ពលរដ្ឋកាន់ឥស្លាមជាងពីរលាននាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតបានជួបជុំគ្នានៅទីក្រុង Mecca ដែលជាទីក្រុងពិសិដ្ឋរបស់សាសនាឥស្លាម ដើម្បីចូលរួមធម្មយាត្រាបុណ្យ Hajj ប្រចាំឆ្នាំ។ ពិធីបុណ្យ Hajj គឺជាពិធីជួបជុំសាសនាធំជាងគេបង្អស់មួយក្នុងចំណោមពិធីបុណ្យធំៗនៅក្នុងពិភពលោក។
បុណ្យ Hajj នេះមានរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះ ហើយមានការដើរដង្ហែជាក្បួនធម្មយាត្រាជុំវិញកន្លែងសក្ការៈ Kaaba ដែលមានរាងជាគូបនៅវិហារ Grand Mosque នៅទីក្រុង Mecca ដែលនៅទីនោះអ្នកកាន់សាសនាឥស្លាមជឿថា ជាកន្លែងដែលព្យាការី Abraham បានសាងសង់ព្រះវិហារដំបូងរបស់លោក
ពួកអ្នកកាន់សាសនាឥស្លាមទាំងអស់នៅជុំវិញពិភពលោកបែរមុខឆ្ពោះទៅទិសកន្លែងសក្ការៈ Kaaba នៅអំឡុងពេលដែលពួកគេបួងសួងប្រចាំថ្ងៃរយៈពេល៥ថ្ងៃ។
នៅអំឡុងពេលពិធីបុណ្យ Hajj នេះពួកអ្នកកាន់សាសនាឥស្លាមទាំងអស់ នឹងប្រារព្ធពិធីសាសនាជាបន្តបន្តាប់។ ក្រៅពីដង្ហែជាក្បួនធម្មយាត្រាជុំវិញទីសក្ការៈ Kaaba ហើយនោះ ពួកគេក៏នឹងផឹកទឹកពីដណ្តូង Zamzam ផងដែរ ដែលមានជំនឿថា អាចជួយព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព។
ពិធីដង្ហែធម្មយាត្រានេះគឺជាសសរស្តម្ភមួយនៃសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមណាដែលមានលទ្ធភាពត្រូវបានរំពឹងថា នឹងទៅចូលរួមពិធីបុណ្យ Hajj នេះឲ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ។
នៅឆ្នាំនេះ ពួកអ្នកនៅរស់រានមានជីវិត និងសាច់ញាតិរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍បាញ់សម្លាប់មនុស្សនៅវិហារឥស្លាមកាលពីខែមិនានៅទីក្រុង Christchurch ប្រទេសនូវែលហេ្សឡង់ដែលបានសម្លាប់មនុស្ស ៥១នាក់ នឹងទៅចូលរួមជាភ្ញៀវរបស់ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត។
ស្តេច Salman bin Abdulaziz នឹងចំណាយថ្លៃសំបុត្រយន្តហោះ និងការស្នាក់នៅទាំងអស់សម្រាប់ពួកគេ។ ចំណាយសរុបត្រូវបានរំពឹងថាប្រហែលជាអស់ជាង១លានដុល្លារ។
ឯកអគ្គរាជទូតរបស់ប្រទេសអារ៉ាប៊ីសាអូឌីតប្រចាំប្រទេសនូវែលហេ្សឡង់ លោក Abfulrahman Al Suhaibani បានប្រាប់សារព័ត៌មាន The Associated Press ថា ព្រះមហាក្សត្រមានក្តីរន្ធត់យ៉ាងខ្លាំងដោយសារហេតុការណ៍បាញ់សម្លាប់មនុស្សដោយខ្មាន់កាំភ្លើងជាជនជាតិអូស្រា្តលីស្បែកសជ្រុលនិយម៕