មេដឹកនាំពិភពលោកនិងសាសនា បានថ្កោលទោសការផ្ទុះគ្រាប់បែកដ៏ប្រល័យនៅថ្ងៃបុណ្យ Easter នៅឯវិហាគ្រិស្តសាសនា និងសណ្ឋាគារក្នុងប្រទេសស្រីលង្កាដែលបានសម្លាប់មនុស្សជាង ២០០ នាក់។
ជនបរទេសមួយចំនួនរួមមាន ចក្រភពអង់គ្លេស ហូឡង់ និងពលរដ្ឋអាមេរិកាំង ត្រូវបានគេជឿថា ស្ថិតនៅក្នុងចំណោមអ្នកដែលស្លាប់។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May បាននិយាយថា ការវាយប្រហារនេះជា «ការរន្ធត់បំផុត»។
លោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជូនសារតាម Twitter ថា៖ «អំពើហិង្សាប្រឆាំងនឹងវិហារគ្រិស្តសាសនា និងសណ្ខាគារក្នុងប្រទេសស្រីលង្កា ជាការរន្ធត់យ៉ាងពិតប្រាកដ ហើយខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតដល់អ្នកដែលរងផលប៉ះពាល់ដោយសារសោកនាដកម្មនៅពេលនេះ។យើងត្រូវតែរួបរួមគ្នាដើម្បីធ្វើឲ្យប្រាកដថា គ្មាននរណាម្នាក់ត្រូវអនុវត្តនូវជំនឿរបស់ខ្លួនដោយភាពភ័យខ្លាចនោះទេ»។
វិហារគ្រិស្តសាសនាក្នុងក្រុង Jerusalem បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ «យើងសូមបួងសួងដល់ព្រលឹងជនរងគ្រោះ ហើយនិងសុំឲ្យអ្នកត្រូវរបួសបានឆាប់ជាសះស្បើយ ហើយនឹងសុំឲ្យព្រះជាម្ចាស់ជួយញ៉ាំងទឹកចិត្តពួកភេរវជនបញ្ឈប់ការកាប់សម្លាប់ និងការបំភិតបំភ័យ»។
ក្នុងសុន្ទរកថាថ្ងៃបុណ្យ Easter តាមប្រពៃណីនៅឯវ៉ាទីកង់ សម្តេចប៉ាប Francis បានចូលរួមរំលែកទុក្ខសម្រាប់ហេតុការណ៍នេះ។
ការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃអាទិត្យ បានកើតមានឡើងបន្ទាប់ពីអ្នកកាន់សាសនាឥស្លាមរាប់សិបនាក់បានត្រូវគេសម្លាប់នៅក្នុងការបាញ់ប្រហារនៅឯវិហារឥស្លាម ២ កន្លែងក្នុងទីក្រុង Christchurch នៃនូវែលសេឡង់។ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern និយាយថា ការវាយប្រហារបែបនេះជាវិនាសកម្មមួយ៕