«ស្តាប់លែងឭ»៖ ភាគទី៣
ដោយស៊ុន ណារិន និង ខាន់ សុគុំមនោ
កំណត់និពន្ធ៖ សម្រាប់ភាគទី៣ដែលជាសេចក្តីរាយការណ៍ចុងក្រោយរបស់«ស្តាប់លែងឭ» អ្នករាយការណ៍របស់វីអូអេបានសម្ភាសអ្នកសារព័ត៌មានដែលរងផលប៉ះពាល់ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលលើសេរីភាពសារព័ត៌មាន។ ស្របពេលដែលអ្នកអាននិងស្តាប់ព័ត៌មានស្តាយចំពោះការបាត់បង់សារព័ត៌មានឯករាជ្យ អ្នកសារព័ត៌មានមួយចំនួនបានរងផលប៉ះពាល់ខ្លាំងដោយសារតែការមិនពេញចិត្តរបស់រដ្ឋាភិបាលលើសារព័ត៌មានដែលធ្វើសេចក្តីរាយការណ៍បែបស៊ីជម្រៅ និងលើបញ្ហារសើប។
អ្នកសារព័ត៌មាននិងនាយកនិពន្ធព័ត៌មាន បានឲ្យដឹងថា កម្ពុជាសព្វថ្ងៃកាន់តែខ្វះសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបឯករាជ្យ ដែលបណ្តាលឲ្យអ្នកសារព័ត៌មានជាច្រើននាក់បាត់បង់ការងារធ្វើ។ បន្ថែមលើនេះ សម្រាប់អ្នកសារព័ត៌មានដែលកំពុងតែបន្តការងាររបស់ខ្លួននាពេលបច្ចុប្បន្ននេះ ពួកគេព្យាយាមធ្វើសេចក្តីរាយការណ៍ណាដែលមានលក្ខណៈឯករាជ្យ និងត្រឹមត្រូវ។
ខេត្តសៀមរាប — លោក ហង្ស សុប្រាតសាវយុត ដែលគេស្គាល់ឈ្មោះក្នុងសារព័ត៌មានថា ហង្ស សៅយុត ជាអតីតអ្នកយកព័ត៌មានអាស៊ីសេរី ប្រចាំនៅខេត្តសៀមរាប។ លោកបានបំពេញការងារនៅស្ថាប័ននេះជាង១០ឆ្នាំមកហើយ មុនការិយាល័យរបស់វិទ្យុនេះនៅភ្នំពេញបានបិទទ្វារ កាលពីជាង២ឆ្នាំមុន។
លោកបានរាយការណ៍រឿងរ៉ាវជាច្រើនដែលកើតឡើងនៅក្នុងខេត្តសៀមរាប និងខេត្តដែលជាប់នឹងតំបន់អង្គរនេះ។
លោកបានថ្លែងប្រាប់ VOA ថា លោកនៅតែនឹកការងារនេះ និងស្រឡាញ់អាជីពមួយនេះ។
«សម្ភារៈដែលខ្ញុំប្រើប្រាស់នៅមានទាំងអស់ លើកលែងតែការងារមួយទេដែលបាត់»។
លោកបញ្ជាក់បន្ថែមថា៖ «អ្នកខ្លះគាត់ប្រាប់ថា សំឡេងរាយការណ៍របស់ខ្ញុំ គាត់នៅចាំ។ ប្រជាពលរដ្ឋ ជាច្រើនគាត់ នៅពេលដែលជួប គាត់នៅតែសោកស្តាយ នៅតែអញ្ចឹងដែរ»។
នៅក្នុងការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាលពីជាង២ឆ្នាំមុន កាសែតភាសាអង់គ្លេសដ៏ល្បីមួយឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក៏ត្រូវបានបង្ខំឲ្យបិទទ្វារ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយសាររដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធចំនួន៦,៣លានដុល្លារ។
បន្ទាប់មក កាសែតដ៏ល្បីមួយទៀតគឺកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានប្រឈមនឹងការបង់ពន្ធដូចគ្នាដែរ។ ម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាជនជាតិអូស្រ្តាលី បានលក់កាសែតមួយនេះ ទៅឲ្យម្ចាស់ក្រុមហ៊ុនមួយរបស់ម៉ាឡេស៊ី ដែលមានទំនាក់ទំនងសាធារណៈមួយ ដែលធ្លាប់បានបំពេញការងារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះនាំឲ្យមានការរិះគន់អំពីគុណភាពនៃអត្ថបទ និងប្រភេទរឿងដែលស្ថាប័ននេះបានផ្លាស់ប្តូរ។
នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋត្រូវការព័ត៌មានជាចាំបាច់ ដើម្បីធ្វើសេចក្តីសម្រេចចិត្ត ជាពិសេសដើម្បីអនុវត្តគោលការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់គាត់»
កាសែតទាំងពីរ ធ្លាប់ល្បីឈ្មោះនឹងការរាយការណ៍ព័ត៌មានស៊ីជម្រៅ និងស៊ើបអង្កេតផងដែរ។
ទោះជាមិនអាចបំពេញការងារជាអ្នកយកព័ត៌មាននៅវិទ្យុអាស៊ីសេរីបន្តទៀត លោក សាវយុត អាយុ៥០ឆ្នាំ នៅតែបន្តតាមដានព័ត៌មាននៅតូបកាហ្វេមួយក្នុងខេត្តសៀមរាប ដែលប្រជុំដោយក្រុមអ្នកយកព័ត៌មានក្នុងខេត្តទេសចរណ៍មួយនេះ។
ភាពភ័យខ្លាច ការគំរាមកំហែង និងការចាប់ខ្លួន
សហការីរបស់លោក សាវយុត គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានប្រឈមនឹងសុបិនអាក្រក់ គឺពួកគេត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជាង៩ខែ ទាក់ទងនឹងការចោទប្រកាន់ថាផ្តល់ព័ត៌មានសម្ងាត់ឲ្យរដ្ឋបរទេស និងផលិតវីដេអូអាសអាភាស។ ពួកគេបានច្រានចោលការចោទប្រកាន់នេះ។
ពួកគេត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានឃុំឃាំងក្នុងពន្ធនាគារ។ ប៉ុន្តែពួកគេត្រូវបានដោះលែង តែស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ការចោទប្រកាន់មិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ។ កាលពីដើមខែតុលា តុលាការបានប្រកាសបន្តការស៊ើបអង្កេតលើករណីពួកគេបន្តទៀត។ ការណ៍នេះនាំឲ្យមានការរិះគន់ពីអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល។
នៅក្បែររបងតុលាការ កាលពីខែកញ្ញា លោក យាង សុធារិន្ទ មានប្រសាសន៍ថា ប្រជាពលរដ្ឋបានបាត់បង់ព័ត៌មានជាច្រើន ក្រោយមានការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោកបន្តថា ការមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ នាំឲ្យប្រជាពលរដ្ឋពិបាកក្នុងការសម្រេចចិត្ត។
លោកមានប្រសាសន៍ថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋត្រូវការព័ត៌មានជាចាំបាច់ ដើម្បីធ្វើសេចក្តីសម្រេចចិត្ត ជាពិសេសដើម្បីអនុវត្តគោលការណ៍សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់គាត់។ ហើយនៅពេលដែលគាត់ខ្វះព័ត៌មាន គាត់អត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ការសម្រេចចិត្តរបស់គាត់ ក៏មានកម្រិតទៅតាមហ្នឹងដែរ»។
ករណីមួយទៀតដែលធ្វើឲ្យអ្នកសារព័ត៌មានមានការព្រួយបារម្ភ គឺលោក រ៉ាត់ រត្នមុនី ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោយពីលោកបានបកប្រែឲ្យក្រុមថតភាពយន្តឯកសាររបស់ទូរទស្សន៍រុស្ស៊ី Russia Today (RT)។
ភាពយន្តឯកសារនោះមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចំពេលដែលរដ្ឋាភិបាលកម្ពុជាបានថ្លែងការណ៍ទៅកាន់ពិភពលោក អំពីជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងកុមារ។ ប៉ុន្តែភាពយន្តឯកសារនេះត្រូវបានចោទថា បានបរិហារអំពីការជួញដូរផ្លូវភេទ និងការជួញដូរកុមារនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាមិនសប្បាយចិត្ត ហើយបានចោទប្រកាន់ថាលោក រ៉ាត់ រត្នមុនី និងទូរទស្សន៍រុស្ស៊ីនោះ បានបង្កើតសាច់រឿង និងបានសូកលុយជនរងគ្រោះក្នុងវីដេអូ ឲ្យសម្តែងដើម្បីបង្ខូចកិត្តិយសរបស់រដ្ឋាភិបាល។
ឪពុករបស់នាងបានមកជួបខ្ញុំ ហើយលុតជង្គង់ អរគុណខ្ញុំ»។ លោកបញ្ជាក់ថា៖ «ការរាយការណ៍ព័ត៌មានជួយជនរងគ្រោះឲ្យមានយុត្តិធម៌»
យ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការផ្លូវច្បាប់ណាមួយប្រឆាំងនឹងទូរទស្សន៍បរទេសនោះទេ ប៉ុន្តែបានចាប់ឃុំខ្លួនលោក រ៉ាត់ រត្នមុនី ដែលជាអ្នកបកប្រែ។ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទ«ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់១៧២០០ដុល្លារអាមេរិក។
ក្រោយការបង្រ្កាបទៅលើប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែត និងអ្នកតស៊ូមតិលើផ្នែកប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ស្ថានភាពបច្ចុប្បន្ន គឺអាក្រក់បំផុតក្នុងប្រវត្តិការងាររបស់ពួកគេ ដោយសារអ្នកសារព័ត៌មានជាច្រើននាក់បានចាប់ផ្តើមរឹតត្បិតការសរសេរព័ត៌មានរបស់ខ្លួន (Self-censorship) ហើយអ្នកខ្លះទៀតត្រូវលាឈប់ពីអាជីពមួយនេះ។ ក្នុងករណីផ្សេងទៀត ពួកគេត្រូវបង្ខំចិត្តចាកចេញពីប្រទេស។
«សារព័ត៌មានជួយបង្កើនសំឡេងរបស់អ្នករងគ្រោះ»
លោក សាវយុត បានរាយការណ៍រឿងជាច្រើនដែលជួយដល់ពលរដ្ឋដែលប្រឈមនឹងភាពអយុត្តិធម៌ពីប្រព័ន្ធតុលាការនៅកម្ពុជា ដែលរងការរិះគន់ថាប្រព្រឹត្តអំពើពុករលួយ។
លោកបានរំឭកករណីមួយនៅក្នុងខេត្តសៀមរាប ដែលស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនខុសក្នុងករណីចោទប្រកាន់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លោកមានប្រសាសន៍ថា លោកបានរកឃើញថាស្រ្តីម្នាក់នោះមិនមានកំហុសនោះទេ។ ហើយការរាយណ៍របស់លោកបានធ្វើឲ្យស្រ្តីម្នាក់នោះត្រូវបានដោះលែង។
លោកមានប្រសាសន៍ថា៖ «ឪពុករបស់នាងបានមកជួបខ្ញុំ ហើយលុតជង្គង់ អរគុណខ្ញុំ»។ លោកបញ្ជាក់ថា៖ «ការរាយការណ៍ព័ត៌មានជួយជនរងគ្រោះឲ្យមានយុត្តិធម៌»។
ក្រៅពីអ្នករងគ្រោះពីការរំលោភបំពាន ពលរដ្ឋទូទៅនៅទីក្រុងសៀមរាបបានលើកឡើងថា មានការខ្វះខាតអត្ថបទព័ត៌មានស៊ីជម្រៅអំពីសង្គម និងនយោបាយ និងមានការធ្លាក់ចុះការធ្លាក់ចុះការជជែកពិភាក្សាគ្នារវាងពលរដ្ឋ ដែលនិយមតាមដានរឿងសង្គម និងនយោបាយ។
ការីនិពន្ធ និងជាអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យគឺលោក ពៅ មេត្តា មានប្រសាសន៍ថា ការរាយការណ៍គឺមិនដូចមុននោះទេ ដោយសាររឿងរសើបមួយចំនួន ត្រូវរក្សាទុកសិន មិនទាន់អាចរាយការណ៍នៅពេលនេះបានទេ។ លោកបន្តថា អ្នកកាសែតមានការព្រួយបារម្ភអំពីការចោទប្រកាន់ ចាប់ដាក់ពន្ធនាគារ ដោយសារតែសរសេររឿងដែលរដ្ឋាភិបាលមិនពេញចិត្ត។
លោកបានថ្លែងថា៖ «ឲ្យតែព័ត៌មាន បើមិនស្របគឺប្រឆាំងតែម្តង។ វាអត់មានព័ត៌មានឯករាជ្យទេ ក្នុងការវាយតម្លៃរបស់អាជ្ញាធរពាក់ព័ន្ធហ្នឹង»។
លោក ពៅ មេត្តា អាយុ៣៤ឆ្នាំ ដែលបានបម្រើការឲ្យស្ថាប័នវិទ្យុសំឡេងប្រជាធិបតេយ្យជិត១០ឆ្នាំមកហើយ មានប្រសាសន៍ថា សាច់ញាតិនិងភរិយារបស់លោក ក៏បានស្នើឲ្យលោកឈប់បំពេញការងារជាអ្នកកាសែត ភ្លាមៗក្រោយការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
កាលពីខែសីហា ឆ្នាំ២០១៧ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ត្រូវបានស្ថានីយ៍វិទ្យុតូចៗឈប់ជួលម៉ោងឲ្យផ្សព្វផ្សាយផងដែរ ដោយពុំមានបញ្ជាក់មូលហេតុ។
សហការីរបស់លោក ពៅ មេត្តា គឺលោក ឆន ចាន់ស៊ី វ័យ៣៦ឆ្នាំ ដែលជាអតីតអ្នកយកព័ត៌មានឲ្យកាសែត ឌឹ ខេមបូឌា ដេលី នៅឆ្នាំ ២០០៧ មានប្រសាសន៍ថា មិនមែនមានតែអ្នកយកព័ត៌មាននោះទេ ដែលមានការប្រុងប្រយ័ត្ន ប៉ុន្តែអ្នកផ្តល់ព័ត៌មានក៏មានការប្រុងប្រយ័ត្នខ្លាំងផងដែរចំពោះប្រធានបទដែលពួកគេនិយាយ។
លោកមានប្រសាសន៍ថា៖ «កាលណាគាត់និយាយអ្វី វាមានបញ្ហាលើសលប់ប៉ះពាល់នរណាម្នាក់គាត់អាចប្រឈមនឹងរឿងផ្លូវច្បាប់ណាមួយដែរ។ អាហ្នឹងវាអ៊ីចឹង។ អ៊ីចឹងយើងក៏ពិបាកក្នុងការធ្វើព័ត៌មានដែរ»។
ខ្ញុំនៅតែនឹកនិងសោកស្តាយដែលមិនបានរាយការណ៍តទៅទៀត។ ប៉ុន្តែខ្ញុំអាចធ្វើអ្វី ដោយសារខ្ញុំមិនអាចរាយការណ៍រឿងបន្តទៀត»
នៅក្នុងខេត្តសៀមរាប លោក សាវយុត ធ្លាប់រាយការណ៍រឿងរ៉ាវជាច្រើននៅក្នុងខេត្តទេសចរណ៍មួយនេះ រួមមានទាំងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអាជ្ញាធរអប្សរា ដែលកើតឡើងជាង១៣ឆ្នាំមកហើយ។ រឿងដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ២០០៦ ដែលធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ដែលជាកសិករ ដោយអាជ្ញាធរត្រូវបានចោទប្រកាន់ថាយកដីរបស់ប្រជាពលរដ្ឋដែលរស់នៅ ដោយខុសច្បាប់។
អស់រយៈពេលជាច្រើនឆ្នាំ ដែលលោក មីន ហួរ ជាកសិករម្នាក់ ធា្លប់បានផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរីអំពីជម្លោះដីធ្លី រវាងសហគមន៍របស់លោកជាមួយអាជ្ញាធរជាតិអប្សរា។
ក្នុងនាមជាពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់ លោក មីន ហួរ មានប្រសាសន៍ថា សារព័ត៌មានជួយបង្កើនសំឡេងរបស់អ្នករងគ្រោះ។ លោកបន្តថា បញ្ហារសើបនានាទាក់ទិននឹងការរំលោភបំពានលែងត្រូវបានរាយការណ៍ និងគ្មានអ្នកដឹងឭ ដោយសារអវត្តមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន។
លោកមានប្រសាសន៍ថា៖ «វាមានសារសំខាន់ណាស់ដែលមានអ្នកកាសែតយកព័ត៌មាន ដូច្នេះវាបានឭទៅដល់គេទាំងអស់គ្នានៅទូទាំងប្រទេស»។
លោកបញ្ជាក់បន្ថែមថា៖ «មិនដឹងស្តាប់ពីណាទៅណី មិនដឹងជាព័ត៌មានណាពិត ព័ត៌មានណាមិនពិតអញ្ចេះណា។ ខ្ញុំសព្វថ្ងៃ បាត់បង់ការងារ កូនសិក្សារៀនសូត្រអត់បានចប់ផង។ ដោយសារអី? ដោយសាររឿងបាត់បង់ដីធ្លីនេះធំធេង»។
បើទោះជាលោក សាវយុត ធ្លាប់រាយការណ៍អំពីជម្លោះដីធ្លីនេះ ១៣ឆ្នាំក្រោយមក ជម្លោះនេះនៅតែបន្តកើតឡើង ប៉ុន្តែលោក សាវយុត លែងបានរាយការណ៍តទៅទៀតហើយ។
ដូចអ្នកផ្សេងទៀតដែរ លោក សាវយុត នៅតែសង្ឃឹមថា ស្ថានភាពនឹងប្រសើរឡើង ហើយលោកអាចបន្តការងាររបស់លោកជាអ្នកយកព័ត៌មាននៅស្ថាប័នឯករាជ្យដែលអាចមានសេរីភាពច្រើនក្នុងការសរសេរព័ត៌មាន។
ទោះជាយ៉ាងណា លោក សាវយុត ដែលកំពុងប្រឈមនឹងការមិនមានការងារធ្វើ និងមិនអាចរកចំណូលចិញ្ចឹមគ្រួសារ លោកនៅតែមានបំណងចង់ធ្វើការនៅក្នុងវិស័យសារព័ត៌មាននេះប្រមាណ១០ឆ្នាំទៀត មុនលោកចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅតែនឹកនិងសោកស្តាយដែលមិនបានរាយការណ៍តទៅទៀត។ ប៉ុន្តែខ្ញុំអាចធ្វើអ្វី ដោយសារខ្ញុំមិនអាចរាយការណ៍រឿងបន្តទៀត។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងធ្វើក្នុងវិស័យនេះជាង១០ឆ្នាំទៀត មុននឹងខ្ញុំចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ»៕