ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​​ថៃ​កើត​មាន​ឡើង​ទោះបី​​​ជំងឺ​កូវីដ១៩​​​​ហក់​ឡើង​ខ្ពស់​


ក្រុម​អ្នក​គាំទ្រលទ្ធិ​​ប្រជាធិបតេយ្យ​​​ដែល​ពាក់​ម៉ាស់​​ដង្ហែ​ក្បួន​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១។
ក្រុម​អ្នក​គាំទ្រលទ្ធិ​​ប្រជាធិបតេយ្យ​​​ដែល​ពាក់​ម៉ាស់​​ដង្ហែ​ក្បួន​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១។

ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ប្រឈម​នឹង​វត្តមាន​កម្លាំង​ប៉ូលិស​ថៃ​ជាច្រើន​នៅ​ក្នុង​ទី​ក្រុង​បាងកក​កាល​ពី​ចុង​សប្តាហ៍ទោះបី​ខណៈប្រទេស​នេះ​តស៊ូ​ទប់ទល់​កំណើនជំងឺ​កូវីដ​១៩យ៉ាង​ខ្ពស់​នោះ។​

​ក្រុម​សកម្មជន​ជា​ច្រើន​រយ​នាក់បាន​នាំ​គ្នា​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុងរាជធានី​បាងកកដោយអំពាវនាវឱ្យ​មាន​កំណែ​ទម្រង់នយោបាយ។​ ការ​ទាម​ទារឱ្យ​មាន​កំណែ​ទម្រង់​នេះ​កើតចេញ​ពី​ចលនា​តវ៉ា​ដ៏​ធំ​មួយកាល​ពី​ឆ្នាំ​ទៅ​គួប​ផ្សំ​នឹង​ការ​ខឹង​សម្បាលើ​ភាព​យឺតយ៉ាវ​នៃ​យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំងកូវីដ១៩។​

បើ​ទោះ​បី​ជា​មាន​ករណី​ហក់​ឡើង​ខ្ពស់​នៃ​ជំងឺកូវីដ១៩​ក៏​ដូច​ជា​ការ​បិទ​ខ្ទប់ផ្នែក​ខ្លះ​នៃ​ទីក្រុងនិង​បញ្ហា​អាកាស​ធាតុ​មិនអំណោយ​ផល​យ៉ាងណាក្តីក៏​មិន​បានរារាំង​ការ​ជួប​ប្រជុំ​របស់​ក្រុម​អ្នក​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ។​

នៅ​ពាក់​កណ្តាល​រសៀល​ថ្ងៃ​អាទិត្យ​ក្រុម​អ្នក​តវ៉ាបានប្រមូល​ផ្តុំ​គ្នាដោយ​ជិះ​ម៉ូតូ​និង​រថយន្ត​នៅ​ជិត​វិមាន​ជ័យ​ជម្នះ​ក្នុង​សង្កាត់ ​Ratchathewi។​ ដើម្បី​អបអរ​បុណ្យ​ចូល​វស្សា​អ្នកចូល​រួម​ធម្មយាត្រាគ្រង​សម្លៀក​បំពាក់​តាម​បែប​ប្រពៃណី​ថៃ​ហើយ​អ្នក​ខ្លះ​ទៀតបាន​លើក​ម្រាម​ដៃ​៣​ដែល​ជា​និម្មិត​សញ្ញា​នៃ​កំណែ​ទម្រង់។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ម្នាក់​លើក​ដៃ​ធ្វើ​សញ្ញា​ម្រាម​៣ក្នុង​អំឡុង​បាតុកម្ម​មួយនៅ​ទី​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០២១។ (វីអូអេ/Tommy Walker)
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ម្នាក់​លើក​ដៃ​ធ្វើ​សញ្ញា​ម្រាម​៣ក្នុង​អំឡុង​បាតុកម្ម​មួយនៅ​ទី​ក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ​២០២១។ (វីអូអេ/Tommy Walker)

ក្រុម​អ្នក​តវ៉ា​បាន​ព្យាយាម​ដើរ​សំដៅ​ទៅ​វិមាន​រដ្ឋាភិបាលក្នុងទីក្រុង​បាងកក​ទាម​ទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ Prayuth Chan-O-cha ​និង​គណៈរដ្ឋមន្ត្រី​របស់​លោក​ចុះ​ចេញ​ពី​តំណែង​ប៉ុន្តែពួកគេ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយក្រុម​ប៉ូលិសប្រឆាំង​កុបកម្ម​ដែល​បានឈរ​តម្រង់​ជួររារាំង​មិនឱ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន។​ប៉ូលិស​បាន​ដាក់​របាំងបិទ​ផ្លូវ​ដោយប្រើ​លួស​បន្លា​និងកុងតឺន័រធំៗ។​

និស្សិត​បាតុករ​ម្នាក់​នៅ​ក្រុង​បាងកក​ដែល​ថា​ ឈ្មោះ​របស់​គាត់​ជា​ភាសា​អង់គ្លេស​គឺ​ Tyler​ និយាយ​ថា គាត់តវ៉ាឱ្យ​មាន​កំណែ​ទម្រង់រដ្ឋាភិបាល​និងឱ្យ​មាន​សមភាព​កាន់​តែ​ច្រើន​ថែម​ទៀត​ដែល​រួម​មាន​សិទ្ធិ​ស្ត្រី​ផង​ដែរ។​គាត់​និយាយ​ថា​«យើង​មើល​ឃើញ​អយុត្តិធម៌​ក្នុង​ប្រទេស​ថៃ។​យើង​ត្រូវ​តែ​ធ្វើការ​កែ​ទម្រង់»។

បាតុករនិស្សិត​ម្នាក់​ទៀត​ដែលថា​ គាត់​ឈ្មោះ​ Maprand​ និយាយ​ថា​គាត់ខឹង​សម្បា​ដែល​សាធារណជន​មិន​មាន​ជម្រើសក្នុង​ការចាក់​វ៉ាសាំង​កូវីដ១៩​ដោយ​គាត់​សួរថា​ហេតុអ្វី​បាន​ជា​ប្រទេស​ថៃមិន​ទិញ​វ៉ាក់សាំង Pfizer ​និង Moderna។​ គាត់​បានប្រាប់​វីអូអេ​ថា​«ខ្ញុំ​គិត​ថា​វ៉ាក់សាំង​ Sinovac​ របស់​ចិន​មិន​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ខ្ញុំ​ទេ​ហើយ​វា​មិន​ល្អ​នោះ​ទេ»។​

ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​មានអ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ជាង​១៥.០០០​នាក់​និង​មាន​អ្នក​ស្លាប់​ជាង​១០០​នាក់​ដែល​ជា​ចំនួន​ដ៏​ខ្ពស់​បំផុតចាប់តាំង​ពី​ជំងឺ​រាតត្បាត​នេះ​ចាប់​ផ្តើម។​ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​របស់​ប្រទេស​ថៃ៕

XS
SM
MD
LG