ទាហានអ៊ីស្រាអែលនៅតែស្ថិតនៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់នៅថ្ងៃអង្គារនេះ ទោះបីជាកាលបរិច្ឆេទដែលតម្រូវឲ្យពួកគេដកចេញបានផុតកំណត់ក៏ដោយ។ ការដកកងទ័ពនេះគឺជាផ្នែកមួយនៃបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា (Hezbollah)។
អ៊ីស្រាអែលបានដកកងទ័ពចេញពីភូមិមួយចំនួននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជាក់ថាខ្លួនទុកកងទ័ពនៅក្នុងទីតាំងចំនួន ៥ ដែលខ្លួនថាចាំបាច់ដើម្បីការពារផ្នែកនានានៅភាគខាងជើងអ៊ីស្រាអែល។
រដ្ឋាភិបាលលីបង់ ដែលបានបញ្ជូនទ័ពចូលទៅក្នុងតំបន់ដែលអ៊ីស្រាអែលបានចាកចេញបានអំពាវនាវឲ្យអ៊ីស្រាអែលអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់និងចាកចេញពីប្រទេសនេះ។
កិច្ចព្រមព្រៀងនេះស្នើឲ្យអ៊ីស្រាអែលដកកងទ័ពចេញត្រឹមចុងខែមករា ក្រុមហេសបូឡាដកកងកម្លាំងចេញពីព្រំដែន ហើយកងរក្សាសន្តិភាពអង្គការសហប្រជាជាតិរួមជាមួយនឹងកងទ័ពលីបង់ដាក់ពង្រាយនៅក្នុងតំបន់ទ្រនាប់ដែលនៅទំនេរ។
កាលបរិច្ឆេទផុតកំណត់នេះបានពន្យាររហូតមកដល់ថ្ងៃអង្គារនេះ៕