ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ថា គណៈរដ្ឋមន្ត្រី​ឯកភាព​ធ្វើ​កំណែ​ទម្រង់​ច្បាប់​កាំភ្លើង


អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ នៅ​វិមាន​សភា ក្នុង​ក្រុង​វ៉ាលីងតុន​ (Wellington) កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ នៅ​វិមាន​សភា ក្នុង​ក្រុង​វ៉ាលីងតុន​ (Wellington) កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​ប្រទេស​នូវែលសេឡង់​អ្នកស្រី Jacinda Arden បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី​បាន​សម្រេច​ចិត្ត​ធ្វើ​កំណែ​ទម្រង់​ច្បាប់​កាំភ្លើង បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​កើត​ឡើង​នៅ​ឯ​វិហារ​ឥស្លាម​ពីរ​កន្លែង​ក្នុង​ក្រុង Christchurch កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

អ្នកស្រី Jacinda Arden និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​ផ្ដល់​ព័ត៌មាន​លម្អិតអំពី​ការ​សម្រេច​ចិត្ត​ទាំង​នេះ​ដល់​បណ្ដាញ​ផ្សាយ​ព័ត៌មាន និង​សាធារណជន មុន​ពេល​គណៈរដ្ឋមន្ត្រី​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ករណី​នេះ​មាន​ន័យ​ថា នៅ​ក្នុង​អំឡុង​ពេល ១០ ថ្ងៃ បន្ទាប់ពី​មាន​អំពើ​ភេរវកម្ម​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង យើង​នឹង​ត្រូវតែ​ប្រកាស​អំពី​ការ​កែ​ទម្រង់​ដែល​ខ្ញុំ​ជឿ​ថា នឹង​ធ្វើ​ឲ្យ​សហគមន៍​របស់​យើង​មាន​សុវត្ថិភាព​ជាង​មុន‍»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ក្នុង​នាម​ជា​គណៈរដ្ឋមន្ត្រី។ យើង​រួម​គ្នា​ជា​ធ្លុង​មួយ‍»។

អ្នកស្រី​នាយករដ្ឋមន្ត្រី Arden បាន​បញ្ជាក់​ថា សាកសព​ជន​រងគ្រោះ ៥០ នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​ឯ​វិហារ​ឥស្លាម​ទាំង​នោះ​នឹង​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​ត្រឹម​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ដូច្នេះ​សាកសព​ទាំង​នេះ​អាច​ត្រូវ​បញ្ចុះ​តាម​ប្រពៃណី​សាសនា​ឥស្លាម។

អ្នកស្រី​បាន​បន្ត​ថា អ្នក​ជំនាញ​ខាង​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អូស្ត្រាលី​មក ដើម្បី​ជួយ​នៅ​ក្នុង​ដំណើរការ​កំណត់​អត្តសញ្ញាណ​នេះ។

ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ និង​ឧក្រិដ្ឋកម្ម​ហិង្សា​កម្រ​នឹង​កើត​ឡើង​ណាស់​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ ដែល​មាន​ប្រជាជន​សរុប​ជិត ៥ លាន​នាក់​នេះ។ គិត​មក​ដល់​ពេល​ដែល​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​នេះ​កើត​ឡើង ការ​បាញ់​ប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស​នូវែលសេឡង់​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៩០ ដែល​នៅ​ពេល​នោះ ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស ១៣ នាក់ នៅ​ក្នុង​ក្រុង Aramoana៕

XS
SM
MD
LG