ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សមាជិក​សភា​រុស្សី​និយាយ​ថា​ស្ថាប័ន​សារព័ត៌មាន​របស់​អាមេរិក​ចំនួន​៩ អាច​ត្រូវ​បង្ខំ​ឲ្យ​ចុះឈ្មោះ​ជា ​«‍ភ្នាក់ងារ​បរទេស»


ស្លាកសញ្ញា​របស់​ប៉ុស្តិ៍ទូរទស្សន៍​រុស្ស៊ី RT ត្រូវ​បានគេឃើនៅខាងក្រៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​២៧ តុលា ២០១៧៕រុ
ស្លាកសញ្ញា​របស់​ប៉ុស្តិ៍ទូរទស្សន៍​រុស្ស៊ី RT ត្រូវ​បានគេឃើនៅខាងក្រៅ​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​២៧ តុលា ២០១៧៕រុ

ប្រទេស​រុស្សី បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​ព្រមាន​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៩ ដែលឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក​ថា ស្ថាប័ន​សារព័ត៌មាន​ទាំង​នេះ ប្រហែល​ជា​នឹង​ត្រូវ​បាន​កំណត់​ថា​ជា​ «‍ភ្នាក់ងារ​បរទេស» ក្រោម​បញ្ញត្តិ​ថ្មី​មួយ ជា​ការសងសឹក​ចំពោះ​ការ​ទាមទារ​របស់​អាមេរិក ដែល​តម្រូវ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ RT ដែល​រដ្ឋាភិបាល​រុស្សី​ជា​អ្នក​ឧបត្ថម្ភ ចុះ​ឈ្មោះ​ជា ​«‍ភ្នាក់ងារ​បរទេស» ក្នុង​សហរដ្ឋ​អាមេរិក។

ក្រសួង​យុត្តិធម៌​រុស្សី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​ជូន​ដំណឹង​ដល់​ស្ថាប័ន​សារព័ត៌មាន VOA វិទ្យុ​អឺរ៉ុប​សេរី​ឬ​វិទ្យុ​សេរីភាព (Radio Free Europe/Radio Liberty) ​និង​ស្ថាប័ន​សារព័ត៌មាន​ថ្នាក់​តំបន់​ចំនួន​៧​ទៀត ដែលសកម្ម​ក្នុង​ប្រទេស​រុស្សី ​ថា ស្ថាប័ន​ទាំង​៩​នេះ អាច​រងផលប៉ះពាល់។

ក្រសួង​យុត្តិធម៌​រុស្សី ក៏​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ស្ថាប័ន​ទាំង​នេះ នៅលើ​គេហទំព័រ​របស់​ខ្លួន​ផងដែរ រួម​ទាំង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​និយាយ​ថា ការ​ផ្លាស់ប្តូរ​នេះ ទំនង​អាច​ក្លាយ​ទៅ​ជា​ច្បាប់​«ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ‍»។

រដ្ឋសភា​រុស្សី បាន​អនុម័ត​វិសោធនកម្ម​ច្បាប់ថ្មី​នេះ​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ពង្រីក​វិសាលភាព​ច្បាប់​ឆ្នាំ​២០១២ ដែល​តម្រង់​គោលដៅ​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​បញ្ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បន្ថែម​ទៀត​ទៅ​ក្នុង​ច្បាប់​នេះ។

ការ​ប្រកាស​ថា​ជា​ភ្នាក់ងារ​បរទេស​នេះ នឹង​តម្រូវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ទាំង​អស់ បង្ហាញ​ជា​ប្រចាំ​ពី​គោលបំណង​របស់​ពួកគេ សេចក្ដី​ពិស្ដារ​ទាំង​ស្រុង​នៃ​ប្រភព​ថវិកា​និង​ចំនួន​បុគ្គលិក​ជាដើម។

ស្ថាប័ន​សារព័ត៌មាន​ទាំង​៩​នេះ ក៏​អាច​នឹង​តម្រូវ​ឲ្យ​ដាក់​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​និង​គេហទំព័រ​របស់​ស្ថាប័ន​ទាំង​អស់​នេះ​ផ្ទាល់​ ដោយ​ឲ្យ​គេ​មើល​ឃើញ​ក្នុង​ប្រទេស​រុស្សី​ថា ស្ថាប័ន​ទាំង​នេះ​ គឺ​ជា​«ភ្នាក់ងារ​បរទេស»។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​រាំង​ខ្ទប់​គេហទំព័រ​ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​តុលាការ ប្រសិន​បើ​រដ្ឋាភិបាល​រុស្សី​យល់​ថា គេហទំព័រ​ទាំង​នោះ មិន​ល្អ។

នាយិកា ​VOA គឺ​លោកស្រី Amanda Bennett បាន​មាន​ប្រសាសន៍​ថា​៖ «‍នៅ​ពេល​នេះ យើង​មិន​អាច​និយាយ​ថា​តើ​ការ​តម្រូវ​នេះ នឹង​មាន​ផល​ប៉ះពាល់​បែប​ណា​ទៅលើ​ប្រតិបត្តិ​រាយការណ៍​ព័ត៌មាន​របស់​យើង​នៅ​ក្នុង​ប្រទេស​រុស្សី​នោះ​ទេ។»

លោកស្រី​នាយិកា​បន្ត​ថា «‍អ្វី​ដែល​យើង​អាច​និយាយ​បាន​គឺ​ថា ​តាម​ច្បាប់ VOA សំឡេង​សហរដ្ឋ​អាមេរិក​គឺ​ជា​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ ឥត​លម្អៀង​និង​ផ្នែក​លើ​ការពិត ហើយ​យើង​នឹង​នៅ​តែ​ប្ដេជ្ញា​រក្សា​គោលការណ៍​ទាំង​នេះ​ដដែល»៕

XS
SM
MD
LG