អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងសង្គមកិច្ច រួចបញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីរូបនោះត្រូវបានរកឃើញថា បានកិបកេងថវិការដ្ឋ ខណៈកំពុងកាន់តួនាទីទទួលបន្ទុកខាងហិរញ្ញវត្ថុ។
អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឡាយ សំណាងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃអង្គារ ក្រោយការសង្ស័យចំពោះការប្រព្រឹត្តខុសរបស់លោកដែលកើតឡើងតាំងពីឆ្នាំ២០១៩។ នៅមុនពេលមានការចាប់ខ្លួននេះ ក្រសួងសង្គមកិច្ចក៏មានវិធានការបន្តបន្ទាប់ដែរតាំងពីឆ្នាំ២០២០។ នេះបើតាមមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប្រាប់វីអូអេថា សំណុំរឿងរបស់លោក ឡាយ សំណាង ដែលសង្ស័យថា បានកិបកេងថវិការដ្ឋចំនួនជាង១៥៤៨លានរៀល ឬស្មើនឹងជាង៣៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវបានបញ្ជូនទៅតុលាការរួចហើយកាលពីព្រឹកថ្ងៃពុធនេះ។
លោកថ្លែងថា៖ «សំណុំរឿងយើងបានបញ្ជូនព្រឹកមិញរួចហើយ ឥឡូវនេះ គាត់កំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបសួររបស់ព្រះរាជអាជ្ញា»។
បើតាមលោក សយ ចាន់វិចិត្រ លោកឡាយ សំណាង ដែលមានតួនាទីជាអ្នកទៅបើកប្រាក់ពីរតនាគារ ឬធនាគារដើម្បីយកមកដាក់ក្នុងបេឡារបស់ក្រសួងសង្គមកិច្ចនោះ ត្រូវសង្ស័យថា បានកិបកេងប្រាក់រដ្ឋ ដោយសារលោកមិនយកសាច់ប្រាក់ដែលបើកបានពីរតនាគារ ឬធនាគារទៅដាក់ក្នុងបេឡារបស់ក្រសួង។
លោកលើកឡើងថា៖ «តួនាទីរបស់គាត់មួយទៀតគឺគាត់ត្រូវបានក្រសួងប្រគល់តួនាទីឲ្យជាអ្នកបើកផ្តល់ បើកផ្តល់ ហើយនឹងបើកលុយពីខាងរតនាគារ ពីខាងធនាគារមក។ អ៊ីចឹង នៅពេលដែលគាត់បើកមក គឺគាត់ត្រូវយកលុយហ្នឹងមកដាក់បេឡារបស់ក្រសួង។ ប៉ុន្តែគាត់យកមកគឺគាត់អត់យកមកដាក់ទេ ហើយគាត់ដោះសារហូរហែអ៊ីចឹងមក។ ប៉ុន្តែតាមពិត គាត់យកលុយហ្នឹងជាប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ សម្រាប់ការចំណាយផ្សេងៗ សម្រាប់ខ្លួនគាត់»។
លោក ឡាយ សំណាង អាចត្រូវបានចោទប្រកាន់តាមមាត្រាសំខាន់ពីរនៃក្រមព្រហ្មទណ្ឌកម្ពុជាគឺមាត្រា៥៩៧ និង៥៩៨ ហើយមន្ត្រីសង្គមកិច្ចរូបនោះក៏រងការចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់។ នេះបើតាមលោក សយ ចាន់វិចិត្រ។
ក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា៥៩៧ចែងពីការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ហើយមាត្រា៥៩៨ចែងពីការផ្តន្ទាទោសពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល បើជនសង្ស័យត្រូវបានរកឃើញថា មានទោស។
លោក ឡាយ សំណាង ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា បានកិបកេងប្រាក់ជាង៣៨ម៉ឺនដុល្លារ ក្នុងនោះមានទាំងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ។
ជុំវិញករណីកិបកេងថវិការបស់រដ្ឋនេះ មន្ត្រីស្មៀននៅសង្កាត់តាខ្មៅម្នាក់គឺលោក សុខ សុផា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនចំពោះការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទឹកប្រាក់ដែលសង្ស័យថា មន្ត្រីនេះបានកិបកេងនោះមានចំនួនជាង៦០លានរៀល។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ឈួរ សុបញ្ញា បញ្ជាក់ឲ្យវីអូអេដឹងនៅថ្ងៃពុធនេះថា សំណុំរឿងលោកឡាយ សំណាង ជារឿងដាច់ដោយឡែកពីមូលនិធិជាតិជំនួយសង្គម ដែលកំពុងដំណើរការក្រោមការពិនិត្យច្បាស់លាស់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។
លោកថ្លែងថា៖ «អានេះ រឿងផ្សេងទេ អត់មានពាក់ព័ន្ធនឹងការងាររបស់ជំនួយសង្គមទេ។ រឿងហ្នឹង ការណ៍ពិតកើតយូរហើយប្រមាណពីរ បីឆ្នាំហើយ ប៉ុន្តែយើងតម្រូវឲ្យសាមីខ្លួនសងលុយមកវិញ តែសាមីខ្លួនគាត់អត់សង។ អ៊ីចឹង យើងបានចាត់ការទៅតាមនីតិវិធីច្បាប់ ហើយវាអត់មានពាក់ព័ន្ធទៅនឹងកម្មវិធីផ្ទេរសាច់ប្រាក់ដែលជាកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាលទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា សង្គមស៊ីវិលអបអរវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើមន្ត្រីដែលសង្ស័យថា កិបកេងលុយរដ្ឋនោះ តែថា ការស៊ើបអង្កេតជាប្រព័ន្ធមួយគួរតែធ្វើឡើង ព្រោះទំហំលុយរដ្ឋដែលសង្ស័យថា ត្រូវបានលួចយកនោះមានចំនួនធំ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ថវិកាដែលសង្ស័យថា មានការលួចហ្នឹងមានទំហំធំ ដូច្នេះខ្ញុំគិតថា គួរតែមានការស៊ើបអង្កេតជាប្រព័ន្ធទៅលើករណីនេះ ដើម្បីស្វែងរកការណ៍ពិតផង ហើយដើម្បីស្វែងរកអ្នកដែលអាចជាប់ពាក់ព័ន្ធនៅក្នុងការកិបកេងថវិកាជាតិនេះ បាទ។ នេះគឺជាវិធីមួយនៅក្នុងការបង្ក្រាបបទល្មើសជាប្រព័ន្ធ ហើយអាចគំរាមទៅដល់មន្ត្រីដទៃទៀតដែលមានគំនិតចង់កិបកេងថវិកាជាតិ ថវិកាសាធារណៈហ្នឹង កុំឲ្យធ្វើ»។
លោកបន្ថែមថា ទង្វើនៃការលួចថវិកាដែលទុកសម្រាប់ជួយពលរដ្ឋជាជនងាយរងគ្រោះ ដែលរួមមានទាំងស្ត្រី ជនពិការក្រីក្រ ចាស់ជរា គ្រាសេដ្ឋកិច្ចប្រទេសមានការចុះថមថយ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចសាកលនោះ គឺជាអំពើអសីលធម៌។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ អះអាងថា មុនពេលមានការឃាត់ខ្លួនលោក ឡាយ សំណាង អង្គភាពបានបើកការស៊ើបអង្កេតល្អិតល្អន់ រយៈពេលជាង១៣ខែ ហើយរកឃើញភស្តុតាងគ្រប់គ្រាន់ សម្រាប់ការបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់ថា អយ្យការបានទទួលសំណុំរឿងលោក ឡាយ សំណាង កាលពីព្រឹកថ្ងៃពុធនេះ ហើយបាននិងកំពុងតែដំណើរការនីតិវិធី។
គួររំឭកថា កាលពីខែមករា ឆ្នាំ២០២២ អង្គការតម្លាភាពអន្តរជាតិ ដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់ បានចេញសន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយឆ្នាំ២០២១ ដោយបង្ហាញថា អំពើពុករលួយនៅកម្ពុជាស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ ហើយកាលពីខែមករា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជារកឃើញថា ស្ថាប័នតុលាការ ប៉ូលិស និងវិស័យសាធារណៈ នៅតែជាស្ថាប័នដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា៕