ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប​របស់​មេដឹកនាំ​អារ៉ាប់​ដើម្បី​ទប់ទល់​ផែនការ​​លោក​ប្រធានាធិបតី Trump ចំពោះ តំបន់​ហ្កាហ្សា


លោកប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មកធ្វើសន្និសីទសារព័ត៌មាននៅបន្ទប់ East Room នៃសេតវិមាន កាលពីថ្ងៃអង្គារទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu មកធ្វើសន្និសីទសារព័ត៌មាននៅបន្ទប់ East Room នៃសេតវិមាន កាលពីថ្ងៃអង្គារទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ពួក​មេដឹកនាំ​អារ៉ាប់ នឹង​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ទប់ទល់​ផែនការ​របស់​ប្រធានាធិបតី​លោក Donald Trump សម្រាប់​សហរដ្ឋ​អាមេរិកត្រួតត្រា​តំបន់​ហ្កាហ្សា​ហើយ​និង​ការបណ្តេញ​ប្រជាពលរដ្ឋ​របស់តំបន់​នោះ។ នេះ​បើ​តាម​ប្រភព​អ្នក​ការទូត​និង​រដ្ឋាភិបាល​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ផែនការ​នេះ​បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​អារ៉ាប់​រួបរួម​ប្រឆាំង ក៏ប៉ុន្តែ ការខ្វែង​គំនិត​នៅ​តែ​មាន​អំពី​តើ​នរណា​ត្រូវ​គ្រប់គ្រង​ដែនដី​ប៉ាឡេស្ទីន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ហើយ​នឹង​ថា​តើ​ត្រូវ​ផ្តល់​ថវិកា​សម្រាប់​ស្ថាបនា​តំបន់​នោះ​ឡើង​វិញ​យ៉ាង​ដូចម្តេច។

លោក Umer Karim ជា​អ្នក​ជំនាញ​គោលនយោបាយ​ការបរទេស​អារ៉ាប់ប៊ី​សាអូឌីត​បាន​ហៅ​សន្និសីទ​កំពូល​នេះ​ថា​ជា​«បញ្ហា​សំខាន់​បំផុត»ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ​សម្រាប់​ពិភព​អារ៉ាប់និង​បញ្ហា​ប៉ាឡេស្ទីន។

លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ឱ្យ​មាន​កំហឹង​ក្រេវក្រោធ​នៅពេល​ដែល​លោក​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក«កាន់កាប់​តំបន់​ហ្កាហ្សា»​ហើយ​ថា​ប្រជាពលរដ្ឋ២លាន៤សែន​នាក់​នៅ​ក្នុង​តំបន់​នោះ​នឹង​ត្រូវ​តាំង​ទីលំនៅ​កន្លែង​ថ្មី​ក្នុង​ប្រទេស​អេហ្ស៊ីប​និង​ហ្សកដានី​ដែល​ជា​ប្រទេស​ជិត​ខាង។

ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​អារ៉ាប់ប៊ី​សាអូឌីត​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​ពួក​មេដឹកនាំ​អារ៉ាប់ នឹង​ពិភាក្សា«ផែនការ​ស្ថាបនា​ឡើង​វិញ​ដើម្បី​ទប់ទល់​នឹង​ផែនការ​របស់​លោក​ប្រធានាធិបតី Trump សម្រាប់​តំបន់​ហ្កាហ្សា»។

ជំនួប​ជាមួយ​លោក​ប្រធានាធិបតី Trump នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ព្រះមហា​ក្សត្រ Abdullah II នៃ​ប្រទេស​ហ្សកដានី​បាន​មាន​ព្រះបន្ទូល​ថា​អេហ្ស៊ីប​នឹង​បង្ហាញ​ផែនការ​សម្រាប់​តំបន់​ហ្កាហ្សា។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការណ៍​នៃ​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​បាន​ដកស្រង់​សម្តី​ម្នាក់​មក​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​អេហ្ស៊ីប​និង​ហ្សកដានី​នឹង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នៅ​រាជធានី​រីយ៉ាដ​រួម​ជាមួយ​ប្រទេស​៦​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ​ពែក​ដែល​មាន​គោលបំណង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​និង​ចំណាត់ការ​រួម​គ្នា​របស់​ប្រទេស​អារ៉ាប់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG