ក្រសួងព័ត៌មានកម្ពុជានៅថ្ងៃអង្គារនេះ បានផ្ដល់អាជ្ញាប័ណ្ណដល់ការបង្កើតសមាគមការពារអ្នកសារព័ត៌មានថ្មីមួយដែលអះអាងថាខ្លួននឹងក្លាយជាស្ថាប័នឯករាជ្យមួយសម្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន។
ការផ្ដល់អាជ្ញាប័ណ្ណរបស់ក្រសួងព័ត៌មាន ដល់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» (CamboJA) នេះធ្វើឡើងប្រមាណពីរឆ្នាំ ក្រោយការបង្ក្រាបលើស្ថាប័នសារព័ត៌មានឯករាជ្យនានា។
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិនៃសមាគមថ្មីនេះ មានប្រសាសន៍ប្រាប់ VOA ថា សមាគម «ខេមបូចា» (CamboJA) ផ្ដោតសំខាន់ទៅលើកិច្ចគាំពារនិងការបណ្ដុះបណ្ដាលបន្ថែមដល់អ្នកសារព័ត៌មានខ្មែរជំនាន់ក្រោយនិងអ្នកសារព័ត៌មាននៅតាមជនបទ។
«គោលដៅយើងគឺយើងជួយដំបូងគឺផ្ដោតទៅលើអ្នកសារព័ត៌មានដែលប្រកបការងារដោយមានវិជ្ជាជីវៈ។ ហើយប្រសិនបើការងាររបស់គាត់ដែលធ្វើឡើងដោយវិជ្ជាជីវៈមានបញ្ហាកើតឡើង យើងនឹងសិក្សាផ្លូវច្បាប់ដើម្បីតស៊ូមតិជួយគាត់។
«ខេមបូចា»ត្រូវបង្កើតឡើងដោយក្រុមអ្នកកាសែតដែលបាននិងកំពុងបំពេញការងារក្នុងស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន។
ការបង្កើតសមាគមការពារអ្នកកាសែតថ្មីនេះ បានធ្វើឲ្យចំនួនសមាគមអ្នកកាសែតកើនដល់ចំនួន៤២ស្ថាប័នរហូតមកដល់ពេលនេះ។
ទោះបីជាមានសមាគមអ្នកកាសែតច្រើនបែបនេះក្តី ក៏លោក ម៉ៃ ទិត្យថារ៉ា លើកឡើងថា អ្នកកាសែតដែលធ្វើការតាមវិជ្ជាជីវៈ មិនបានទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់នៅពេលដែលពួកគេជួបបញ្ហានោះទេ។
ជាក់ស្ដែងក្នុងករណីការចាប់ខ្លួននិងចោទប្រកាន់លើអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរី គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សមាគមអ្នកកាសែតក្នុងប្រទេសកម្ពុជា មិនបានបញ្ចេញប្រតិកម្មបែបណាមួយនោះទេ ក្រៅពីអង្គការឃ្លាំមើលសេរីភាពសារព័ត៌មានមួយចំនួនដែលមានមូលដ្ឋាននៅក្រៅប្រទេសនិងស្ថានទូតបរទេសមួយចំនួនដែលបានថ្កោលទោសការចាប់ខ្លួនអ្នកកាសែតឯករាជ្យទាំងពីររូប។
រហូតមកដល់សព្វថ្ងៃនេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ នៅមិនទាន់ទទួលបានលទ្ធផលនៃការវិនិច្ឆ័យទោសបែបណានៅឡើយទេ ចាប់តាំងពីការកាត់ទោសពួកគេកាលពីចុងខែមិថុនា កន្លងទៅ។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានមានប្រសាសន៍ថា ការផ្ដល់អាជ្ញាប័ណ្ណដល់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» (CamboJA) បន្ទាប់ពីក្រសួងព័ត៌មានពិនិត្យឃើញលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់អង្គភាពថ្មីនេះ។
«កន្លងទៅឲ្យតែមានអ្នកស្នើសុំមក យើងពិនិត្យលក្ខណៈសម្បត្តិត្រឹមត្រូវយើងផ្ដល់ជូនហើយ យើងអត់មានអ្វីតឹងរ៉ឹងទេ ។ យើងគិតថា អាហ្នឹងមានចែងនៅក្នុងរបបសារព័ត៌មានឆ្នាំ១៩៩៥ហើយ»។
យ៉ាងណាក្ដីលោកទទួលស្គាល់ថា កន្លងមកសមាគមអ្នកសារព័ត៌មានមួយចំនួនមិនមានសកម្មភាព ហើយក្រសួងនឹងពិចារណារឹតបណ្ដឹងអាជ្ញាប័ណ្ណដើម្បីឲ្យមានប្រសិទ្ធភាព។ លោកសង្ឃឹមថាសមាគមថ្មីនឹងចូលរួមជំរុញវិស័យព័ត៌មាននៅកម្ពុជា ក៏ដូចជាវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជាជំនួសការវាយតម្លៃពីស្ថាប័នបរទេស។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានស្វាគមន៍ការបង្កើតសមាគមអ្នកសារព័ត៌មាន«ខេមបូចា» និងស្វាគមន៍ការសហការទៅអនាគតទៀត។
«យើងនៅមានវិញ្ញាសា នៅមានកិច្ចការច្រើនទៀតដើម្បីធ្វើការទាំងអស់គ្នា អភិវឌ្ឍវិស័យសារព័ត៌មានដែលនៅក្មេងខ្ចីរបស់យើងនេះ ឲ្យមានភាពចាស់ទុំ»។
ក្នុងពេលនេះ«ខេមបូចា»មានសមាជិកស្ថាបនិកសរុបចំនួន១៥នាក់មកពីស្ថាប័នសារព័ត៌មានចំនួនប្រាំមួយ និងអ្នកកាសែតដែលមិនចំណុះស្ថាប័នព័ត៌មាន។
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិនៃសមាគមថ្មីនេះ មានសុទិដ្ឋិនិយមថា ការណ៍ដែលអ្នកសារព័ត៌មាននៅកម្ពុជា មានអង្គការដែលអាចគាំពារតាមផ្លូវតុលាការជាពិសេស នឹងអាចជួយជំរុញឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាបានប្រសើរឡើងវិញ ក្រោយពីសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕