បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទ«ញុះញង់» លោក ថាច់ សេដ្ឋា បានស្រែកផ្តាំមន្ត្រីទូតដែលឃ្លាំមើលសវនាការថា ឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា។
នៅព្រឹកថ្ងៃពុធនេះ អ្នកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលចូលរដ្ឋ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង»។
ក្រោយការប្រកាសសាលក្រម លោក ថាច់ សេដ្ឋា ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច ឬហៅថាសម្លៀកបំពាក់អ្នកជាប់ឃុំ បានក្រោកឈរ និងងាកក្រោយស្រែកប្រាប់មន្ត្រីស្ថានទូតប្រទេសមួយចំនួន រួមមានមន្ត្រីទូតសហគមន៍អឺរ៉ុប(EU) មន្ត្រីអង្គការសហប្រជាជាតិ (UN) ដែលបានចូលរួមស្តាប់ការប្រកាសសាលក្រមនោះថា៖ «នេះហើយនយោបាយកម្ពុជា។ យើងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។ សូមអស់លោកជួយស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាផង។ អស់លោកឃើញផ្ទាល់ភ្នែក ឭផ្ទាល់ត្រចៀក»។ ក្រោយមក លោកត្រូវបានសមត្ថកិច្ចនាំខ្លួនចូលទៅក្នុងបន្ទប់រង់ចាំដើម្បីយកទៅឃុំក្នុងពន្ធនាគារព្រៃសបន្ត។
អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា យល់ថា ការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌សម្រាប់ស្វាមី។ អ្នកស្រីនៅតែចាត់ទុកថា ស្វាមីអ្នកស្រីមិនមានកំហុសអ្វី ដែលត្រូវសារភាព និងសុំទោសនោះទេ។
អ្នកស្រីប្រាប់អ្នកសារព័ត៌មានដោយលាយឡំជាមួយទឹកភ្នែកថា៖ «ហ្នឹងហើយអ្នកស្នេហាជាតិ បានតែចូលគុក។ អ្នកធ្វើឃោរឃៅធ្វើបាបមនុស្ស បានឡើងបុណ្យស័ក្តិល្អ។ ដល់ប្តីខ្ញុំធ្វើដើម្បីជាតិទៅដាក់ទោសកំហុសប្តីខ្ញុំ ៣ឆ្នាំ។ បើគាត់ធ្វើដើម្បីជាតិ បើមិនឱ្យគាត់និយាយការពិតឱ្យគាត់និយាយអ្វីខ្លះ? ឱ្យពួកខ្ញុំបែកបាក់គ្រួសារ ដាក់បន្ទុកនេះ បន្ទុកនោះគ្រប់សព្វបែបយ៉ាងទាំងអស់លើប្តីខ្ញុំ។ អយុត្តិធម៌លើប្តីខ្ញុំ អាយុ៧០ឆ្នាំ។ គាត់ចាស់ហើយ ជំងឺបេះដូងទៀត»។
អ្នកស្រីរៀបរាប់សម្តីរបស់លោក ថាច់ សេដ្ឋា ដែលប្រាប់មន្ត្រីទូតថា៖ «គាត់ថាជួយប្រជាធិបតេយ្យស្រុកខ្មែរផង។ នយោបាយស្រុកខ្មែរធ្វើហើយចូលគុក។ [ធ្វើ]ដើម្បីជាតិ ចូលគុក។ អន្តរជាតិជួយមើលផង… ឱ្យអន្តរជាតិជួយរកយុត្តិធម៌ឱ្យគាត់ផង។ គាត់លះបង់»។
ជារឿយៗ នៅរៀងរាល់សវនាការជំនុំជម្រះសំណុំរឿងរបស់លោក ថាច់ សេដ្ឋា គេតែងឃើញមានវត្តមានតំណាងពីស្ថានទូតនានាចូលរួមឃ្លាំមើល ដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី អាល្លឺម៉ង់ និងសហគមន៍អឺរ៉ុបជាដើម។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Hammad Ahmad បដិសេធមិនធ្វើការអត្ថាធិប្បាយនៅពេលនេះ ដោយស្នើឱ្យអ្នកសារព័ត៌មានរង់ចាំសេចក្តីប្រកាសព័ត៌មាន ដែលនឹងចេញផ្សាយនាប៉ុន្មានថ្ងៃខាងមុខ។
អ្នកស្រី Katherine M. Diop អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ប្រាប់វីអូអេតាមសារអេឡិចត្រូនិចអ៊ីម៉ែលតាមន័យដើមថា៖ «យើងជំរុញឱ្យអាជ្ញាធររក្សាកាតព្វកិច្ចអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន រួមទាំងអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងក្តីប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសមួយកាន់តែរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ ដែលសំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព»។
ចំណែកស្ថានទូតអូស្ត្រាលី ស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា មិនទាន់ឆ្លើយតបសំណួរដែលវីអូអេ បានសួរតាមសារអ៊ីម៉ែលនៅឡើយទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។
ក្នុងសវនាការជំនុំជម្រះកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់លោក ថាច់ សេដ្ឋា ថា ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងវីដេអូឃ្លីបមួយដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គម យូធូប (Youtube) កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ ដែលលោក ថាច់ សេដ្ឋា និយាយអំពីប្រវត្តិសាស្ត្រកម្ពុជា រួមមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងការសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម ធ្វើឱ្យ «បែកបាក់ជាតិ» និងនិយាយអំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជាជាដើម។
នាពេលនោះ លោក ថាច់ សេដ្ឋា បានការពារខ្លួនថា លោកពិតជាបាននិយាយអំពីប្រវត្តិសាស្ត្រទាំងនោះ ដោយយោងតាមឯកសារប្រវត្តិសាស្ត្រជាច្រើនដែលលោកបានអាន រួមទាំងប្រវត្តិកកើតរបស់គណបក្សប្រជាជនកម្ពុជា ប្រវត្តិបក្សប្រជាជនបដិវត្តន៍ខ្មែរ ឯកសារនៃការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម និងឯកសារប្រវត្តិសាស្ត្រកម្ពុជាផ្សេងៗជាច្រើនទៀត បូករួមសៀវភៅ «អង្គការជានរណា» ដែលបានសរសេរអំពីប្រវត្តិសាស្ត្រកម្ពុជា។
សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន សម្តែងការមិនពេញចិត្តចំពោះសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយថា លោក ថាច់ សេដ្ឋា បានលើកឡើងអំពីប្រវត្តិសាស្ត្រ ដោយផ្អែកតាមឯកសារប្រវត្តិសាស្ត្រ គឺមិនមានអ្វីខុសនោះទេ។ លោកបន្ថែមថា ទាំងក្នុងច្បាប់ជាតិ ច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ក៏មានចែងការពារសិទ្ធិសម្តែងមតិ និងការបញ្ចេញទស្សនៈរបស់បុគ្គលណាម្នាក់ ដែលមិនពេញចិត្តលើអ្វីមួយដែលកើតឡើងក្នុងសង្គមផងដែរ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំជាមេធាវី [ការចោទប្រកាន់នេះ] មិនមានធាតុផ្សំគ្រប់គ្រាន់ទេ ដោយសារការលើកឡើងរបស់គាត់ មិនមែនទើបតែគាត់ម្នាក់ឯងទេ។ សូម្បីតែអ្នកដទៃក៏បានលើកឡើងបែបហ្នឹងដែរ ហើយប្រជាពលរដ្ឋសឹងតែកន្លះនគរ អ្នកណាក៏លើកឡើងបែបហ្នឹងដែរ។ ហើយឯកសារប្រវត្តិសាស្ត្រក៏មានចែង ក៏បានលើកឡើង សរសេរ។ ហើយដាក់លក់ពេញព្រះរាជាណាចក្រកម្ពុជាហ្នឹង។ ដូច្នេះ អ្វីដែលជាការលើកឡើងរបស់គាត់ផ្អែកទៅតាមឯកសារ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការសម្រេចក្តីគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្តែលោកថា ករណីនេះត្រូវបានសហគមន៍ជាតិ និងអន្តរជាតិរិះគន់ជារឿយៗថា ពាក់ព័ន្ធនយោបាយ ដែលអាចរងនូវការរិះគន់បន្ថែមទៀតលើបញ្ហាសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អំ សំអាត បន្ថែមថា អ្នកនយោបាយទាំងអស់គួរតែរក្សាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំនិងត្រូវងាកទៅផ្សះផ្សារ និងបង្រួបបង្រួមជាតិ តាមបណ្តាំរបស់មហាវីរក្សត្រព្រះបាទនរោត្តមសីហនុ។
គួរបញ្ជាក់ថា លោក ថាច់ សេដ្ឋា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងឃុំខ្លួន ចាប់តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣។ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនបញ្ចាំរិនឆាយ ផនសប(Rin Chhay Pawn Shop) កាលពីថ្ងៃទី ២១ខែ កញ្ញា លោកក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដាវី សម្រេចផ្តន្ទាទោសក្នុងសំណុំរឿង ចេញសែកអត់សាច់ប្រាក់ ដោយសម្រេចដាក់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ និងត្រូវបង់លុយជំពាក់ចំនួន ៣៣.៤០០ដុល្លារអាមេរិក និងត្រូវបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៣លានរៀល និង ៥លានរៀលត្រូវបង់សងជំងឺចិត្តដល់ក្រុមហ៊ុនបញ្ចាំនោះ។
សហមេធាវីការពារក្តី លោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងចេញសែកអត់សាច់ប្រាក់នេះ គឺកូនក្តីរបស់លោកបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ចំពោះការមិនសុខចិត្តនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី ឈុន ដាវី៕