ស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅទ្វីបអាស៊ីមាន «លក្ខណៈចម្រុះ» ខណៈអំពើពុករលួយ វិសមភាពសង្គម ព័ត៌មានប្រឌិត និងបញ្ហាសុខភាពសាធារណៈ បានក្លាយជាបញ្ហាចម្បង ដែលប៉ះពាល់ដល់ភាពធន់នៃលទ្ធិប្រជាធិបតេយ្យនៅទ្វីបនេះ។ នេះបើយោងតាមការវាយតម្លៃរបស់អ្នកជំនាញ។
លោក Thomas Pepinsky សាស្ត្រាចារ្យផ្នែករដ្ឋាភិបាលនៃសាកលវិទ្យាល័យ Cornell បានប្រាប់ដល់កិច្ចពិភាក្សាស្ដីពីលទ្ធិប្រជាធិបតេយ្យនៅទ្វីបអាស៊ីដែលរៀបចំឡើងដោយវិទ្យាស្ថាន Brookings ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី ១៤ ខែធ្នូកន្លងទៅនេះថា ការដោះស្រាយបញ្ហាអំពើពុករលួយនៅអាស៊ីគឺជួបការលំបាកដោយសារតែអ្នកនយោបាយក្នុងប្រទេសទាំងនេះបាន «យកកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយធ្វើជាបញ្ហានយោបាយ»។
លោក Thomas Pepinsky ដែលបានសិក្សាស្រាវជ្រាវអំពីអំពើពុករលួយនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបន្ថែមថា៖
«នៅក្នុងប្រទេសនីមួយៗនៃប្រទេសទាំងនេះ យើងឃើញថា អ្នកនយោបាយដែលនឹងក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតរឿងពុករលួយបានប្រឹងប្រែងយកទីភ្នាក់ងារដែលនឹងស៊ើបអង្កេតពួកគេធ្វើនយោបាយ»។
ព័ត៌មានប្រឌិតក៏ជាបញ្ហាមួយទៀតដែលរួមចំណែកបង្អាក់ដល់ដំណើរការប្រជាធិបតេយ្យនៅទ្វីបអាស៊ីដែរ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Nuurrianti Jalli សាស្ត្រាចារ្យជំនួយផ្នែកសារគមនាគមន៍នៃសាកលវិទ្យាល័យ Northern State University។
ក្រុមរបស់អ្នកស្រី Nuurrianti Jalli បានសិក្សាស្រាវជ្រាវលើបញ្ហាព័ត៌មានប្រឌិតនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសជប៉ុន ម៉ាឡេស៊ី ថៃ និងកោះតៃវ៉ាន់។នៅទីនោះ ព័ត៌មានប្រឌិតត្រូវបានចែកចាយដោយងាយស្រួលនៅលើអ៊ីនធឺណិតនិងតាមបណ្ដាញសង្គមអនឡាញជាភាសាក្នុងស្រុក ហើយពលរដ្ឋមួយចំនួននៅខ្វះជំនាញយល់ដឹងដែលធ្វើឲ្យពួកគេអាចត្រូវបាន «បំភាន់ដោយងាយស្រួល» ប្រសិនបើមិនបានពិចារណាត្រឹមត្រូវ ហើយធ្វើឲ្យពួកគេធ្វើសេចក្ដីសម្រេចចិត្តខុស។
អ្នកស្រី Nuurrianti Jalli បានបន្ថែមថា៖ «ករណីនេះប៉ះពាល់បែបអវិជ្ជមានដល់លទ្ធិប្រជាធិបតេយ្យដោយសារតែលទ្ធិប្រជាធិបតេយ្យមិនអាចរីកលូតលាស់នៅក្នុងបរិយាកាសព័ត៌មានដូចនេះបានទេ។ ដូច្នេះ ប្រសិនបើនរណាម្នាក់បំភាន់អ្នក នោះអ្នកនឹងមិនអាច...បោះឆ្នោតបានត្រឹមត្រូវ មិនអាចធ្វើសេចក្ដីសម្រេចចិត្តបានត្រឹមត្រូវផ្នែកនយោបាយ ហើយអ្នកនឹងជ្រើសរើសមេដឹកនាំមិនល្អ»។
តំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានអ្នកជំនាញចាត់ទុកថាជាខ្សែត្រៀមជួរមុខសម្រាប់ការសិក្សាពីអភិបាលកិច្ចប្រជាធិបតេយ្យ ដែលទាមទារឲ្យមានការសិក្សាឲ្យបានដឹងច្បាស់ពីតួនាទីនិងឥទ្ធិពលរបស់ប្រជាធិបតេយ្យ ដោយសារវាមានផលប៉ះពាល់ដល់ស្ថិរភាពសង្គមនិងជីវភាពរស់នៅរបស់ពលរដ្ឋ។
អ្នកស្រាវជ្រាវក៏បានរកឃើញថា វិសមភាពសង្គមគឺជាបញ្ហាដ៏ធំក្នុងតំបន់នេះផងដែរដែលមានផលប៉ះពាល់ដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
លោក Andrew Yeo សាស្ត្រាចារ្យផ្នែកនយោបាយនៃសាកលវិទ្យាល័យ Catholic University of America ដែលការសិក្សាស្រាវជ្រាវរបស់ក្រុមលោកផ្ដោតលើវិសមភាពនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងកូរ៉េខាងត្បូង បាននិយាយថា វិសមភាពសេដ្ឋកិច្ចគឺជាបញ្ហាចម្បងដែលប៉ះពាល់ដល់អភិបាលកិច្ចបែបប្រជាធិបតេយ្យ។
លោក Yeo បានរិះគន់ករណីលម្អៀងនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីដែលគាំទ្រខ្លាំងដល់ក្រុមជាតិសាសន៍ម៉ាឡេ ឬ Bumiputras ។
លោក Yeo បានបញ្ជាក់បន្ថែមថា ក្រៅពីវិសមភាពសេដ្ឋកិច្ច ក្រុមស្រាវជ្រាវរបស់លោកបានទទួលស្គាល់ថា មានវិសមភាពផ្នែកផ្សេងៗទៀតដូចជា «លទ្ធភាពមានកម្រិត ឬមិនស្មើភាពនៅក្នុងការទទួលបានការអប់រំនិងសេវារដ្ឋាភិបាល» និង «វិសមភាពជាតិសាសន៍និងលទ្ធភាពមិនស្មើភាពនៅក្នុងការចូលរួមក្នុងដំណើរការនយោបាយ» ជាដើម។
បញ្ហាសំខាន់ចុងក្រោយមួយទៀតដែលវាគ្មិនទាមទារឲ្យមានការយកចិត្តទុកដាក់គឺបញ្ហាសុខភាពសាធារណៈ។
អ្នកស្រី Syaru Shirley Lin សាស្ត្រាចារ្យស្រាវជ្រាវនៃមជ្ឈមណ្ឌលកិច្ចការសាធារណៈ Miller នៅសាកលវិទ្យាល័យ University of Virginia បានបញ្ជាក់ថា ទំនុកចិត្តសាធារណៈលើរដ្ឋាភិបាល គឺជាកត្តាសំខាន់បំផុតសម្រាប់ប្រទេសនីមួយៗនៅក្នុងការឆ្លើយតបបានប្រសើរចំពោះវិបត្តិសុខភាពសាធារណៈ។
ដោយដកស្រង់បទពិសោធនៃការឆ្លើយតបរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ លើបញ្ហាជំងឺកូវីដ១៩ ដែលទើបតែផ្តោតខ្លាំងនៅពេលមានវិបត្តិសុខភាពសាកលនេះ អ្នកស្រី Syaru Shirley Lin បានស្នើឡើងថា៖
«យើងចាំបាច់ត្រូវវិនិយោគលើវិស័យសុខភាពសាធារណៈ ហើយចំណុចសំខាន់បំផុត យើងចាំបាច់ត្រូវវិនិយោគលើប្រព័ន្ធច្បាប់ដែលអនុញ្ញាតឱ្យយើងអាចអនុវត្តបាននៅពេលដែលមានស្ថានការណ៍បន្ទាន់កើតឡើង»។
អ្នកស្រីបានបន្ថែមថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យមាន «តុល្យភាពរវាងអាទិភាពនៃសុខភាពសាធារណៈនិងគុណតម្លៃប្រជាធិបតេយ្យផ្សេងទៀត ដូចជាឯកជនភាពជាដើម» ដែលនេះគឺជាកត្តាចាំបាច់ដែលនឹងមិនប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។
ប្រទេសនៅអាស៊ីខ្លះបានប្រើប្រាស់វិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩ ដើម្បីបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនិងរំលោភលើឯកជនភាពរបស់ពួកគេ។ ក្នុងនោះមានប្រទេសចិនដែលគោលនយោបាយ «គ្មានកូវីដ» ត្រូវបានរិះគន់ជាខ្លាំងមុនពេលប្រទេសកុម្មុយនីស្តនេះ បន្ធូរបន្ថយការរឹតបន្តឹងខ្លះ ក្រោយពីមានបាតុកម្មតវ៉ាជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
«សមត្ថភាពខាងប្រជាធិបតេយ្យ» គឺជាកត្តាសំខាន់សម្រាប់ភាពរស់រានទៅមុខនៃលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់លោក Byunghwan Son សាស្ត្រាចារ្យរងនៃកម្មវិធីកិច្ចការសាកលលោកនៅសាកលវិទ្យាល័យ George Mason។
លោកបានថ្លែងថា ការធ្លាក់ចុះនៃសមត្ថភាពនេះគឺធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ «ពុកផុយ» ដោយលោកបានបន្ថែមថា «វាជាការសំខាន់ដែលយើងផ្ដោតលើផ្នែកគោលនយោបាយទាំងបួននេះ ដែលមានសារៈសំខាន់ជាមូលដ្ឋានសម្រាប់ការសម្រេចបាននូវការទទួលខុសត្រូវបែបប្រជាធិបតេយ្យ»។
បើទោះបីជាមានបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យនៅទ្វីបអាស៊ីដូចអ្នកជំនាញទាំងអស់បានលើកឡើងក៏ដោយ ក៏លោក Andrew Yeo នៃសាកលវិទ្យាល័យ Catholic University of America យល់ថា ទ្វីបអាស៊ី «ធ្វើបានប្រសើរ» ទាក់ទិននឹងលទ្ធិប្រជាធិបតេយ្យ បើប្រៀបជាមួយនឹងតំបន់ដទៃទៀតនៅលើពិភពលោក។
លោក Thomas Pepinsky នៃសាកលវិទ្យាល័យ Cornell បានលើកឡើងដែរថា ដើម្បីជំរុញឱ្យការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដំណើរការទៅមុខទាមទារឲ្យមានការចូលរួមរបស់សង្គមស៊ីវិលជាចាំបាច់បំផុតនិងជាអាទិភាពកំពូល។
លោក Pepinsky នៅតែមានសុទិដ្ឋិនិយមនិងទំនុកចិត្តថា ប្រទេសប្រជាធិបតេយ្យគឺមានសមត្ថភាពជាងប្រទេសដទៃទៀតនៅក្នុងការដោះស្រាយបញ្ហាប្រឈមចម្បងមួយចំនួននៃអំពើពុករលួយនៅក្នុងតំបន់អាស៊ី ក៏ដូចជាតំបន់ផ្សេងទៀតផងដែរ ហើយជាលទ្ធផលនឹងជួយពង្រឹងដល់លទ្ធិប្រជាធិបតេយ្យក្នុងតំបន់។
អ្នកជំនាញមួយចំនួននៅក្នុងកិច្ចពិភាក្សានេះគិតថា ដំណោះស្រាយមួយដែលរួមចំណែកខ្លាំងដល់ការទប់ទល់នឹងបញ្ហាប្រឈមចម្បងទាំង ៤ ខាងលើដែរគឺ «តម្លាភាព»៕