ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សន្ទស្សន៍​យល់​ដឹង​អំពី​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​ទាប​នៅ​ឡើយ ទោះ​មាន​សញ្ញាណ​វិជ្ជមាន


ក្រាហ្វិក​ផែនទី​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International ) បង្ហាញពី​លទ្ធផល​នៃ​សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១។
ក្រាហ្វិក​ផែនទី​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International ) បង្ហាញពី​លទ្ធផល​នៃ​សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១។

របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​បង្ហាញ​ថា​ សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១ ​នៅ​ទាប​នៅ​ឡើយ ​បើ​ទោះ​មាន​សញ្ញាណ​វិជ្ជមាន។ ​

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា​ កម្ពុជា​ទទួល​បាន​ពិន្ទុ​២៣​ លើ​ពិន្ទុ​អតិបរមា​១០០​ ដែល​ជា​ការ​កើន​ឡើង​ចំនួន​ពីរ​ពិន្ទុ​ ពី​ពិន្ទុ​២១ ​នៅ​ឆ្នាំ​២០២០។​តាមរយៈ​ពិន្ទុ​នេះ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី១៥៧ ​ក្នុង​ចំណោម​១៨០​ ប្រទេសនិង​ដែនដី​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​សិក្សា។ នេះ​ បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ចុះ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មករា ​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។​

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា​ ខណៈ​ពិន្ទុ​ឆ្នាំ​នេះ​ អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​សញ្ញា​វិជ្ជមាន​ ប៉ុន្តែ​ពិន្ទុ​នេះ ​នៅ​តែ​មាន​កម្រិត​ទាប​ ដែល​បង្ហាញ​ថា ​កម្ពុជា ​បន្ត​បោះ​ជំហាន​យ៉ាង​យឺត​ពី​ក្រោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ នៅ​កម្រិត​តំបន់​ កម្ពុជា​បន្ត​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​ពិន្ទុ​ទាប​ជាង​គេ​ទី​៣​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយ​ស្ថិត​នៅ​លើ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជាប្រទេស​មាន​ពិន្ទុ​ទាប​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ។​

សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ ​២០២១ ​ផ្តល់​ចំណាត់​ថ្នាក់​ចំពោះ​ប្រទេស​ និង​ដែនដី​សរុប​ ១៨០​ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​រហូត​ដល់​១៣​ទិន្នន័យ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​វាយ​តម្លៃ​ និង​ទស្សនៈ​នៃ​ការ​យល់​ដឹង​របស់​ធុរជន ​និង​អ្នក​ជំនាញ​នានា។​

ពិន្ទុ​ពី​០​មាន​ន័យ​ថា ​«ពុករលួយ​បំផុត»​ និង​ពិន្ទុ​១០០​ មាន​ន័យ​ថា​ «ស្អាតស្អំ​បំផុត»។ ​ ការ​វាយ​តម្លៃ​នេះ ​ធ្វើ​ឡើង​ទៅ​លើ​ប្រទេស​ចំនួន​១៨០ ​នៅ​ក្នុង​ពិភព​លោក។​

អង្គការ​តម្លាភាព​អន្តរជាតិ​ឱ្យ​ដឹង​ថា ​សម្រាប់​កម្ពុជា​លទ្ធផល​សន្ទស្សន៍​ការ​យល់​ដឹង​ប្រសើរ​ជាង​មុន​អំពី​អំពើ​ពុក​រលួយ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​ជា​ពិសេស​តម្លាភាព​សារ​ពើពន្ធ ​និង​ការ​កៀរគរ​ធនធាន​ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​ការ​លើក​កម្ពស់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ការ​គ្រប់គ្រង​ និង​ឆ្លើយតប​ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ជា​ដើម។​

យ៉ាង​ណា​ក្តី អង្គការ​តម្លាភាព​អន្តរជាតិ​បាន​លើក​ឡើង​ថា​ កម្ពុជា​ មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ​ពាក់​ព័ន្ធ​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ប្រជា​ធិបតេយ្យ ​នីតិ​រដ្ឋ ​និង​គុណភាព​នៃ​គោល​នយោបាយ​ និង​ក្រប​ខណ្ឌ​ស្ថាប័ន​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា​ ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ទាប​នៅ​ក្នុង​សន្ទស្សន៍​ការ​យល់​ដឹង​អំពី​អំពើ​ពុករលួយ​ ក៏​ជាប់​ចំណាត់​ថ្នាក់​ទាប​ក្នុង​សន្ទស្សន៍​ប្រជា​ធិបតេយ្យ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផង​ដែរ។ ​ ហើយ​ភាព​អសកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ធ្វើ​ឲ្យ​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់តែ​ចុះ​ខ្សោយ​ ហើយ​ការ​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង។​

រូបឯកសារ៖ លោក ​ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (លឹម សុធី/វីអូអេ)
រូបឯកសារ៖ លោក ​ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (លឹម សុធី/វីអូអេ)

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លោក ​ប៉ិច ពិសី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ពិន្ទុ​សន្ទស្សន៍​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ល្អ​ ឬ​មិន​ល្អ​ គឺ​អាស្រ័យ​លើ​ការ​ប្តេជ្ញា​ចិត្ត ​ឆន្ទៈ​នយោបាយ ​ការ​ជំរុញ​ការ​អនុវត្ត​កំណែ​ទម្រង់​ដែល​មាន​ស្រាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ការ​លើក​កម្ពស់​ធុរកិច្ច និង​ការ​វិនិយោគ​ស្អាត​ស្អំ​ជា​ដើម។​

លោក​ថ្លែង​ថា៖​ «ហើយ​លទ្ធផល​នេះ ​យើង​បាន​ពិនិត្យ​លើ​ព័ត៌មាន​លម្អិត​ឃើញ​ថា​ មូលហេតុ​ដែល​កម្ពុជា​ មាន​ពិន្ទុ​ល្អ គឺ​ដោយសារ​ដំណើរ​វិជ្ជមាន​ ឬ​ការ​វិវត្ត​វិជ្ជមាន​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ពង្រឹង​វិស័យ​ធុរកិច្ច​ គឺ​អាច​មាន​សេវា​ប្រសើរ​ជាង​មុន ​ទោះ​បី​ជា​មាន​ឧបសគ្គ​ទាក់ទង​នឹង​អំពើ​ពុករលួយ​ ទាក់ទង​ទៅ​នឹង​ការិយា​ធិបតេយ្យ​ ជា​ពិសេស​ គឺ​បរិយាកាស​ប្រកួត​ប្រជែង​ហ្នឹង​នៅ​មិន​ទាន់​ស្មើ​ភាព​គ្នា​ទេ ​ក៏​ប៉ុន្តែ​ យើង​បាន​ឃើញដំណើរ​ជា​វិជ្ជមាន​ទៅ​ហើយ»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ លោក ​ប៉ិច ពិសី ​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖​ «ចំណាត់​ថ្នាក់​ទាប​របស់​កម្ពុជា​នៅ​ក្នុង​សន្ទស្សន៍​ការ​យល់​ដឹង​អំពី​អំពើ​ពុករលួយ​ មាន​ន័យ​ថា​ កម្ពុជា ​ត្រូវ​ប្រឹង​ប្រែង​ទ្វេ​ដង​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិបតេយ្យ ​ ពង្រឹង​ នីតិ​រដ្ឋ ​និង​បង្កើន​បរិយាកាស​នយោបាយ​សេរី​ ក៏ដូច​ជា​ សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ស្រប​តាម​ជំពូក​៣ ​មាត្រា​៤១ ​និង​៤២ ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក​ ផៃ ស៊ីផាន ​បាន​ច្រាន​ចោល​របាយ​ការណ៍​ដែល​បង្ហាញ​ពី​សន្ទស្សន៍​នៃ​ការ​យល់ដឹង​អំពី​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​ដោយ​លើក​ឡើង​អំពីមន្ទិល​ពាក់ព័ន្ធ​នឹង​វិធីសាស្រ្ត​ស្រាវជ្រាវ ​ហើយ​ថា​ អង្គការ​តម្លាភាព​អន្តរ​ជាតិ​មិន​យល់​ច្បាស់​ពី​គោល​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ទី​មួយ​ យើង​មិន​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ចំណាត់​ថ្នាក់​ហ្នឹង​ទេ។​ ត្បិត​ទី​មួយ​ យើង​អត់​យល់​អំពី​វិទ្យា​សាស្រ្ត​នៃ​ការ​គិត​គូរ​ពី​រឿង​ចំណាត់​ថ្នាក់​ហ្នឹង។ ចំណាត់​ថ្នាក់​ហ្នឹង​គឺ​ វា​មិន​ឆ្លើយ​តប​នឹង​ភាព​ជាក់ស្តែង។​ អាស្រ័យ​ដោយ​អង្គការ​ហ្នឹង​ អត់​យល់​ អំពី​យុទ្ធសាស្រ្ត​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​អំពើ​ពុករលួយ​អាហ្នឹង​ យើង​មើល​ ហើយ​យើង​យក​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ណា​ផ្សេង​ទៀត ​ដែល​គេ​នៅ​លើ​យើង​នោះ ក៏​ប៉ុន្តែ​ ប្រទេស​នោះ​ អត់​មាន​ប្រព័ន្ធ​នោះ​ទេ»។​

វីអូអេ​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ឱម យ៉ិន​ទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក​ យង់ គិមអេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អំពើ​ពុក​រលួយ​ក្រោម​រូបភាព​ផ្សេងៗ​តាម​វិស័យ​នានា​នៅ​កម្ពុជា ​នៅ​តែ​ជា​បញ្ហា​ចោទ​ដែល​មិន​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ។

លោក​ថ្លែង​ថា៖ ​«ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​សង្កេត​ឃើញ​ថា ដោយសារ​តែ​បញ្ហា​អំពើ​ពុករលួយ​ ហើយ​នឹង​ការ​ប្រើ​ប្រាស់​លុយ​ក្រោម​តុ​ ប្រហែល​ជា​នៅ​តែ​កើត​មាន​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​ដូច្នេះ។​ហើយ​ម្យ៉ាង​វិញ​ទៀត ​ យើង​ដឹង​ហើយ​ថា​ នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពេល​ខ្លះ​ក៏​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​រឿង​ពុក​រលួយ រឿង​លុយ​សំណូក​អី​ជា​ដើម។​ហើយ​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ក៏​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​នេះ​ផង​ដែរ»។​

ស្រប​ពេល​ដូច​គ្នា​នេះ​ដែរ ​ ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ពិន្ទុ​វិញ​សម្រាប់​កម្ពុជា ​ លោក​ យង់ គិមអេង​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​តម្លា​ភាព​នៅ​ក្នុង​វិស័យ​សេវា​កម្ម​សាធារណៈ ​និង​ការ​តម្រែ​តម្រង់​ឥរិយាបថ​របស់​មន្រ្តី​រាជការ​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​ដូចជា​ការ​មិន​ទទួល​សំណូក​ ឬ​ទាមទារ​ប្រាក់​កម្រៃ​ក្រៅ​ផ្លូវការ​ជា​ដើម៕

XS
SM
MD
LG