ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បដិសេធ​សំណើ​អតីត​អ្នកកាសែត ​RFA ​សុំ​បញ្ចប់​ការ​ស៊ើប​អង្កេត


រូប​ឯកសារ៖ លោក​ អ៊ួន ឈិន និង​លោក​យាង សុធារិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​២៣ ខែ​ធ្នួ​ ឆ្នាំ​២០១៩។ (ទុំ ម្លិះ​/VOA)
រូប​ឯកសារ៖ លោក​ អ៊ួន ឈិន និង​លោក​យាង សុធារិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​២៣ ខែ​ធ្នួ​ ឆ្នាំ​២០១៩។ (ទុំ ម្លិះ​/VOA)

អតីត​អ្នកា​កាសែត​​លោក យាង សុធារិន្ទ ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ខាង​ក្រៅ​របង​តុលាការ​ថា លោក​ខក​ចិត្ត និង​ខាត​បង់​ពេល​វេលា​ច្រើន ដោយសារ​ការ​បន្ត​ការ​ស៊ើប​អង្កេត​​របស់​តុលាការ។

សាលា​ឧទ្ធរណ៍ ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​សំណើ​របស់​អតីតអ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​ប្រឆាំង​នឹង​ការ​បន្ត​ស៊ើប​អង្កេត​សំណុំរឿង​របស់​ពួកគេ​ដោយ​អះអាង​ថា ​តុលាការ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ស្រាវជ្រាវ​បន្ត​ទៀត។​

អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរីទាំង​ពីរ​រូប គឺ​លោក​ យាង សុធារិន្ទ ​និង​លោក អ៊ួនឈិន​បាន​ប្តឹង​មិន​សុខចិត្ត​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បន្ត​ការ​ស៊ើប​អង្កេត​លើ​ពួកគេ​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​និង​រក្សា​ទុក​រូបភាព​អាស​អាភាស។

ចៅ​ក្រម​ ផ្លង់​ សំណាង ​បាន​ប្រកាស​នៅ​ក្នុង​បន្ទប់​សវនាការ​ថា​សាលា​ឧទ្ធរណ៍​មិន​អាច​ទទួល​យក​សំណើ​របស់​ពួកគេ​នោះ​ទេ។ លោក​បន្ត​ថា តុលាការ​ត្រូវ​ការ​ពេល​ដើម្បី​ស្រាវ​ជ្រាវ និង​ពិនិត្យ​មើល​បន្ថែម​ទៀត។

លោក យាង សុធារិន្ទ ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ខាង​ក្រៅ​របង​តុលាការ​ថា លោក​ខក​ចិត្ត និង​ខាត​បង់​ពេល​វេលា​ច្រើន ដោយសារ​ការ​បន្ត​ការ​ស៊ើប​អង្កេតរបស់​តុលាការ។ លោក​បន្ត​ថា បើ​ទោះ​លោក​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​សេរីភាព​របស់​លោក​នៅ​តែ​រឹត​ត្បិត​ដដែល។

លោក​បាន​ថ្លែង​ថា៖ «មិន​មែន​មាន​ន័យ​ថា​ពួក​ខ្ញុំ​នៅ​ក្រៅ​ឃុំ សេរីភាព​របស់​ខ្ញុំ​បាន​ពេញ​លេញ​នោះ​ទេ។ វា​នៅ​តែ​មាន​បញ្ហា​អីចឹង។ យើង​មិន​អាច​ធ្វើ​អី​បាន បាន​ត្រឹម​តែ​ខក​ចិត្ត»។

អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ និង​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​ក្នុង​ការ​ចោទ​នោះ​ តុលាការ​អះអាង​ថា ​ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ​បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា។

ក្រោយ​មក តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ គឺ​ពី​បទ​ «ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ» និង​បទ«ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​អស់​រយៈពេល​ជិត​ដប់​ខែ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG