ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋនៅខេត្តសៀមរាបជំរុញឱ្យកាត់ឆ្វៀលដីនៅតំបន់អប្សរាដល់ពួកគេ ខណៈរងការរឹតត្បិត


រូបឯកសារ៖ ទិដ្ឋភាព​ពីអាកាស​បង្ហាញ​តំបន់​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាព​ពីអាកាស​បង្ហាញ​តំបន់​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​រស់​នៅ​ក្នុង​តំបន់​អប្សរា​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហាប្រឈម​របស់​ពួកគេ ​ដែល​រង​ការ​រឹតត្បិត​ក្នុង​ការ​សាង​សង់​សំណង់​នានា។

ការ​លើក​ឡើង​បែប​នេះ បានធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​ចន្ទ ដែល​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ ដូច​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តំបន់​អង្គរ​ទៅ​រស់​នៅ​តំបន់​ផ្សេង ដូច​ជា​តំបន់​រុន​តាឯក និង​ពាក់ស្នែង​ក្នុង​ខេត្ត​សៀមរាប។ ការណ៍​នេះ​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​សម្រាប់​ពួកគេ ដើម្បី​អាច​សាង​សង់​សំណង់​ស្រប​ច្បាប់ និង​អាច​រស់​នៅ​ដោយ​ពុំ​មាន​ការ​រឹតត្បិត​ពី​អាជ្ញាធរ។

ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់ដែរ​ថា​ ការ​ដាក់​ញត្តិ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​ ២០២៤​នេះ ដោយ​សារ​តែ​ការ​ដាក់​ញត្តិកាល​ពី​កន្លង​ទៅ ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​អ្វី​មួយ​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី ធារី អាយុ​ ២៧ ​ឆ្នាំ រស់​នៅ​ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀមរាប​ ប្រាប់​វីអូអេ​ថា ​ការដាក់​ញត្តិ​ទៅ​ដល់​សាលា​ខេត្ត​កាល​ពី​ថ្ងៃ​ចន្ទ មាន​គោល​បំណង​ចង់​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​កាត់​ឆ្វៀល​ដី​នៅ​តំបន់​ដែល​អ្នកស្រី និង​ប្រជាពលរដ្ឋ​រស់​នៅ ដោយ​បញ្ឈប់​ការ​គ្រប់គ្រង​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា។

អ្នក​ស្រី​ថ្លែង​ថា៖ «ញត្តិ​ហ្នឹង​គឺ​ជា​ញត្តិ​ថ្មី​មួយ​បន្ថែម​ទៀត។ ដោយ​សារ​តែញត្តិ​ចាស់​ អត់​ទាន់​ប្រាកដ​ចិត្ត​ថា​បាន​ដល់​សាលា​ខេត្ត​អត់។ អ៊ីចឹង​ញត្តិ​ថ្មី​ហ្នឹង​គ្រាន់​តែ​ជាញត្តិ​យោង​បញ្ជាក់​ថា​ជា​មតិ​របស់​ប្រជា​ពលរដ្ឋ»។

អ្នកស្រី​បន្ថែម​ថា​ ការ​ព្យាយាម​ទាមទារ​ពី​ប្រជា​ពលរដ្ឋ​បែប​នេះ ដោយ​សារ​តែ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​គ្រប់គ្រង​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ការរឹត​បន្តឹងខ្លាំង​ជាង​មុន។

ជា​មួយ​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​លោក ប៉ាត់ វន អាយុ​ ៤៤ ​ឆ្នាំ រស់​នៅ​ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀមរាប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ចូលទៅ​រដ្ឋបាលខេត្ត​សៀមរាប ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​សម្រាប់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ពួក​ខ្ញុំ​រស់​នៅ​ទីនេះ​លំបាក​ណាស់​បង។ លំបាក​ក្នុង​ការ​គាប​សង្កត់​ សូម្បី​តែ​ធ្វើ​អី​បន្តិច​បន្តួច​ ក៏​មិន​បាន​ដែរ ពិបាក​ខ្លាំង​មែន​ទែន​ ទាល់​តែ​អ្នក​រស់​នៅ​ក្នុង​តំបន់​ខ្ញុំ​បាន​ដឹង​ថា​ទឹក​ភ្នែក​យ៉ាង​ម៉េច វា​លំបាក​យ៉ាង​ម៉េច។ សំណូម​ពរ​ដល់​រដ្ឋាភិបាល​ ជា​ពិសេស​សម្តេច​បវរ​ធិបតី ​ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្រ្តី​សូម​មេត្តា​ជួយ​រក​យុត្តិធម៌ ជួយ​បន្ធូរ​បន្ថយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា​ផង ដើម្បី​ឱ្យ​ប្រជា​ជន​ពួក​ខ្ញុំ​រស់​នៅ​ឱ្យ​បាន​ស្រួល មាន​ផ្ទះ មាន​សម្បែង​ឱ្យ​បាន​ស្រួល​នឹង​គេ កុំ​ឱ្យ​មាន​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​អប្សរា​បន្ត​ទៀត»។

លោក លី សំរិទ្ធ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ភាគី​ខាង​សាលា​ខេត្តបាន​ទទួល​ញត្តិ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រួច​ហើយ។ លោក​បន្ថែម​ថា ​អាជ្ញាធរ​ខេត្ត​នឹង​បញ្ជូន​ញត្តិ​និង​សំណូម​ពរ​ទាំង​អស់​នេះ​ទៅ​ថ្នាក់​ដឹកនាំ​ និង​ក្រសួង​ពាក់ព័ន្ធ​នានា។

លោក​ថ្លែង​ថា៖ «រឿង​នេះ​មិន​មែន​ជា​រឿង​ថ្មី​។ ប៉ុន្តែ​រូបភាព​អ្វី​ដែល​គាត់​បាន​ធ្វើ​ហ្នឹង​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​ អ៊ីចឹង​ទេ​យើង​ចង់​ជម្រាប​ថា ​កិច្ចការ​នេះ​វា​មិន​ទាន់​អាច​ឆ្លើយ​តប​ថា​ដោះ​ស្រាយ​យ៉ាង​ណា​ ឬ​យ៉ាង​នោះ​ទេ។ រង់ចាំ​ពេល​វេលា​ ត្រូវ​មាន​ការ​ជជែក​ វែក​ញែក​គ្នា​ច្រើន​ ពិគ្រោះ​យោបល់ ស្តាប់​យោបល់​ពី​គ្រប់​ជ្រុង​ជ្រោយ​ពី​ទិដ្ឋភាព ពិសេស​គឺ​ទិដ្ឋភាព​ច្បាប់ និង​ស្ថានភាព​ជាក់​ស្តែង ហើយ​ជា​មួយ​និង​អង្គការ​អន្ត​រជាតិ​ថែម​ទៀត»។

រូបឯកសារ៖ ផ្ទះរបស់ពលរដ្ឋក្នុងតំបន់រុនតាឯក ដែលដាក់លក់ ក្នុងសហគមន៍ថ្មីដែលជាកន្លែងផ្លាស់ប្តូរលំនៅដ្ឋានរបស់ពលរដ្ឋពីតំបន់អង្គរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ផ្ទះរបស់ពលរដ្ឋក្នុងតំបន់រុនតាឯក ដែលដាក់លក់ ក្នុងសហគមន៍ថ្មីដែលជាកន្លែងផ្លាស់ប្តូរលំនៅដ្ឋានរបស់ពលរដ្ឋពីតំបន់អង្គរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​នៅ​ឡើយ​ទេ។

លោក ឡុង កុសល ធ្លាប់​ប្រាប់​វីអូអេ​ថា ​បើ​តាម​ចំណុច​ទាំង​ ៥ ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​សម្រួល​កិច្ច​គាំពារ​នៅ​ក្នុង​តំបន់​អង្គរ។ លោក​បន្ត​ថា ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សាង​សង់ ​ឬ​ជួស​ជុល​ផ្ទះ​សម្បែង​របស់​ខ្លួន​ស្រប​តាម​ការ​អនុញ្ញាត​របស់​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

លោក អ៊ិន គង់ជិត អ្នក​គ្រប់​គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​បាន​តាម​ដាន​ករណី​នេះ ប្រាប់​វីអូអេ​ថា ​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​ជា​រឿង​ត្រឹម​ត្រូវ​មួយ​ដែល​ពលរដ្ឋ​បង្ហាញ​ទៅ​រដ្ឋាភិបាល​នូវ​បញ្ហា​ប្រឈម​របស់​ពួកគេ។

លោក​ថ្លែង​ថា​៖ «យើង​ឃើញ​ថា​ កាល​ពី​ម្សិល​មិញ លោក​ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប​គាត់​គ្រាន់​តែ​ជា​អ្នក​ទទួល​ តែ​គាត់​មិន​មែន​ជា​អ្នក​សម្រេច​ដែល​គាត់​សម្អាង​ថា​វា​ជា​ សមត្ថកិច្ច​របស់​រដ្ឋាភិបាល​។ អ៊ីចឹង​គាត់​នឹង​ពាំនាំ​ជម្រាប​រឿង​ហ្នឹង​ទៅ​ថ្នាក់​រដ្ឋាភិបាល​។ គាត់​ថា​នៅ​ថ្ងៃ​ពុធ ស្អែក​នេះ​នឹង​មាន​ខាង​ក្រសួង​ដែនដី​នឹង​ចុះ​មក​ប្រជុំ​ដោះ​ស្រាយ​រឿង​ហ្នឹង។ អ៊ីចឹង​យើង​គិត​ថា ​ការ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ញត្តិនេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​របស់​គាត់​ដែល​គាត់​សម្តែង​មតិ​ ព្រោះគាត់​ជួប​ភាព​គ្រោះ​ថ្នាក់ និង​ក្តី​កង្វល់​របស់​គាត់​រាល់​ថ្ងៃ​ទាក់ទង​នឹង​ កា​រចាត់​ចែង​ទ្រព្យ​រឿង​ដីធ្លី​ក្នុង​តំបន់​គាត់​ហ្នឹង វា​រង​សម្ពាធ​ វា​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​អប្សរា»។

គួរបញ្ជាក់​ថា ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០២៣ អង្គការ​យូណេស្កូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពិចារណា​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​យន្ត​ការ​ត្រឹម​ត្រូវ​ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា ដើម្បី​ធានា​ថា​ ពលរដ្ឋ​ទទួល​បាន​លក្ខ​ខណ្ឌ​រស់​នៅ​សម​ស្រប ​និង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG