មេដឹកនាំកំពូលក្រុមហាម៉ាស់ម្នាក់និយាយថាក្រុមជនសកម្មប្រយុទ្ធមានផែនការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៦នាក់ទៀតដែលនៅរស់រានមានជីវិតចេញពីការឃុំឃាំងរបស់ពួកគេនៅតំបន់ហ្កាហ្សានៅថ្ងៃសៅរខាងមុខហើយសាកសពចំណាប់ខ្មាំង៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
មេដឹកនាំក្រុមហាម៉ាស់លោក Khalil al-Hayyaបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានថតទុកកាលពីថ្ងៃអង្គារដែលទំនងឆ្លើយតបដល់ការសម្រេចរបស់អ៊ីស្រាអែលដើម្បីអនុញ្ញាតឱ្យផ្ទះចល័តនិងឧបករណ៍សំណង់ដែលបានស្នើជាយូរយាមកហើយចូលក្នុងតំបន់ Gaza Strip។
ចំណាប់ខ្មាំងដែលនៅរស់រាន៦នាក់ជាចំណាប់ខ្មាំងចុងក្រោយដែលត្រូវដោះលែងនៅវគ្គទី១នៃបទឈប់បាញ់គ្នាដែលផុតកំណត់នៅដើមខែមីនា ដោយពួកហាម៉ាស់ត្រូវបានគេជឿថាបានឃុំឃាំងចំណាប់ខ្មាំងប្រហែល៧០នាក់ ហើយពាក់កណ្តាលនៃចំណាប់ខ្មាំងទាំងនោះនៅរស់មានជីវិត។ សាកសពរបស់ចំណាប់ខ្មាំង៤នាក់ទៀតមានគម្រោងត្រូវប្រគល់ឱ្យវិញនៅសប្តាហ៍ក្រោយ។
ក្នុងអំឡុងនៃការឈប់បាញ់គ្នានេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២៤នាក់ ហើយអ៊ីស្រាអែលបានដោះលែងពួកអ្នកទោសជាង១ពាន់នាក់។
ភាគីច្បាំងគ្នានៅមិនទាន់បានចរចាសម្រាប់វគ្គទី២និងវគ្គពិបាកបំផុតនៃបទឈប់គ្នាដែលក្រុមហាម៉ាស់និយាយថាខ្លួន នឹងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់នៅក្នុងការដោះដូរសម្រាប់ការឈប់ចុងក្រោយនៃការប្រយុទ្ធគ្នានិងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីទឹកដីដ៏តូចមួយនៅតាមបណ្តោយសមុទ្រមីឌីទែរ៉ាណេ។
ក្នុងខណៈនោះដែរ អ៊ីស្រាអែលមិនបានដកថយពីគោលបំណងរបស់ខ្លួនដែលបានគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបំបាត់ចោលយោធាឬតួនាទីគ្រប់គ្រងសម្រាប់ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saarបាននិយាយកាលពីថ្ងៃអង្គារថាអ៊ីស្រាអែលបានប្រុងប្រៀបខ្លួនរួចហើយដើម្បីបើកការចរចាលើសេចក្តីលម្អិតនៃវគ្គទី២។ ការចរចាទាំងនោះត្រូវបានសន្មត់ចាប់ផ្តើមកាលពី២សប្តាហ៍មុន។ នេះបើតាមកិច្ចព្រមព្រៀងនៃបទឈប់បាញ់គ្នា៕