ​គ្នា​ឡើង​វិញ។

លោក​ប្រាប់វីអូអេ​ថា៖ «គ្រួសារ ​កាលណា​ពេល​បែកបាក់​ គឺ​ចង់​តែ​ជួប​ជុំវិញ​វិញ​ទេ​ វា​មិន​ចង់​មាន​ការ​បែក​បាក់​គ្រួសា​រ ​អ៊ីចឹង។ ហើយ​ណា​មួយ បារម្ភពី​សុខភាព​គាត់ខ្លាំង​មែន​ទែន ព្រោះ​មួយ​រយៈចុង​ក្រោយ​ហ្នឹង​ សង្កេត​ឃើញ​គាត់​ មើល​ទៅ​ពិបាក​ណាស់ ព្រោះ​អ៊ីវ៉ាន់​ ១០ គីឡូ ក៏គាត់​យួរ​លែង​រួចដែរ។ អ៊ីចឹង​ បន់​ឱ្យ​តែ​គាត់​បាន​មក​ផ្ទះ»។

​លោក ជុំ ចាន់ ​ជាប់ពន្ធនាគារ​នៅ​ខែ​មេសា ឆ្នាំ​ ២០២០​ ដែល​រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​ ៣ ​ឆ្នាំ​។ នេះ​បើ​តាម​លោក ជុំ បញ្ញា។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយពី​លោក នុត សវនា ​អ្នក​នាំពាក្យ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ តាម​ទូរសព្ទ​បាន​នៅ​ឡើយ​ទេនៅថ្ងៃពុធនេះ។

​អ្នក​វិភាគ​នយោ​បាយ​លោក មាស នី ​ថ្លែងថា ​ការ​ទទួល​បាន​សេរីភាព​របស់អតីត​សកម្ម​ជន​គណបក្ស​ប្រឆាំងពេល​នេះ គឺ​ជា​ភ័ព្វ​សំណាង​មួយ​របស់​ពួក​គេ​ និងជា​កាយវិការ​សប្បុ​រសធម៌​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ​បើទោះបីជា​សំណុំរឿង​របស់​ពួក​គេ​ត្រូវ​គេ​ដឹង​ថា​ មាន​ដើម​ចម​ចេញ​ពី​ការ​ធ្វើ​នយោបាយ​ជំទាស់។

លោកថ្លែង​ថា៖ «ការ​ដោះ​លែង​ឱ្យ​ពួក​គាត់​មាន​សេរីភាព​ឡើងវិញនេះ ​អាហ្នឹង​វាជា​សំណាង​មួយ​ធំណាស់​សម្រាប់​ពួក​គាត់ ហើយ​ជា​កាយ​វិការ​មនុស្ស​ធម៌​មួយ​ចុះ ​ទោះ​បី​ជា​យើង​ដឹង​ថា​ វាមាន​ទិដ្ឋភាព​នយោបាយ​បង្កប់​នៅ​ពី​ក្រោយ [ព្រោះ​]អានេះ​វា​ជា​រឿង​មួយ​ផ្សេង​ទៀ​ត»។

​គួរ​បញ្ជាក់​ថា ​អតីត​សកម្ម​ជន​ជាង​ ១០ ​នាក់​នេះ​ ត្រូវ​បាន​ឃុំខ្លួន​ក្នុង​អំឡុងឆ្នាំ​ ២០២០។ ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ «រួម​គំនិត​ក្បត់ និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់​ព័ន្ធ​ការ​ចូល​រួម​ក្នុង​ចលនា​សង្គ្រោះជាតិ និង​ពាក់​ព័ន្ធ​នឹង​ការ​គាំទ្រ​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​ លោក សម រង្ស៊ី។ ​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគាររយៈពេល ៥ ឆ្នាំ ​តែ​ត្រូវ​ជាប់​ទោស​តែ ​៣ ឆ្នាំ​និង ​៨ ខែ​ ហើយ​ទោស​សល់​ពី​នោះ​ត្រូវ​ព្យួរ៕

XS
SM
MD
LG