ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់បណ្ដាញផ្សាយព័ត៌មានសកល (U.S. Agency for Global Media) បានអំពាវនាវឱ្យតុលាការកម្ពុជា ទម្លាក់បទចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបជាបន្ទាន់ ដោយទីភ្នាក់ងារនេះ ចាត់ទុកថាការបន្តនីតិវិធីស៊ើបអង្កេតទៅលើពួកគេ បានរំលោភបំពានលើសិទ្ធិពលរដ្ឋរបស់អ្នកទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ទីភ្នាក់ងារផ្សាយព័ត៌មានដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនមួយនេះ។
ការអំពាវនាវនេះ ធ្វើឡើងមួយថ្ងៃ ក្រោយពីតុលាការក្រុងភ្នំពេញ បានសម្រេចឱ្យស៊ើបអង្កេតបន្ថែមទៀតលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់ គឺលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន។ អ្នកទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានចោទប្រកាន់ពីបទ«ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ការចោទប្រកាន់នេះ កើតឡើង ដោយអាជ្ញាធរកម្ពុជាអះអាងថាអ្នកទាំងពីរនៅបន្តផ្ដល់ព័ត៌មានឱ្យវិទ្យុអាស៊ីសេរី ក្រោយពីវិទ្យុនេះ បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ ដោយសាររងសម្ពាធពីរដ្ឋាភិបាល។
ក្រោយមក តុលាការក្រុងភ្នំពេញ ក៏បានចោទប្រកាន់លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិនមួយករណីបន្ថែមទៀតគឺបទ«ផលិតនិងកាន់កាប់រូបភាពអាសអាភាស» តាមមាត្រា៣៩នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលអាចធ្វើឱ្យអ្នកទាំងពីរប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១៦ឆ្នាំ ប្រសិនបើពួកគេ ត្រូវបានសម្រេចថាមានទោសតាមបទចោទទាំងពីរនេះ។ ប៉ុន្តែ អតីតអ្នកកាសែតទាំងពីរនាក់ បានបដិសេធការចោទប្រកាន់ទាំងនេះ។
ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់បណ្ដាញផ្សាយព័ត៌មានសកល (USAGM) ចាត់ទុកការចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះ ថា«ជាការប៉ុនប៉ងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីបំបិទមាត់ជនណាដែលហ៊ានរាយការណ៍ពីការណ៍ពិតនៅក្នុងប្រទេសកម្ពុជា»។
សេចក្ដីថ្លែងការណ៍របស់ទីភ្នាក់ងារនេះលើកឡើងថា ការបន្តនីតិវិធីស៊ើបអង្កេតលើអ្នកកាសែតទាំងពីរគឺជា«ភស្តុតាងបន្ថែមទៀតដែលបង្ហាញថានៅកម្ពុជា វិជ្ជាជីវៈសារព័ត៌មានត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ»។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការបន្តការបំភិតបំភ័យនិងការគាបសង្កត់ដែលមានចេតនាបង្កឱ្យមានភាពភ័យខ្លាចនេះ បានត្រឹមតែធ្វើឱ្យទីភ្នាក់ងារ USAGM រឹតតែគាំទ្រអ្នកកាសែតនិងបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនរួមទាំងវិទ្យុអាស៊ីសេរីផង។
ស្របពេលជាមួយគ្នានេះដែរ បណ្ដាអង្គការការពារអ្នកកាសែតនិងសិទ្ធិមនុស្សទាំងក្នុងនិងក្រៅប្រទេសជាច្រើន ក៏បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ដោយថ្កោលទោសនិងសម្ដែងការខកចិត្តចំពោះការសម្រេចរបស់តុលាការក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការបន្តស៊ើបអង្កេតបន្ថែមលើអ្នកកាសែតទាំងពីរនាក់។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាព្រមទាំងអង្គការសមាគមជិត៤០ផ្សេងទៀតរួមទាំងអង្គការ Human Rights Watch ផង បានហៅការសម្រេចរបស់តុលាការថា«បានប៉ះពាល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងរំលេចឱ្យឃើញនូវការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា»។
បណ្ដុំអង្គការសមាគមទាំងនេះ ក៏បានស្នើឱ្យមានការទម្លាក់ចោទបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់ជាបន្ទាន់។
លោក Daniel Bastard ប្រធានកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វ្រិកនៃអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី៣ ខែតុលាថា ចៅក្រមជំនុំជម្រះគឺលោក អ៊ឹម វណ្ណៈ ខ្លួនឯង បានទទួលស្គាល់ថាតំណាងអយ្យការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកជនជាប់ចោទ ប៉ុន្តែចៅក្រមនៅតែបដិសេធ មិនព្រមច្រានចោលបទចោទប្រកាន់ទៅលើលោក យាង សុធារិន្ទនិងលោក អ៊ួន ឈិនដដែល។
លោកនិយាយថា៖ «ការណ៍នេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីប្រព័ន្ធយុត្តិធម៌មួយ ដែលធ្វើតាមការចង់បានរបស់រដ្ឋាភិបាល ហើយការធ្វើទុក្ខបុកម្នេញអ្នកយកព័ត៌មានទាំងពីរនាក់នេះ និងការបំពុលជីវិតរបស់ពួកគេនេះ គឺជាការព្យាយាមបំភិតបំភ័យអ្នកកាសែតនៅកម្ពុជាទាំងអស់»។
អង្គការការពារអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងនេះ ក៏បានជំរុញឱ្យដៃគូដែលធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ជាពិសេសសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ឱ្យពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលខ្លួននៅមានជាមួយនឹងកម្ពុជា៕