ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សកម្លាំងជាតិស្នើសុំលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកជាប់ឃុំ ដើម្បីដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

គណបក្ស​កម្លាំង​ជាតិ​ដែល​ជា​គណបក្ស​ថ្មី​មួយ​បង្កើត​ឡើង​ដោយ​អតីត​មន្រ្តី​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះ​លែង​អ្នក​ទោស​ដែល​ជាប់​ឃុំ​ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​មេ​ដឹកនាំ​សហជីព​ទាំង​អស់។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​គណបក្ស​កម្លាំង​ជាតិ ​ដែល​បាន​ដាក់​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៧ ​រហូត​មក​ទល់​ចុង​ឆ្នាំ​២០២៣​នេះ ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សហគមន៍​ជាតិ-អន្តរ​ជាតិ​មើល​ឃើញ​ថា​ កំពុង​មាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ រហូត​បណ្តាល​ឱ្យ​សហគមន៍​អន្តរ​ជាតិ​កាត់​ផ្តាច់​ប្រព័ន្ធ​ អនុ​គ្រោះ​ពន្ធ​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប ​(EBA)​ ២០% ​ខណៈ​សហ​រដ្ឋ​អាមេរិក​មិន​បន្ត​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​(GSP)​ ចាប់​តាំង​ពី​ដំណាច់​ឆ្នាំ​ ២០២០​ មក»។​

គណបក្ស​កម្លាំង​ជាតិ​បញ្ជាក់​ថា ​អ្នក​នយោបាយ​សំឡេង​ជំទាស់​ មន្រ្តី​សិទ្ធិ​មនុស្ស ​អង្គការ​សង្គម​ស៊ីវិល ​សកម្ម​ជន​សហជីព ​សកម្ម​ជន​ដីធ្លី ​សកម្ម​ជន​បរិស្ថាន ​និង ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​រង​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្តិ​មុន។​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​នេះ​បន្ថែម​ថា ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​គួរ​ពិនិត្យ​លទ្ធភាព ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​រឿង​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​មេ​ដឹក​នាំ​សហជីព​ ដែល​រួម​មាន ​លោក ​កឹម សុខា ​លោក​ ថាច់ សេដ្ឋា ​លោក​ កាក់ កុម្ភារ​ លោក​ សៀម ភ្លុក ​លោក ​តូច បឹង​ លោក​ ខឿន វីរ៉ាត់​ លោកស្រី ​នូ សុទ្ធារី ​លោក​ចៅ វាសនា ​កញ្ញា​ សេង ធារី​ និង​កញ្ញា ឈឹម ស៊ីថរ​ ជា​ដើម ​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​វិញ។​

រូបឯកសារ៖ លោក រ៉ុង ឈុន ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពីការលាលែងពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក រ៉ុង ឈុន ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពីការលាលែងពីគណបក្សភ្លើងទៀន ទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក ​រ៉ុង ឈុន​ ទីបឹក្សា​គណបក្ស​កម្លាំង​ជាតិ​ និង​ជា​អតីត​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​ថ្លែង​ថា ​គណបក្ស​កម្លាំង​ជាតិ​ចេញ​សេចក្តី​ការណ៍​នេះ​គឺ​ដោយ​សារតែ​គណបក្ស​បាន​មើល​ឃើញ​ថា​ ការ​ឃុំ​ខ្លួន​ពួក​គេ​ទាំង​អស់​នោះ ​គឺ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ជា​ជាង​ការ​អនុវត្ត​ច្បាប់។​

លោក​ថ្លែង​ថា៖ ​ «ការ​ដែល​យើង​ពិនិត្យ​មើល​រឿង​ទាំង​អស់​នេះ​ វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ អ៊ីចឹង​ហើយ​បាន​ជា​គណបក្ស​កម្លាំង​ជាតិ​ស្នើ​សុំ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​អន្ត​រាគមន៍​ករណី​អ្នក​ជាប់​ឃុំ​មនសិកា​ ដូច​ជា​ករណី​លោក​ កឹម សុខា​ លោក​ ថាច់ សេដ្ឋា ​កញ្ញា ​សេង ធារី​ កញ្ញា​ ឈឹម ស៊ីថរ ​ជា​មេ​សហជីព​រួម​ទាំង​អ្នក​សកម្ម​ជន​នយោបាយ​ផ្សេងៗ​ទៀត​ឱ្យ​ពួក​គាត់​មាន​សេរី​ភាព​ឡើង​វិញ»។​

លោក​បន្ថែម​ថា៖​ «បើ​សិន​ជា​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​មិន​ឆ្លើយ​តប ​មិន​ដោះ​ស្រាយ​ ​បង្ហាញ​ថា​ រដ្ឋាភិបាល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​សុខទុក្ខ​វេទនា​របស់​ប្រជា​ពលរដ្ឋ​ ពីព្រោះ​គណបក្ស​ប្រឆាំង​គ្រាន់​តែ​ជា​កញ្ចក់​មួយ​សម្រាប់​ឱ្យ​រដ្ឋាភិបាល​ឆ្លុះ​ក៏​ដូច​ជា​គណបក្ស​មួយ​ដើម្បី​បំពេញ​បន្ថែម​នូវ​អ្វី​ដែល​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ មិន​បាន​អនុវត្ត។ ​ អ៊ីចឹង​អ្នក​ដែល​មាន​តួនាទី​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ទាំង​អស់​នេះ​ រដ្ឋា​ភិបាល​ហ្នឹង​ឯង»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា​ ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ ស្ថិរភាព​សង្គម ​និង​នយោបាយ​«ល្អ​ណាស់» ​ហើយ​មិន​មាន​វិបត្តិ​នយោបាយ​អ្វី​ឡើយ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​អត់​ដឹង​ថា​ តើ​គណ​បក្ស​នយោបាយ​ឬ​ក៏​អ្នក​នយោបាយ​មួយ​ចំនួន​ហ្នឹង​គាត់​កំពុង​តែ​គិត​អី​ទេ។ ​គាត់​ចង់​ដឹក​នាំ​ប្រទេស​ទៅ​ផ្លូវ​អី​គេ​ ទៅ​តាម​នីតិរដ្ឋ​ ​ឬ នីតិ​មាត់?​ សំណើ​របស់​គាត់​នេះ​បញ្ជាក់​ថា​ គាត់​គឺ​គាត់​កំពុង​តែ​ស្នើ​ឱ្យ​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​តាម​នីតិ​មាត់​ ពីព្រោះ​ចង់​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​លោក​ស្នើ​បញ្ជា​ទៅ​តុលាការ​ទៅ​ឱ្យ​ដោះ​លែង​អ្នក​នេះ​ ឱ្យ​ដោះលែង​អ្នក​នោះ​ តាម​អំពើ​ចិត្ត។​ នេះ​មិន​មែន​គោល​ការណ៍​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ ជិន ម៉ាលីន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ជា​ទិដ្ឋភាព​ច្បាប់​នាយក​រដ្ឋ​មន្រ្តី​មិន​មាន​សិទ្ធិ​លូក​ដៃ​នៅ​ក្នុង​កិច្ចការ​របស់​តុលាការ​ឡើយ។​ លោក​ថា​ បើ​សិន​ជា​ខាង​គណ​បក្ស​កម្លាំង​ជាតិ​ចង់​ជួយ​ដល់​ជន​ជាប់​ចោទ​ទាំង​អស់​នោះ​ពិត​មែន​ គណបក្ស​ត្រូវ​ចូល​រួម​ក្នុង​ដំណើរ​ការ​នីតិ​វិធី​របស់​តុលាការ​ មិន​មែន​ស្នើ​សុំ​ឱ្យ​នាយក​រដ្ឋ​មន្រ្តី​ដោះ​លែង​នោះ​ទេ។​

លោក​លើក​ឡើង​ថា៖​ «សុំ​ឱ្យ​គាត់​ពិនិត្យ​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​ជាតិ​ដែល​មាន​ជា​ធរមាន​ ថា​ តើ​អ្នក​ណា​ដែល​មាន​សមត្ថិ​ភាព​ដោះ​លែង​ជន​ជាប់​ចោទ​ក្នុង​ដំណើរ​ការ​នីតិ​វិធី​របស់​តុលាការ។ ​ បើ​សិន​ជា​គាត់​ចង់​ជួយ​ដល់​ជន​ជាប់​ចោទ​ទាំង​អស់​នោះ​ គាត់​ត្រូវ​ចូល​រួម​ក្នុង​ដំណើរការ​នីតិ​វិធី​របស់​តុលាការ​ ហើយ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច? ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ​និង​បញ្ញត្តិ​ច្បាប់​ដទៃ​ទៀត​ដែល​មាន​ជា​ធរមាន»។​

គណបក្ស​កម្លាំង​ជាតិ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​ ឆ្ពោះ​ទៅ​សាមគ្គី​ភាព ​និង​ឯកភាព​ជាតិ​ពិត​ប្រាកដ​ឡើង​វិញ ​ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដែល​បាត់​បង់៕​

XS
SM
MD
LG