នៅក្នុងការថ្លែងសុន្ទរកថាកាលពីពេលថ្មីៗនេះទៅកាន់សភាអឺរ៉ុបនៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង លោក Macron បានអំពាវនាវដល់សហភាពអឺរ៉ុបឲ្យមានការប្រឆាំងចំពោះការលេចឡើងនៃលទ្ធិប្រជានិយម។
លោក Macron និយាយថា៖ «ភាពមិនសេរីកំពុងតែមានការចាប់អារម្មណ៍ ហើយវាកំពុងតែកើនឡើងគ្រប់ពេលទាំងអស់»។
ការលើកឡើងរបស់លោក Macron បានធ្វើឡើងបន្ទាប់ពីក្រុមប្រជានិយមដែលប្រឆាំងនឹងសហភាពអឺរ៉ុប បានឈ្នះការបោះឆ្នោតនៅក្នុងប្រទេសហុងគ្រី និងអ៊ីតាលី និងស្របពេលដែលសហភាពអឺរ៉ុបប្រឈមជាមួយនឹងរដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសប៉ូឡូញអំពីបញ្ហានីតិរដ្ឋ។
លោក Marcon បានថ្លែងថា៖ «ខ្ញុំច្រានចោលគំនិតដែលកំពុងតែរីករាលដាលនៅទ្វីបអឺរ៉ុបនេះ ដែលគំនិតនេះគឺថា ប្រជាធិបតេយ្យអាចត្រូវបានគេថ្កោលទោសថាគ្មានអំណាច។ នៅចំពេលដែលមានភាពផ្ដាច់ការកើតឡើងគ្រប់កន្លែងទាំងអស់នៅជុំវិញពួកយើង ការឆ្លើយតបរបស់យើង គឺមិនមែនលទ្ធិប្រជាធិបតេយ្យបែបផ្តាច់ការនោះទេ ប៉ុន្តែគឺអំណាចប្រជាធិតេយ្យ»។
ប្រទេសជាច្រើននៅផ្នែកទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិច កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់បំផុតអំពីគ្រោះថ្នាក់នៃ «លទ្ធិប្រជាធិបតេយ្យមិនសេរី» និង «លទ្ធិអត្តាធិបតេយ្យ (លទ្ធិផ្ដាច់ការ)» ជាពិសេសនៅតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត។ ប្រទេសទាំងនោះក៏កំពុងពិចារណាផងដែរលើអ្វីដែលនឹងអាចកើតឡើងនាពេលអនាគតនៅក្នុងទ្វីបអឺរ៉ុប។
តើវាជាលទ្ធិប្រជាធិបតេយ្យមិនសេរី ឬជាលទ្ធិប្រជានិយម?
ថ្លែងនៅពីមុខទស្សនិកជនដែលជាអ្នកជំនាញផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS អតីតរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radek Sikorski បានថ្លែងប្រឆាំងនឹងទស្សនៈរបស់នាយករដ្ឋមន្ត្រីប្រជានិយមហុងគ្រីលោក Viktor Orban ថា ប្រទេសប្រជាធិតេយ្យ «គឺមិនចាំបាច់ត្រូវតែសេរី» នោះទេ។
លោក Sikorski និយាយថា ទោះបីជាការពិតអាចមានប្រទេសប្រជាធិបតេយ្យមួយចំនួនដែលអ្នកមិនមានទស្សនៈសេរីនិយមឈ្នះការបោះឆ្នោតក៏ដោយ ក៏យើងឃើញថា អ្នកប្រជានិយមត្រូវបានគេទទួលស្គាល់មួយបែបផ្សេងពីនេះផងដែរ។
លោក Sikorski និយាយថា៖ «ដើម្បីឈ្នះ ក្រុមអ្នកប្រជានិយមដំបូងត្រូវផ្ដោតលើអ្វីដែលមានប្រជាប្រិយ ហើយពួកគេបានធ្វើដូច្នេះ។ ពួកគេផ្ដោតលើបញ្ហាដែលសាធារណជនចាប់អារម្មណ៍ខ្លាំងនៅក្នុងទ្វីបអឺរ៉ុបទាំងមូល ដូចជាបញ្ហាទេសន្តរប្រវេសន៍ជាដើម»។
លោក Orban ដែលគណបក្ស Fidesz របស់លោក និងសម្ព័ន្ធមិត្តនៃគណបក្សនេះបានឈ្នះការបោះឆ្នោតយ៉ាងងាយស្រួលកាលពីខែមេសា បាននិយាយថា លទ្ធផលនេះបានផ្តល់ឲ្យលោកនូវ «អំណាចដ៏ខ្លាំងក្លាមួយ» នៅក្នុងការដាក់កំហិតចំពោះសិទ្ធិចំណាកស្រុក និងជំរុញឲ្យមាននូវសហភាពអឺរ៉ុបនៃបណ្ដាប្រទេសឯករាជ្យនានា ជាជាង «សហរដ្ឋអឺរ៉ុប»។
លោក Charles Gati សាស្ត្រាចារ្យផ្នែកការសិក្សាកិច្ចការទ្វីបអឺរ៉ុប និងតំបន់អាស៊ីអឺរ៉ុប នៃមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់នៃសាកលវិទ្យាល័យ Johns Hopkins នៅក្នុងរដ្ឋ Maryland បាននិយាយថា ជាទូទៅ បណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើត និងតំបន់អឺរ៉ុបកណ្ដាល ដែលត្រូវបានដាក់បញ្ចូលក្នុងសហភាពអឺរ៉ុបកំពុងដើរនៅលើផ្លូវត្រូវ។
ប៉ុន្តែ លោកបានបន្ថែមថា៖ «លទ្ធិប្រជាធិបតេយ្យដែលធ្លាក់ចុះទៅក្នុងភាពអាក្រក់» គឺមិនមែនជាពាក្យត្រឹមត្រូវដើម្បីរៀបរាប់អំពីអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសប៉ូឡូញ និងប្រទេសហុងគ្រីនាពេលបច្ចុប្បន្ននេះនោះទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសទាំងពីរអាចជាប្រទេសដែលមានរបបផ្ដាច់ការ ឬអាចជាប្រទេសដែលមានរបបពាក់កណ្ដាលផ្ដាច់ការ ដែលរក្សានូវរូបភាពនៃដំណើរការប្រជាធិបតេយ្យ»។
អ្នកស្រី Heather Conley គឺជាអនុប្រធានជាន់ខ្ពស់នៃមជ្ឈមណ្ឌល CSIS ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន។ អ្នកស្រីបាននិយាយថា មានកត្តាជាច្រើនដែលអាចបណ្ដាលឲ្យនិន្នាការបច្ចុប្បន្ននៅទ្វីបអឺរ៉ុបកើតឡើង។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «គណបក្សប្រឆាំងដែលចុះខ្សោយ និងគោលនយោបាយ ក៏ដូចជារចនាសម្ព័ន្ធនានាដែលធ្វើឲ្យការប្រឆាំងទាំងនោះធ្លាក់ចុះ ឬចុះខ្សោយ គឺជាកត្តាដែលធ្វើឲ្យនិន្នាការបច្ចុប្បន្នឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យមិនសេរី»។
តើវាជានិន្នាការដែលកើតឡើងតែនៅអឺរ៉ុបកណ្ដាល ឬក៏ជានិន្នាការនៅទូទាំងសាកលលោក?
លោក Sikorski បានព្រមាននឹងការហៅថាជានិន្នាការនៅក្នុងតំបន់ នៅពេលដែលនិយាយពីនិន្នាការប្រជានិយម ឬក៏និន្នាការលទ្ធិប្រជាធិបតេយ្យមិនសេរី។
លោកបាននិយាយថា៖ «នេះមិនមែនជាបាតុភូតនៅអឺរ៉ុបកណ្ដាលនោះទេ។ នេះគឺជាបាតុភូតនៅទូទាំងប្រទេសលោកខាងលិចទាំងមូល»។
នៅក្នុងលេខចុងក្រោយរបស់ខ្លួនដែលមានចំណងជើងថា «តើលទ្ធិប្រជាធិបតេយ្យកំពុងដាំក្បាលចុះក្រោមមែនទេ? សេចក្ដីរាយការណ៍ជាសាកល» ទស្សនាវដ្តីកិច្ចការបរទេស (Foreign Affairs) បានវិភាគថា បញ្ហានេះមិនត្រឹមតែកើតឡើងនៅទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសផ្សេងៗទៀតផងដែរ។
បើយោងតាមទស្សនាវដ្ដីនេះ «អ្នកខ្លះនិយាយថា លទ្ធិប្រជាធិបតេយ្យសាកលលោកកំពុងដើរថយក្រោយយ៉ាងអាក្រក់បំផុត ចាប់តាំងពីទសវត្សរ៍ ១៩៣០ មក ហើយវានឹងបន្តដើរថយក្រោយជាបន្តទៀត ប្រសិនបើប្រទេសអ្នកមានមិនបានរកវិធីដើម្បីកាត់បន្ថយភាពមិនស្មើគ្នា និងដើម្បីគ្រប់គ្រងបដិវត្តន៍ព័ត៌មាននោះទេ»។
លោក David Frum ដែលជានិពន្ធជាន់ខ្ពស់មួយរូបនៃទស្សនាវដ្ដី The Atlantic យល់ឃើញថា គេគួរតែមើលឃើញលទ្ធិប្រជាធិបតេយ្យ «ជាកុងតាក់សម្រាប់តម្លើងនិងបន្ថយភ្លើងទៅវិញ ជាជាងកុងតាក់សម្រាប់បិទបើកភ្លើង គឺមិនមែនសម្រាប់បើក ឬក៏បិទទេ ប៉ុន្តែសម្រាប់ធ្វើឲ្យភ្លឺជាងមុន ឬងងឹតជាងមុនតែប៉ុណ្ណោះ»។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើក្នុងទិសដៅមួយ វាអាចទៅរួចក្នុងការឈានទៅរកលទ្ធិប្រជាធិបតេយ្យសេរីជាងមុន នោះវាក៏អាចទៅរួចផងដែរក្នុងការឈានទៅរកលទ្ធិប្រជាធិបតេយ្យមិនសូវសេរីជាងមុខ ដោយមិនចាំបាច់ឆ្លងកាត់ការផ្ដួលរំលំរដ្ឋទាំងស្រុងរបស់អ្នកនោះទេ»។
លោកSikorski បានថ្លែងថា លោកមានការព្រួយបារម្ភថា និន្នាការប្រជាធិបតេយ្យមិនសេរីនៅក្នុងអតីតប្រទេសកុម្មុយនិស្តនានា អាចនឹងមានផលប៉ះពាល់ធំជាងនេះ។
«យើងមានគំនិតគិតឡើងវិញមួយ អំពីតំបន់ដែលកំពុងត្រូវបានគេកប់ចោល ហើយយើងបានរួមចំណែកនៅក្នុងការធ្លាក់ចុះនៃឆន្ទៈរបស់បណ្ដាប្រទេសនៅតំបន់អឺរ៉ុបខាងលិចនៅក្នុងការពិចារណាអំពីការពង្រីកលទ្ធិប្រជាធិបតេយ្យនៅតំបន់អឺរ៉ុបខាងកើតឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត»។
តើនិន្នាការនេះអាចកែប្រែបញ្ច្រាសមកវិញបានទេ?
នៅក្នុងលិខិតចំហមួយសរសេរទៅកាន់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អ្នកសិក្សាស្រាវជ្រាវ អ្នកនិពន្ធ និងសកម្មជននានា បានរិះគន់លោកស្រីចំពោះការមិនក្រោកឈរប្រឆាំងនឹងការវាយប្រហាររបស់លោក Orban ទៅលើលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហុងគ្រី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Sikorski បាននិយាយថា សហភាពអឺរ៉ុបមិនអាចធ្វើអ្វីបានច្រើននោះទេ ពីព្រោះសហព័ន្ធទាំងមូលឈរលើគំនិតនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័ននានានៅក្នុងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗ។
លោក Sikorski បានថ្លែងថា៖ «ប្រសិនបើយន្តការនៃការជឿទុកចិត្តគ្នានេះមានការបែកបាក់ នោះផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សហភាពអឺរ៉ុបទាំងមូល»។
សហភាពអឺរ៉ុបប្រហែលជាអាចមានឥទ្ធិពលសំខាន់។ ថវិកាក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ បានផ្ដល់ឲ្យប្រទេសប៉ូឡូញចំនួនជិត ១ ភាគ ៥ នៃមូលនិធិរួមគ្នារបស់សហភាពអឺរ៉ុប។ ដូច្នេះ ស្ថិតនៅក្នុងសម្ពាធនៃការផ្លាស់ប្ដូរដ៏ចម្រូងចម្រាសនៃប្រព័ន្ធច្បាប់ ដែលអ្នករិះគន់និយាយថាបានធ្វើឲ្យចៅក្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច នោះការធ្វើវិសោធនកម្មត្រូវបានដាក់ជូនទៅរដ្ឋសភាដើម្បីដកការកែប្រែមួយចំនួនចេញ។
លោក Gati និយាយថា ផ្លូវដែលអាចទប់ទល់នឹងប្រជាធិបតេយ្យមិនសេរីនៅហុងគ្រីបាន គឺតាមរយៈការបោះឆ្នោត។
លោក Gati បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាវាអាចទៅរួចដែលថា នៅឆ្នាំក្រោយនេះនៅពេលដែលមានការបោះឆ្នោតជ្រើសរើសអភិបាលក្រុង នោះទីក្រុងប៊ុយដាប៉ែសនឹងធ្លាក់ទៅលើបក្សប្រឆាំងជាអ្នកកាន់កាប់»។
លោក Frum បានបញ្ជាក់ថា វាពិតជាសំខាន់ណាស់ដែលយើងមិនត្រូវចាត់ទុកថាមានភាពមិនធម្មតាកើតឡើងនៅតំបន់អឺរ៉ុបកណ្ដាល និងតំបន់អឺរ៉ុបខាងលិចនោះទេ។
លោក Frum បាននិយាយយ៉ាងដូច្នេះថា៖ «ឧទាហរណ៍មានជំងឺផ្ដាសាយកើតឡើងនៅក្នុងតំបន់រស់នៅមួយកន្លែង។ អ្នកខ្លះឆ្លងជំងឺនេះធ្ងន់ធ្ងរជាងអ្នកផ្សេងទៀត ហើយអ្នកខ្លះទៀតមានប្រព័ន្ធការពារខ្សោយជាងអ្នកដទៃទៀត ប៉ុន្តែយើងត្រូវយល់ថា វាគឺជាជំងឺផ្ដាសាយប្រភេទតែមួយដែលយើងទាំងអស់គ្នាបានឆ្លង»។
ថាតើនេះគឺជាជំងឺផ្ដាសាយ ឬក៏ជាជំងឺរាតត្បាតនោះគឺមិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់ពិតប្រាកដនោះគឺថាគ្មានវេជ្ជបញ្ជាច្បាស់លាស់ណាមួយសម្រាប់ជំងឺនេះទេ៕
ប្រែសម្រួលដោយ នៀម ឆេង