ជនប្រដាប់អាវុធមួយក្រុមបានសម្លាប់ជនស៊ីវិលយ៉ាងតិចណាស់ក៏២០នាក់ នៅក្នុងប្រទេសម៉ាលី នៅក្នុងការវាយប្រហារទៅលើភូមិមួយចំនួននៅជិតទីប្រជុំជន Gao ដែលនៅភាគខាងជើងប្រទេសនេះ កាលចុងសប្តាហ៍នេះ ខណៈពេលដែលគ្រាប់មីនមួយគ្រាប់ បានផ្ទុះសម្លាប់អ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិម្នាក់នៅក្នុងតំបន់ដែលមានបញ្ហានេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ភេរវករដែលជាឧក្រិដ្ឋជន កាលពីថ្ងៃសៅរ៍ បានសម្លាប់ជនស៊ីវិលយ៉ាងតិច២០នាក់ នៅក្នុងភូមិជាច្រើនក្នុងឃុំ Anchawadj នៅចម្ងាយជាងម្ភៃឬជាងសាមសិបគីឡូម៉ែត្រភាគខាងជើងទីប្រជុំជន Gao។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះ។
មន្ត្រីប៉ូលិសក្នុងស្រុកម្នាក់ បានបន្ទោសការវាយប្រហារនោះ ទៅលើក្រុមជីហាដ ដោយនិយាយថា អ្នកស្លាប់សរុបមានចំនួន២៤នាក់។ លោកបន្ថែមថា ការសម្លាប់នោះបានកើតមានឡើងនៅក្នុងតំបន់ Ebak នៅចម្ងាយប្រមាណ៣៥គីឡូម៉ែត្រខាងជើងតំបន់ Gao ដែលជាក្រុងសំខាន់មួយក្នុងតំបន់នេះ។
មន្ត្រីប៉ូលិសរូបនេះបានពណ៌នាពី«ភាពស្លន់ស្លោទូទៅ»នៅក្នុងតំបន់នោះ។
លោកបន្ថែមទៀតថា ស្ថានភាពនៅក្នុងឃុំ Anchawadj គួរឱ្យបារម្ភខ្លាំងណាស់។ ជនស៊ីវិលជាច្រើន កំពុងរត់គេចខ្លួនចេញពីតំបន់នោះ ដោយខ្លាចអំពើហិង្សាបន្ថែមទៀត។
អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសការសម្លាប់អ្នកថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមកពីប្រទេសហ្គីណេ។
អ្នកនាំពាក្យរងលោក Farhan Haq និយាយថា «ការវាយប្រហារលើកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម នៅក្រោមច្បាប់អន្តរជាតិ»។
មិនមានការបញ្ជាក់ថា ការវាយប្រហារនោះធ្វើឡើងដោយក្រុមជីហាដនោះទេ ប៉ុន្តែក្រុមអ្នកប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមអាល់ខៃដា ឬក្រុមរដ្ឋឥស្លាម កំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងតំបន់នេះ។
តំបន់នេះមានអំពើហិង្សាកើនឡើងនិងមានអស្ថិរភាពខ្លាំង ចាប់តាំងពីក្រុមឧទ្ទាមបំបែកខ្លួន Tuareg ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងរដ្ឋាភិបាលម៉ាលីក្នុងឆ្នាំ២០១២មក៕