ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​គឺ​ដើម្បី​«ធ្វើ​បាប»​ពួកគេ​


លោក ​អ៊ួន ឈិន (ឆ្វេង) និង​លោក ​យាង សុធារិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​២៣ ខែ​ធ្នួ​ ឆ្នាំ​២០១៩។ (ទុំ ម្លិះ​/VOA)
លោក ​អ៊ួន ឈិន (ឆ្វេង) និង​លោក ​យាង សុធារិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​២៣ ខែ​ធ្នួ​ ឆ្នាំ​២០១៩។ (ទុំ ម្លិះ​/VOA)

អង្គជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​សម្រេច​នៅ​ថ្ងៃ​ទី៣០​ខែ​ធ្នូ​នេះ។ ​នេះ​បើ​យោង​តាម​មេធាវី​របស់​ពួកគេ។

នៅ​ថ្ងៃ​ចន្ទ​នេះ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹង​មិន​សុខចិត្ត​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​ទាំង​ពីរ​រូប គឺ​លោក​ យាង សុធារិន្ទ និង​លោក អ៊ួនឈិន ប្រឆាំង​នឹង​ការ​សម្រេច​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បន្ត​ការ​ស៊ើប​អង្កេត​លើ​ពួកគេ​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​និង​រក្សា​ទុក​រូបភាព​អាស​អាភាស។ ​អតីត​អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​រូបលើក​ឡើង​ថា​ការ​បន្ត​អូស​បន្លាយ​និង​បំបែកសំណុំ​រឿង​របស់​ពួកគេ​ជា​ការ​ស្វែង​រក​ហេតុផល​ដើម្បី​ធ្វើ​បាប​ពួកគេ

អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូបដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើក​ឡើង​ថា​ ការ​បន្ត​អូស​បន្លាយ​និង​បំបែកសំណុំ​រឿង​របស់​អ្នក​ទាំងពីរ​គឺ​ជា​ការ​ស្វែង​រក​ហេតុផល​ដើម្បី​ទម្លាក់​កំហុស​លើ​ពួកគេ ខណៈ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​បណ្តឹង​មិន​សុខចិត្ត​ពាក់ព័ន្ធសំណុំ​រឿង​ផលិត​និង​រក្សា​ទុក​រូបភាព​អាស​អាភាស។

នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​សាលា​ឧទ្ធរណ៍​បាន​សវនាការ​លើ​បណ្តឹង​មិន​សុខចិត្ត​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​គឺ​លោក​ យាង សុធារិន្ទ ​និង​លោក ​អ៊ួនឈិន​ ដែល​ប្តឹង​មិន​សុខ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​បន្ត​ការ​ស៊ើប​អង្កេត​លើ​ពួកគេ​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​និង​រក្សា​ទុក​រូបភាព​អាស​អាភាស។

អង្គជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សាល​ដីកា​សម្រេច​នៅ​ថ្ងៃ​ទី៣០​ខែ​ធ្នូ​នេះ។ ​នេះ​បើ​យោង​តាម​មេធាវី​របស់​ពួកគេ។

លោក ​យាង សុធារិន្ទ ​ដែល​ឈ្មោះ​ប្រើ​សម្រាប់​ការ​ផ្សាយ​ហៅ​ យាង សុជាមេត្តា ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​មួយ​រូប​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​ថា ​ការ​បន្ត​ស៊ើប​អង្កេត​លើ​ពួកគេ​និង​បំបែក​សំណុំ​រឿង​ពី​បទ​ផ្តល់​ព័ត៌មាន​ទៅ​រដ្ឋ​បរទេស​ដោយ​ចោទ​បន្ថែម​ពី​បទ​ផលិត​និង​រក្សាទុក​រូបភាព​អាស​អាភាស​គឺ​ជា​ការ​ព្យាយាមស្វែង​រក​បន្ទុក​ «ដើម្បី​ទម្លាក់​កំហុស​ និង​ធ្វើ​បាបពួកគេ»។​ លោក​បន្ត​ថា ​ករណី​នេះ​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត។ ​

«ចេតនា​ទី​មួយ​គឺ​ធ្វើ​បាប​ពួកខ្ញុំ​ ដែល​ជា​អតីត​អ្នក​ធ្វើ​ការ​នៅ​វិទ្យុ​អាស៊ី​សេរី​ ហើយ​កន្លង​ទៅ​យើង​ធ្លាប់​ធ្វើ​របាយ​ការណ៍​ ដូច​ថារដ្ឋាភិបាល​អាច​ថា​មិន​ពេញ​ចិត្ត​ដែរ។ ទី​ពីរ​ក្នុង​បរិបទ​នៅ​ពេល​ដែល​ចាប់​ខ្លួន​ពួក​យើង​ហ្នឹង​ គឺ​ចាប់មុន​ការ​បោះ​ឆ្នោត​ហើយ​វា​ជា​ពេល​មួយ​ដែល​រដ្ឋាភិបាលបង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យជា​ច្រើន​ ហើយ​មាន​ការ​បិទ​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​ផង»។

ចំណែក​លោក ​អ៊ួន ឈិន​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​និង​លោក យាង សុធារិន្ទ​ គឺ​ជា​ជន​រង​គ្រោះ​ពីស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

«ដំបូង​ឡើយ​ចោទ​ខ្ញុំ​ស្មើ​នឹង​ទោស​ក្បត់​ជាតិ​ថា ​បញ្ជូន​ព័ត៌មាន​ឲ្យរដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ ការពារ​ជាតិ​ ហើយ​ចុងក្រោយ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច?​ យើង​ពិបាក​នឹង​ថា​ជា​រឿង​រៀប​ចំ​ទុក​មុន​ទុក​ក្រោយ ​ប៉ុន្តែជា​រឿង​ចៃដន្យ​បំផុត។ ​ពួកខ្ញុំ​គ្រាន់តែ​ជា​ជន​រង​គ្រោះ​នៃ​ស្ថានការណ៍​នយោបាយ​តែ​ប៉ុណ្ណឹង»។

VOA ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ទូច ថារិទ្ធ ​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទនេះ។

​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីររូប ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ និង​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​ក្នុង​ការ​ចោទ​នោះ​ តុលាការ​អះអាង​ថា ​ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ​បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា។

ក្រោយ​មក​តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ គឺ​ពី​ប​ទ «ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ» និង​បទ«ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

​បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​អស់​រយៈពេល​ជិត​ដប់​ខែ។​

​អតីត​អ្នក​សារ​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​គឺ​លោក​អ៊ួន ឈិន​ និង​លោក​ យាង សុធារិន្ទ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា​កន្លង​ទៅ​ តែ​មិន​មាន​ការ​ប្រកាស​សាល​ក្រម​។ ​នៅ​ថ្ងៃ​ទី​៣​ ខែ​តុលា​ ​តុលាការ​បាន​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​សំណុំ​រឿង​ពួកគេ​ឡើង​វិញ ​ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការ ​ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ​ព័ត៌មាន​ក្នុង​សំណុំ​រឿង​នេះ​មិន​ទាន់​មាន​គ្រប់​គ្រាន់​ ​និង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​បន្ត​ការ​ស៊ើប​អង្កេត។

លោក ​សំ ចំរើន ​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប​ មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​របស់​កូនក្តី​ លោក​មិនគួរ​ជា​សំណុំ​រឿង​ស្មុគ​ស្មាញ​ដែល​តុលាការ​ត្រូវ​បន្ត​អូស​បន្លាយ​នីតិវិធី​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្រាប់ VOA ​ថា​ជា​គោល​ការណ៍​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​អ្វី​មួយ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ពេញ​លេញ​និង​គ្រប់​ជ្រុង​ជ្រោយ។​ លោក​បន្ត​ថា ​សំណុំ​រឿង​របស់​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​ មិន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងារ​វិជ្ជាជីវៈសារព័ត៌មាន​របស់​ពួក​គេ​នោះ​ទេ។

«មិន​មាន​នរណា​មាន​ឥទ្ធិពល​អាច​បញ្ជា​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ ​ឬ​ក៏​មិន​ទម្លាក់​បាន​ទេ។​ មាន​តែ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ផ្អែក​ទៅ​លើ​អង្គហេតុ ​ផ្អែក​ទៅ​លើ​អង្គ​ច្បាប់​និង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ»។

រូប​ឯកសារ៖ លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ​នៅ​ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្ដោះ​អាសន្ន​ កាល​ពី​យប់​ថ្ងៃទី២១​ ខែសីហា ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូប​ឯកសារ៖ លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ​នៅ​ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្ដោះ​អាសន្ន​ កាល​ពី​យប់​ថ្ងៃទី២១​ ខែសីហា ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​និង​បណ្ដាញ​ការពារ​អ្នក​សារ​ព័ត៌មាន​ទាំង​ជាតិ ​និង​អន្តរជាតិ​ ប្រមាណ​ជា​៣៧​ស្ថាប័ន​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ស្នើ​ទៅ​តុលាការ​កម្ពុជា​ឲ្យទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នកសារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប ​ព្រមទាំង​អ្នកសារ​ព័ត៌មាន​ទាំង​អស់។​ ពួកគេ​ក៏​បានជំរុញ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

អ្នកស្រី ​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ​លើក​ឡើង​ថា ​សំណុំ​រឿង​របស់​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប ​ដោយ​មាន​ការ​អូស​បន្លាយ​នីតិវិធី​ និង​ការ​បន្ថែម​ការ​ដាក់​បន្ទុក​ផ្សេងៗ ស្រដៀង​ទៅ​នឹង​សំណុំ​រឿងសកម្មជន​ផ្សេង​ទៀត។​ អ្នកស្រី​បន្ត​ថា​ ករណី​នេះកំពុង​ជា​ការយាយី​លើ​ការ​ធ្វើ​ការងារ​របស់​អ្នកសារ​ព័ត៌មាន​ និង​អ្នក​ការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា​។

«នៅ​ក្នុង​របត់​មួយ​ដែល​ជា​ទូទៅ​ដែល​ករណី​កើត​ឡើង​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស ​ចំពោះ​តំណាង​សហជីព​ ឬ​ក៏​អ្នក​កាសែត​អីកន្លង​មក​ហ្នឹង​ គឺ​នីតិវិធី​ហ្នឹង​ស្រដៀង​គ្នា គឺ​មាន​ការ​ពន្យារ​ពេល​ច្រើន​ មាន​ការ​សន្មត​ជាមុន​ថា​មាន​ទោស​ បាន​ន័យ​ថាមាន​ការ​បំពាន​សិទ្ធិ​របស់​អ្នក​ពាក់ព័ន្ធ​ហ្នឹង​ក្នុង​ការ​ដែល​មិន​ត្រូវ​បាន​សន្មត​ថា​មាន​ទោស។​ ហើយ​តួយ៉ាង​ដូចជា​ការ​ដែលកំណត់​ ចាប់​ខ្លួន​ ឬក៏​ឃុំ​ខ្លួន​ដាក់​នៅ​បណ្តោះ​អាសន្ន​អីនេះ គឺ​ជា​ការ​បំពាន​មួយ​រួច​ហើយ»។​

ការ​ចាប់​ខ្លួន​លោក យាង សុធារិន្ទ​ និង​លោក​ អ៊ួន ឈិន ​បាន​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បង្ក្រាប​លើ​សារ​ព័ត៌មាន​មុន​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដាឆ្នាំ​២០១៨។​ ក្នុង​ការ​បង្ក្រាប​នោះ​ ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី ​បាន​បិទ​ទ្វារ ​ហើយ​កាសែត​ជា​ភាសា​អង់គ្លេស​ ឌឹ ​ខេមបូឌា ដេលី ​(The Cambodia Daily) ក៏​ត្រូវបិទ​ការិយាល័យ ​ដោយ​សារ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​បង់​ពន្ធ​ចំនួន​៦,៣​លាន​ដុល្លារ៕

XS
SM
MD
LG