សកម្មជនប្រឆាំងរដ្ឋាភិបាលថៃម្នាក់ ដែលបានរងការចោទប្រកាន់ពីការដុតព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រព្រះ Maha Vajiralongkorn បានត្រូវចាប់ខ្លួននៅថ្ងៃពុធនេះ។ នេះ តាមការបញ្ជាក់របស់ប៉ូលិស។ នេះជាការចាប់ខ្លួនចុងក្រោយនៃមនុស្សរាប់សិបនាក់ ដែលបានរងការចោទប្រកាន់ប៉ុន្មានខែថ្មីៗនេះ ចំពោះការប្រមាថព្រះមហាក្សត្រ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Chaiamorn “Ammy” Kaewwiboonpan ជាតន្ត្រីករនិងជាសកម្មជនដែលមានអាយុ៣២ឆ្នាំ បានត្រូវចាប់ខ្លួននៅខេត្ត Ayutthaya (អយុធ្យា) ដែលនៅភាគខាងជើងទីក្រុងបាងកក ហើយបានរងការចោទប្រកាន់ពីការដុតព្រះឆាយាលក្ខណ៍កាលពីថ្ងៃអាទិត្យ នៅខាងមុខពន្ធនាគារមួយកន្លែងនៅទីក្រុងបាងកក ដែលសកម្មជនល្បីល្បាញ៤នាក់ទៀត បានត្រូវគេឃុំខ្លួននៅទីនោះ។
លោក Chaiamorn បានរងការចោទប្រកាន់នៅក្រោមច្បាប់ប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រដ៏តឹងរឹង ដែលអាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ប្រសិនបើរកឃើញថា មានទោស និងការដុតនិងការចូលកន្លែងរដ្ឋាភិបាលខុសច្បាប់។
ការតវ៉ាដែលដឹកនាំដោយក្រុមយុវជនអស់រយៈពេលជាច្រើនខែប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Prayuth Chan-ocha ដែលដឹកនាំដោយក្រុមយោធាកាលពីឆ្នាំទៅ ក៏ខុសនឹងទំនៀមទម្លាប់ដោយបានអំពាវនាវឲ្យមានកំណែទម្រង់ប្រព័ន្ធរាជាធិបតេយ្យដ៏មានអំណាចដែរ។
មនុស្សយ៉ាងហោចណាស់ក៏៦១នាក់ដែរ បានរងការចោទប្រកាន់ជាបន្តបន្ទាប់នៅក្រោមច្បាប់ប្រមាថព្រះចេស្តា។ នេះ ផ្អែកលើទិន្នន័យដែលបានប្រមូលចងក្រងដោយក្រុមជំនួយផ្នែកច្បាប់របស់មេធាវីដើម្បីសិទ្ធិមនុស្សរបស់ថៃ។
មនុស្ស៤នាក់ដែលត្រូវបានចាប់ខ្លួនក្នុងចំណោមមនុស្សទាំងនោះ ជាមេដឹកនាំការតវ៉ាប្រឆាំងដ៏ល្បីល្បាញ ដែលនៅស្ថិតក្នុងពន្ធនាគារនៅពេលបច្ចុប្បន្ននេះដើម្បីរង់ចាំការកាត់ទោស៕