ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Ben Salmanនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានមានព្រះរាជបន្ទូលប្រាប់វិនិយោគិននានានៅក្នុងសន្និសីទមួយកាលពីចុងខែតុលាកន្លងទៅនេះថា ព្រះអង្គគ្រាន់តែមានព្រះរាជបំណងចង់ «ប្រែក្លាយប្រទេសអារ៉ាប៊ីសាអ៊ូឌីតឲ្យទៅជាប្រទេសប្រកាន់យកសាសនាឥស្លាមនិយមកណ្ដាលមួយដែលធ្លាប់ទទួលបានជោគជ័យ» ដូចកាលពីមុនបដិវត្តន៍អ៊ីរ៉ង់នៅក្នុងឆ្នាំ ១៩៧៩ ដូច្នេះដែរ។ ព្រះអង្គបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតចំនួន ៧០ ភាគរយ គឺមានអាយុក្រោម ៣០ ឆ្នាំ ហើយពួកគេនឹងមិនចង់ចំណាយពេល ៣០ ឆ្នាំទៀតរស់នៅក្រោមការគ្រប់គ្រងដែលប្រកាន់យកគំនិតបែបជ្រុលនិយមនោះទេ។
ព្រះអង្គម្ចាស់រជ្ជទាយាទវ័យក្មេងរូបនេះ ក៏បានស្នើឡើងនូវផែនការដ៏មានមហិច្ឆតាមួយក្នុងការបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយនៅលើសមុទ្រក្រហម ក្បែរប្រទេសហ្សកដានី និងអេហ្ស៊ីប។ កាលពីខែមេសា ព្រះអង្គបានបង្កើតគោលនយោបាយសេដ្ឋកិច្ចមួយ ដែលមានឈ្មោះថា «ចក្ខុវិស័យឆ្នាំ ២០៣០» សម្រាប់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ផ្នែកមួយនៃគោលនយោបាយនេះ គឺការដាក់ក្រុមហ៊ុនផលិតប្រេង Aramco ដែលជាក្រុមហ៊ុននាំមុខគេរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យទៅជាលក្ខណៈឯកជនចំនួន ៥ ភាគរយ បន្ថែមទៅនឹងការទាក់ទាញមូលធនវិនិយោគពីបរទេស។
អ្នកស្រី Clarence Rodriguez ដែលបានចំណាយអស់រយៈពេល ១២ ឆ្នាំ ធ្វើជាអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិជនជាតិបារាំង នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយដែលនៅពេលថ្មីៗនេះ បានសរសេរសៀវភៅមួយអំពីក្ដីប្រាថ្នារបស់ស្ត្រី និងយុវជនក្មេងៗជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលមានចំណងជើងថា «ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៣.០ (Saudi Arabia 3.0)» បានប្រាប់ VOA ថា អ្នកស្រីជឿថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត «កំពុងមានវិបត្តិ ដោយសារតែតម្លៃប្រេងបានធ្លាក់ចុះ» ហើយប្រទេសនេះបានដឹងថា ខ្លួនកំពុងរងសម្ពាធក្នុងការធ្វើឲ្យសេដ្ឋកិច្ចមានពហុភាព ដែលត្រូវការចាំបាច់សម្រាប់ការធ្វើកំណែទម្រង់សង្គមដែលមានការចូលរួមពីស្ត្រី និងយុវជន»។
អ្នកស្រី Clarence Rodriguez បានបញ្ជាក់ថា អតីតព្រះមហាក្សត្រ Abdallah ដែលបានចូលទិវង្គតកាលពីឆ្នាំ ២០១៤ បានចាប់ផ្ដើមចលនាធ្វើកំណែទម្រង់នេះ ដោយអនុញ្ញាតឲ្យស្ត្រីអាចឈរឈ្មោះប្រកួតសម្រាប់តំណែងក្រុមប្រឹក្សា Shoura ដែលជាក្រុមប្រឹក្សាផ្ដល់ការប្រឹក្សាសម្រាប់ប្រទេស និងអនុញ្ញាតឲ្យស្ត្រីអាចចូលរួមក្នុងធនធានកម្លាំងសង្គម ដោយអាចធ្វើជាមេធាវី បុគ្គលិកធនាគារ និងអាជីវករជាដើម។
ទោះជាយ៉ាងនេះក្ដី អ្នកស្រីក៏បានសម្ដែងការព្រួយបារម្ភផងដែរថា វិធានការថ្មីៗមួយចំនួនក្នុងការផ្លាស់ប្ដូរឋានៈរបស់ស្ត្រីបានធ្វើឲ្យប្រជាពលរដ្ឋដែលមានទស្សនៈអភិរក្សនិយមជ្រុលនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានការខឹងសម្បា។ អ្នកស្រីបាននិយាយថា អ្នកដែលមានទស្សនៈបុរាណនានា «មិនទាន់ស៊ាំទៅនឹងការផ្លាស់ប្ដូរឆាប់រហ័សពេកបែបនេះនោះទេ» ហើយពួកគេភាគច្រើន «មានការភ័យខ្លាច ដោយសារតែអ្វីៗបានវិវត្តលឿនខ្លាំងពេកសម្រាប់ពួកគេ»។
ក្នុងកម្មវិធីពិភាក្សាមួយដែលបានផ្សាយតាមស្ថានីយទូរទស្សន៍ផ្ដោតលើព័ត៌មានជាភាសាអារ៉ាប់មួយនាពេលថ្មីៗនេះ អ្នកហៅចូលដែលមានទស្សនៈអភិរក្សនិយមជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ បានប្រាប់អ្នកសម្របសម្រួលកម្មវិធីនោះថា លោកគិតថាស្ដេច Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Ben Salman «កំពុងតែរំលោភច្បាប់ឥស្លាមsharia» ដោយសារតែការធ្វើកំណែទម្រង់ថ្មីៗនេះមួយចំនួនរបស់ព្រះអង្គ «ហើយព្រះអង្គគួរតែជាប់ពន្ធនាគារ»។
លោក Jamal Kashoggi ដែលជាអ្នកអត្ថាធិប្បាយជនជាតិអារ៉ាប៊ីសាអ៊ូឌីតម្នាក់ បានប្រាប់ VOA ថា លោក «មិនមានសុទិដ្ឋិនិយមចំពោះកំណែទម្រង់ទាំងនេះនោះទេ» ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក «ព្យាយាមធ្វើឲ្យមានសុទិដ្ឋិនិយម ដោយសារតែមនុស្សគ្រប់គ្នានឹងរងគ្រោះ ប្រសិនបើកំណែទម្រង់ទាំងនេះមិនទទួលបានបរាជ័យនោះទេ»។ លោកបារម្ភថា កំណែទម្រង់ទាំងអស់នេះ «មិនបានផ្សារភ្ជាប់ទៅនឹងសង្គមរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ»។
លោកបាននិយាយថា៖ «យើងខ្ញុំសូមបួងសួងឲ្យព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Ben Salman ទទួលបានជោគជ័យ ហើយយើងខ្ញុំត្រូវការកំណែទម្រង់សេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែយើងក៏ចង់ពិភាក្សាអំពីបញ្ហាទាំងអស់នេះផងដែរ។ ការផ្លាស់ប្ដូរនេះបានធ្វើឡើងដោយមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ដោយប្រជាពលរដ្ឋសាមញ្ញមិនបានចូលរួមពាក់ព័ន្ធឡើយ»។
លោក Hilal Khashan ដែលបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ American University of Beirut មិនជឿជាក់ថា សង្គមអារ៉ាប៊ីសាអ៊ូឌីតជាសង្គមមួយដែលប្រកាន់ទស្សនៈកណ្ដាលនិយមខ្លាំងជាងពេលបច្ចុប្បន្ននេះ នៅមុនសម័យកាលបដិវត្តន៍អ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧៩ នោះទេ។ លោកគិតថា ផ្នែកមួយចំនួននៃសង្គមអារ៉ាប៊ីសាអ៊ូឌីត បានដក់ជាប់នូវទស្សនៈអភិរក្សនិយម តួយ៉ាងក្រុមអភិរក្សនិយម Wahabi បានសម្លាប់ក្រុមអ្នកកាន់សាសនាឥស្លាមនិយមកណ្ដាលអស់ជាច្រើននាក់ ដែលក្នុងនោះមានដូចជាអ្នកជំនាញច្បាប់សាសនាឥស្លាមទ្រឹស្ដី Shafa'i នៅក្នុងទីក្រុង Mecca ជាដើម ដែលនៅពេលនោះ ក្រុមនោះបានកាន់កាប់ទីក្រុងនោះ និងទីក្រុង Ta'ef ដែលជាទីក្រុងទេសចរណ៍ក្បែរខាងមួយនៅក្នុងឆ្នាំ ១៩២៤។
មេដឹកនាំសាសនាជនជាតិអារ៉ាប៊ីសាអ៊ូឌីតល្បីល្បាញមួយចំនួនដែលមានទស្សនៈអភិរក្សនិយម ត្រូវបានចាប់ខ្លួន តាំងពីពេលដែលព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Ben Salman បានស្នងតំណែងរជ្ជទាយាទជំនួសបងប្អូនជីដូនមួយរបស់ព្រះអង្គព្រះនាម Mohammed Ben Nayef កាលពីខែមិថុនាកន្លងទៅនេះ។
លោក Hilal Khashan បាននិយាយថា៖ «ការធ្វើឲ្យស្ថាប័នមេដឹកនាំសាសនាចុះខ្សោយ និងការធ្វើឲ្យក្រុមមេដឹកនាំសាសនាទាំងនេះមានលក្ខណៈសាមញ្ញដូចមន្ត្រីរាជការធម្មតា នោះព្រះអង្គម្ចាស់ Mohammed Ben Salman នឹងមានលទ្ធភាពផ្ដល់សិទ្ធិបន្ថែមទៀតដល់ស្ត្រី ដូចដែលព្រះអង្គស្នើឡើងដូច្នេះដែរ។ កាលពីខែកញ្ញាកន្លងទៅនេះ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតត្រូវបានអនុញ្ញាតឲ្យបើករថយន្តបាន ហើយក្នុងសប្ដាហ៍នេះ ពួកគេត្រូវបានគេអនុញ្ញាតឲ្យអាចមានសិទ្ធិអាចចូលទស្សនាការប្រកួតកីឡាផ្សេងៗជាមួយនឹងក្រុមគ្រួសាររបស់ពួកគេបាន។
លោក Hilal Khashan ជឿថា ការគិតគូរពីសេដ្ឋកិច្ចគឺជាកត្តាគន្លឹះមួយដែលឈានទៅដល់ការអនុញ្ញាតឲ្យស្ត្រីអាចបើករថយន្តបាន។ លោកបានពន្យល់ថា៖ «ប្រសិនបើស្ត្រី ១០ លាននាក់មានសិទ្ធិអាចបើករថយន្តក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាន ហើយប្រសិនបើស្ត្រីមួយចំនួនតូចក្នុងចំណោមនោះ ទិញរថយន្ត រៀបបើកបរ ឬទិញធានារ៉ាប់រងនោះ នោះវានឹងរួមចំណែកក្នុងការធ្វើឲ្យសេដ្ឋកិច្ចអាប់អួរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះមានដំណើរការជឿនលឿនទៅមុខឡើងវិញ»។ ការអនុញ្ញាតឲ្យស្ត្រីមានសិទ្ធិបើកបរបាន ក៏នឹងជួយកាត់បន្ថយការចំណាយលើការជួលអ្នកបើកបរដែលជាជនបរទេសដើម្បីបើករថយន្តដឹកស្ត្រីទាំងនោះផងដែរ។
ទាំងលោក Jamal Kashoggi និងលោក Hilal Khashan សុទ្ធតែជឿថា រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនៅទីបំផុត នឹងទទួលបានជោគជ័យនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើកំណែទម្រង់សង្គម។
លោក Jamal Kashoggi បាននិយាយថា៖ «ក្រុមអ្នកអភិរក្សនិយមធ្លាប់បានរិះគន់លើកំណែទម្រង់នេះរួចមកហើយ។ ពួកគេបានធ្វើការរិះគន់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ ក្រុម Al Qaida ក្ដី ក្រុម ISIS ក្ដី ឬក៏ក្រុមជ្រុលនិយម Wahabis ក្ដី សុទ្ធតែជាក្រុមជ្រុលនិយមនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក្រុមទាំងអស់នេះមិនចង់ឲ្យមានការផ្លាស់ប្ដូរនោះទេ។ ពួកគេធ្លាប់ប្រឆាំង និងក៏នៅតែបន្តប្រឆាំងដដែល អ្វីដែលអាចបញ្ឈប់ពួកគេបាននោះគឺមានតែកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ»។
លោក Hilal Khashan បានបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នាកាលពីលើកមុនៗជាមួយនឹងក្រុមមេដឹកនាំសាសនានានាដែលប្រកាន់ទស្សនៈអភិរក្សនិយមកាលពីទសវត្សរ៍ ១៩៦០ បន្ទាប់ពីព្រះមហាក្សត្រ Faisal បានដាក់ឲ្យដំណើរការសាលារៀនមួយសម្រាប់សិស្សស្រីនៅក្នុងទីក្រុងរីយ៉ាដ និងនៅពេលដែលព្រះអង្គដាក់ឲ្យដំណើរការនូវស្ថានីយ៍ទូរទស្សន៍ដំបូងបង្អស់ក្នុងទីក្រុងរីយ៉ាដនេះដែរកាលពីឆ្នាំ ១៩៦៥ គឺ «រដ្ឋាភិបាលជាអ្នកទទួលបានជោគជ័យ»។ លោកបានបន្ថែមថា នៅពេលណាដែលរដ្ឋាភិបាលមានការប៉ះទង្គិចជាមួយស្ថាប័នមេដឹកនាំសាសនាដែលប្រកាន់ទស្សនៈអភិរក្សនិយម រដ្ឋាភិបាលតែងតែឈ្នះ ហើយសម្រាប់ពេលនេះ វាក៏មិនខុសពីលើកមុនៗនោះដែរ។
ប៉ុន្តែលោក Shehab Makahleh ដែលជាអ្នកវិភាគជនជាតិហ្សកដានី មិនប្រាកដទេថា នរណានឹងមានប្រៀបលើរឿងនេះ។ លោកបានបញ្ជាក់ថា៖ «មានការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិករាជវង្សានុវង្សដែលមិនសព្វព្រះរាជហឫទ័យចំពោះកំណែទម្រង់នេះ ហើយសមាជិករាជវង្សានុវង្សទាំងនោះបានជួបប្រជុំគ្នាជាច្រើនដងរួចមកហើយដើម្បីកំណត់ថាតើប្រទេសជាតិធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅមួយណា នៅក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខនេះ»។
លោក Shehab Makahleh ជឿជាក់ថា នៅពេលឆាប់ៗខាងមុខនេះ ព្រះមហាក្សត្រ Salman នឹងដាក់រាជ្យជូនព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed Ben Salman «ដើម្បីអាចទទួលបានការគាំទ្របន្ថែមទៀតពីសហគមន៍អន្តរជាតិ» សម្រាប់ផែនការកំណែទម្រង់ពោរពេញដោយមហិច្ឆតារបស់ព្រះអង្គ និងដើម្បីជំរុញឲ្យមានសង្គមគំរូមួយដែលមិនសូវពឹងផ្អែកលើសាសនា៕
ប្រែសម្រួលដោយ កោះ សុគន្ធី