១២ឆ្នាំបន្ទាប់ពីក្លាយជាអ្នកនយោបាយដ៏មានអំណាចបំផុតរបស់អឺរ៉ុបមក អំណាចខាងនយោបាយរបស់លោកស្រី Angela Merkel ទំនងជាចុះថយបន្ទាប់ពីការចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Greens និងគណបក្សប្រជាធិបតេយ្យសេរីបានទទួលបរាជ័យ។ លោកស្រីអធិការបតី Angela Merkel បានមានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើអ្វីៗដែលអាចធ្វើបានក្នុងឋានៈជាអធិការបតីអន្តរកាលដើម្បីធ្វើឲ្យប្រាកដថា ប្រទេសនេះនឹងត្រូវបានដឹកនាំយ៉ាងល្អក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដ៏លំបាកនេះ»។
ដូច្នេះតើមានអ្វីកើតឡើងបន្ទាប់? គណបក្សប្រជាធិបតេយ្យ Christian របស់លោកស្រី Merkel ប្រហែលដោះស្រាយជាមួយដៃគូដឹកនាំរដ្ឋាភិបាលកាលពីពេលមុនរបស់ខ្លួនគឺគណបក្សប្រជាធិបតេយ្យសង្គម។ ក៏ប៉ុន្តែ រហូតមកទល់ពេល ពួកគេបានច្រានចោលការបង្កើតរដ្ឋាភិបាលចម្រុះដ៏ធំមួយទៀត។ លោកស្រី Merkel បានប្រាប់ស្ថានីយទូរទស្សន៍អាល្លឺម៉ង់ថា លោកស្រីចូលចិត្តការបោះឆ្នោតថ្មីមួយដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគតិចមួយ។ លោក Leopold Traugott នៃអង្គការ Open Europe បាននិយាយថា៖ «មិនដែលមានរដ្ឋាភិបាលសំឡេងភាគតិចនៅក្នុងប្រទេសអាល្លឺម៉ង់ក្រោយសង្គ្រាមទេ។ ការណ៍នេះអាចធ្វើទៅបានគឺ គណបក្សសហភាពប្រជាធិបតេយ្យ Christian ឬ (CDU) អាចធ្វើទៅបាន គណបក្សប្រជាធិបតេយ្យសេរីបាននិយាយកាលពីព្រឹកមញហើយថា ពួកគេនឹងគាំទ្រក្នុងករណីបង្កើតរដ្ឋាភិបាលតាមរបៀបនេះ។ ដូច្នេះ ខ្ញុំគិតថា ការណ៍នេះអាចធ្វើទៅបាន។ សំណួរគឺថា តើលោកស្រីអធិការបតី Merkel ចង់បង្កើតរដ្ឋាភិបាលរបៀបនេះដែរ ឬទេ?»។
លោកស្រី Merkel មានប្រសាសន៍ថា លោកស្រីនឹងឈរឈ្មោះជាអធិការបតីម្តងទៀត ប្រសិនបើមានការបោះឆ្នោតថ្មី។ ក៏ប៉ុន្តែ ការណ៍នេះអាចនាំឲ្យខូចប្រយោជន៍។ គណបក្ស AFD ដែលជាគណបក្សស្តាំនិយមប្រឆាំងជនអន្តោ ប្រវេសន៍បានទទួលសំឡេងឆ្នោតជិត១៣ភាគរយនៅខែកញ្ញា។ ពួកគេគិតថាបានទទួលការគាំទ្រកើនឡើងយ៉ាងខ្លាំង។ លោក Julian Gopffarth នៃសាលាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយក្រុងឡុងដ៍ (London School of Economics and Political Science) បាននិយាយថា៖ «ការណ៍នេះប្រហែលថា គណបក្ស AFD ដែលជាគណបក្សស្តាំនិយមប្រឆាំងជនអន្តោប្រវេសន៍នឹងកាន់តែខ្លាំងឡើងហើយតាមការពិតវានឹងធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងដើម្បីបង្កើតរដ្ឋាភិបាល»។ ប្រទេសអាល្លឺម៉ង់បានទទួលយកអ្នកសុំសិទ្ធិជ្រកកោនជាង១លាននាក់នៅពេលដែលមានវិបត្តិជនចំណាកស្រុកយ៉ាងខ្លាំងនៅតំបន់អឺរ៉ុបនៅឆ្នាំ២០១៥ ជាបញ្ហាមួយដែលបន្តធ្វើឲ្យមានបញ្ហាដល់ការបោះឆ្នោតដល់លោកស្រី Merkel។ មានសេចក្តីរាយការណ៍ថា ការចរចាបង្កើតរដ្ឋាភិបាលចម្រុះបានទទួលបរាជ័យមួយផ្នែកដោយសារសិទ្ធិរបស់ជនចំណាកស្រុកនាំសមាជិកក្រុមគ្រួសារមកកាន់ប្រទេសអាល្លឺម៉ង់។ លោក Julian Gopffarth នៃសាលាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយក្រុងឡុងដ៍បាននិយាយទៀតថា៖ «បញ្ហាជនចំណាកស្រុកនឹងនៅតែជាបញ្ហាដ៏សំខាន់មួយនៅថ្ងៃអនាគតពីព្រោះតែបញ្ហាជនចំណាកស្រុកនេះនឹងមិនរលាយបាត់ទៅណាទេ។ ហើយលោកស្រីអធិការបតីនិងអ្នកស្នងតំណែងរបស់លោកស្រីនឹងត្រូវដោះស្រាយបញ្ហានេះដែរ»។
ការជាប់គាំងនឹងមានភាពស្មុគ្រស្មាញកាន់តែខ្លាំង។ លោក Leopold Traugott នៃអង្គការ Open Europe និយាយទៀតថា៖ «ប្រទេសអាល្លឺម៉ង់សម្រាប់រយៈពេល៣ឬ៤ខែបន្ទាប់ទៀតនឹងគិតតែពីផលប្រយោជន៍ខ្លួនឯងកាន់តែខ្លាំងឡើង។ គេនឹងត្រូវដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេស ស្វែងរកបង្កើតរដ្ឋាភិបាលចម្រុះហើយនិងមិនអាចធ្វើអន្តរាគមន៍ខាងនយោបាយដូចជាកិច្ចការនៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបហៅថា BREXIT ឬការធ្វើកំណែទម្រង់តំបន់អឺរ៉ុបរហូតដល់បញ្ហាផ្សេងៗទៀត»។
លោក Emmanuel Macron ប្រធានាធិបតីនៃប្រទេសបារាំងដែលបានសង្ឃឹមធ្វើយុទ្ធនាការកំណែទម្រង់សហភាពអឺរ៉ុបជាមួយលោកស្រីអធិការបតី Merkelបានសម្តែងនូវក្តីកង្វល់អំពីការជាប់គាំងខាងនយោបាយរបស់អាល្លឺម៉ង់។ ពួកអ្នកវិភាគនិយាយថា ការណ៍នេះជាផ្នែកមួយនៃគំរូដែលត្រូវបង្កើត។ លោក Julian Gopffarthនៃសាលាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយក្រុងឡុងដ៍បាននិយាយទៀតថា៖ «ជាគោលការណ៍អាល្លឺម៉ង់ជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏ខ្លាំងតាមគោលការណ៍ប្រជាធិបតេយ្យតាមបែបប្រទេសលោកខាងលិចដែលមានគណបក្សតូចៗជាច្រើន ដែលប្រទេសនេះមានអស្ថិរភាពកាន់តែខ្លាំងឡើង»។ខណៈដែលលោកស្រី Angela Merkel នៅតែជាអធិការបតីអន្តរកាលរបស់ប្រទេសអាល្លឺម៉ង់ លោកស្រីកំពុងខិតខំស្វែងរកមធ្យោបាយមួយឆ្ពោះទៅមុខមួយដូចជាអឺរ៉ុបស្វះស្វែងរកមេដឹកនាំដ៏ខ្លាំងមួយដើម្បីចេញពីវិបត្តិមួយកាលពីពេលថ្មីៗនេះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន