រហូតមកដល់ពាក់កណ្តាលខែមេសាឆ្នាំនេះ ទិន្ន័យបានបង្ហាញថា ជនចំណាកស្រុក និងជនភៀសខ្លួន ចំនួន ១៨.៥៧៥ បានទៅដល់ប្រទេសអ៊ីតាលី ក្រិក ស៊ីប និងប្រទេសអេស្ប៉ាញ ដោយឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដែលហៅកាត់ថា IOM បានឲ្យដឹងថា ចំនួនខាងលើនេះ គឺតិចជាងពាក់កណ្តាលនៃចំនួនឆ្នាំមុន។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ ការធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយធ្លាក់ចុះចំនួន៩ភាគរយពីចំនួនអ្នកទៅដល់តំបន់អ៊ឺរ៉ុបនៅឆ្នាំ២០១៦ ដែលនៅឆ្នាំនោះមានលើសពី ២០០.០០០នាក់។
អ្នកនាំពាក្យរបស់អង្គការ IOM លោក Joel Millman បានថ្លែងថា ការធ្លាក់ចុះនេះ អាចមកពីមានការផ្លាស់ប្តូរផ្លូវនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ដែលភ្ជាប់តំបន់អាហ្រ្វិក និងប្រទេសអ៊ីតាលី។ លោក Joel Millman បានថ្លែងទៀតថា ការណ៍ដែលពលរដ្ឋអាហ្វិ្រកប្រហែលជា ២៥.០០០នាក់ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសលីប៊ី ហើយនឹងការបង្កើនសកម្មភាពរបស់ឆ្មាំសមុទ្រលីប៊ី អាចទំនងជាមូលហេតុនាំឲ្យមានការធ្លាក់ចុះចំនួនជនចំណាកស្រុកឆ្លងកាត់ទៅប្រទេសអ៊ីតាលីផងដែរ។
«ការបញ្ជូនខ្លួនទៅឆ្នេរសមុទ្រវិញដោយឆ្មាំសមុទ្រ ឥឡូវនេះមានចំនួនជិត ៣.៥០០នាក់ ហើយនៅឆ្នាំនេះ។ យើងគិតថា នេះក៏ជាមូលហេតុដែលនាំឲ្យមានការធ្លាក់ចុះនៃចំនួនជនធ្វើមាតុភូមិនិវត្តន៍តាមយន្តហោះផងដែរ។ យើងគិតថា ពួកគេទ្រាំ ដែលជួនកាលមានរយៈពេលជាច្រើនខែនៅក្នុងស្ថានភាពដ៏លំបាកលំបិនក្នុងមណ្ឌលឃុំខ្លួនក្រៅផ្លូវការ ឬ អ្នកខ្លះមានវាសនាល្អជាងនេះ ដោយត្រូវបានឆ្មាំសមុទ្រជួយសង្គ្រោះ ដូច្នេះអ្នកទាំងនោះ ងាយនឹងធ្វើមាតុភូមិនិវត្តន៍។ ដូច្នេះ ប្រហែលជារឿងទាំងពីរនេះ បានកើតឡើង។ មិនថា យ៉ាងណាទេ គឺចំនួនបានធ្លាក់ចុះ»។
លោក Millman បានថ្លែងថា ចំពោះចំនួនអ្នកស្លាប់វិញ ក៏បានធ្លាក់ចុះដែរ។ លោកបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ត្រូវបានកត់ត្រាថា មានចំនួន៥៣នាក់ នៅក្នុងខែមេសានេះ ដែលកាលពីខែមេសានេះដែរកាលពី៣ឆ្នាំមុន មានមនុស្សស្លាប់ចំនួន ១.២២២នាក់។
លោក Millman បានថ្លែងបន្តថា គ្រាដែលមនុស្សស្លាប់ចំនួន៥៣នាក់នោះ ជារឿងសោកនាដកម្មក៏ពិតមែន ក៏ប៉ុន្តែ នេះជាចំនួនតិច ដែលគួរឲ្យកត់សម្គាល់ សម្រាប់ដើមរដូវផ្លាស់ប្តូរទីលំនៅដ៏មមាញឹក។
លោកនិយាយថា អង្គការ IOM សង្ឃឹមថានេះគឺជាការចាប់ផ្តើមនៃរឿងវិជ្ជមានមួយហើយថា បញ្ហានេះនឹងរលាយបាត់៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់