ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការយូណេស្កូជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តយន្តការត្រឹមត្រូវចំពោះប្រជាពលរដ្ឋនៅតំបន់អង្គរ


រូបថតកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញ​ទិដ្ឋភាពនៃ​ភូមិ​រុនតាឯក ក្នុងខេត្តសៀមរាប។ (AFP/AMNESTY INTERNATIONAL)
រូបថតកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ បង្ហាញ​ទិដ្ឋភាពនៃ​ភូមិ​រុនតាឯក ក្នុងខេត្តសៀមរាប។ (AFP/AMNESTY INTERNATIONAL)

អង្គការ​យូណេស្កូ ​បាន​ស្នើឲ្យ​កម្ពុជា​ពិចារណា​ឡើងវិញ​ពាក់ព័ន្ធនឹង​ការជម្លៀស​ប្រជាពល​ចេញ​ពី​តំបន់អង្គរ​ និងជំរុញ​ឲ្យមាន​ការ​ប្រើប្រាស់​យន្តការ​ត្រឹមត្រូវ​ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដើម្បី​ធានា​ថា ​ពលរដ្ឋ​ទទួល​បាន​លក្ខខណ្ឌ​រស់​នៅ​សមស្រប​ និង​ឆ្លើយ​តប​ទៅនឹង​សំណើ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​។ នេះបើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ ​UNESCO ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារ​សារព័ត៌មាន​ AP​។

ក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ឆ្លើយតប​ទៅកាន់ទីភ្នាក់ងារ​សារព័ត៌មាន​ AP អង្គការ​យូណេស្កូ​ ដែល​ជា​ភ្នាក់​ងារ​ផ្នែក​វប្បធម៌របស់​អង្គការ​សហប្រជាជាតិ​ បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ដាក់​របាយការណ៍​ថ្មី​មួយ​ ដើម្បី​ធ្វើបច្ចុប្បន្ន​ភាព​លើស្ថានភាពចុង​ក្រោយនៃ​ការអភិរក្ស​តំបន់អង្គរ​នៅ​ត្រឹមថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ និងថា​លក្ខណ្ឌ​នៃ​ការ​រស់​នៅ​របស់ប្រជាពល​រដ្ឋ​គឺជា«រឿងអាទិភាព»។

សេចក្តី​ថ្លែងការណ៍​របស់​យូណេស្កូ ធ្វើ​ឡើង​ក្រោយ​អង្គការលើកលែង​ទោស​អន្តរជាតិ​ Amnesty International កាល​ពីថ្ងៃអង្គារ​ បាន​ចេញ​របាយការណ៍រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​អង្គ​ការ​យូ​ណេ​ស្កូ ដែល​ខក​ខាន​នៅក្នុង​ការ​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នូវ​អ្វីដែល​ហៅថា​ការ​ «ជម្លៀស​ប្រជាពល​រដ្ឋជាទ្រង់ទ្រាយ​ធំ​»នៅ​តំបន់អង្គរ​។

ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP អង្គការ​យូណេស្កូ​លើកឡើង​ថា​៖ «​អំ​ពាវ​នាវ​ឲ្យ​អាជ្ញា​ធរកម្ពុជា​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ច្បាស់​លាស់​មិន​អនុវត្ត​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​អង្គរវត្ត​ និង​ធានា​ថា វិ​ធាន​ការ​កែ​តម្រូវ​ចាំបាច់​ទាំងអស់​ត្រូវ​បាន​ដាក់​ឲ្យដំណើរ​ការ​ជា​បន្ទាន់​ ដើម្បី​ធានា​បាន​នូវ​ការ​គោរព​ពេញលេញ​នៃសិទ្ធិ​មនុស្ស​សម្រាប់​សហគមន៍​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​»។

ជាង​នេះ​ទៀត​ អំឡុង​ពេល​នៃ​ការ​ថ្លែងបើក​សន្និសីទ​ស្តី​ពី​ប្រាសា​ទ​អង្គរ​វត្ត​កាល​ពី​ថ្ងៃ​ពុធ លោកស្រី Audrey Azoulay ប្រធាន​អង្គការយូណេស្កូ​ បាន​និយា​យថា៖ «​សេចក្តីប្រាថ្នា និង​ការរស់​នៅរបស់​អ្នកស្រុ​កគួរ​តែ​ត្រូវ​បានយ​ក​មក​ពិចារ​ណាប​ន្ថែម​ទៀត ដូច​ដែល​បាន​ស្នើសុំ​ដោយ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​។ នេះ​ជាអា​ទិភាព​របស់​អង្គ​ការ​យូ​ណេ​ស្កូ​។ វា​គឺ​ជា​ទំនួល​ខុសត្រូវ​ដ៏សំ​ខាន់​មួយ​ក្នុងការ​ផ្តល់​អំណាច​ដល់​សហគមន៍​មូល​ដ្ឋាន រួមទាំង​អ្នកដែល​ងាយរង​គ្រោះ​បំផុត​ផង​ដែ​រ»។

វីអូអេមិន​អាចសុំការអត្ថាធិប្បាយ​បន្ថែម​ពីអង្គការយូណេស្កូ​តាម​សារអ៊ីមែលបាន​នៅឡើយ​ទេនៅថ្ងៃព្រហស្បតិ៍នេះ​។

រូបឯកសារ៖ ទិដ្ឋភាពនសតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពនសតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរា​ លោក ឡុង កុសល ប្រាប់វីអូអេ​តាមប្រព័ន្ធ​តេឡេក្រាម​ថា ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ គឺជាកិច្ច​ការ​អាទិភាព​របស់រដ្ឋាភិបាល​។ លោកបន្ថែម​ថា​ អាជ្ញាធរ​ពុំ​ដែល​ខ្វះការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការរ​ស់នៅ​ប្រកប​ដោយភាព​សុខដុម​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ តាម​រយៈការ​ក​សាង​ស្ពាន​ ស្តារ​ប្រឡាយ​ទឹក ផ្តល់​កា​រងារ​ និង​អនុញ្ញាត​ឲ្យ​ជួស​ជុលផ្ទះ​សម្បែង រុះ​ផ្ទះ​ចាស់​ចេញ ​ធ្វើ​ផ្ទះ​ថ្មី​ជំនួស​ដែល​ល្អ​ជាង​ ហើយ​ធំជាង។

លោក ឡុង កុសល ​ថ្លែង​ថា៖ «ប៉ុន្តែ​កា​ររស់​នៅ​ស្រប​ច្បាប់ និង​ការរស់​នៅ​មិន​ស្រប​ច្បាប់​ជារឿង​ពីរ​ដាច់​ដោយ​ឡែក ហើយ​យើង​ចាំ​បាច់​មិន​អនុញ្ញាត​ឲ្យ​អ្នករស់​នៅ​មិន​ស្រប​ច្បាប់​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​លេច​ធ្លោ​ជា​សាកល​ភាព​ដើម និង​បូរណ​ភាព​របស់​អង្គរ​ឡើ​យ​»។

អ្នកស្រី​ ឈឹង ចន្ទី​ អាយុ​៣៥ឆ្នាំ​ ប្រជាពល​រដ្ឋ​ដែលរើពី​តំបន់អង្គរ​ទៅរស់នៅ​ឃុំ​រុន​តា​ឯក ប្រាប់វីអូអេ​ថា​ អ្នក​ស្រីបានផ្លាស់ទី​មកកាន់កន្លែង​ថ្មី​បាន​មួយឆ្នាំ​ហើយ។ អ្នកស្រី​បន្ថែម​ថា​ ជីវភាព​រស់​នៅកន្លែង​ថ្មី​ មានការ​លំបាក​ជាង​មុន​ ខណៈអ្នកស្រី​ត្រូវ​ខ្ចីលុយ​ធនាគារ​ចំនួន​ ១ម៉ឺន​ដុល្លា​ សម្រាប់​រៀបចំផ្ទះថ្មី។

អ្នកស្រី​បញ្ជាក់ថា​៖ «​កាល​យើងនៅអង្គរ​ ដ្បិត​ផ្ទះនៅមិន​បានស្រួលបួល​អីមែន​ ប៉ុន្តែ​យើង​រស់នៅ​ស្រួល​ រស់​នៅដោយមិន​ភ័យ​ខ្លាច​។នៅ​រុនតាឯកគឺភ័យ​ខ្លាច​ត្រង់​ថា​ពេល​ខែភ្លៀ​ង​ក៏​ពិបាក ខ្យល់​ក៏ពិបាក។​ ហើយ​ពិបាកមួយទៀត​បើយើង​អត់​រក​មួយថ្ងៃ ភ័យ​ខ្លាច​ដាច់បាយ​។បើ​នៅ​អង្គរ អត់​រកមួយ​ខែក៏​អត់ភ័យ​ដែរ​»។

រូបឯកសារ៖ រថយន្ត​ដឹកដីបើកបរលើ​ផ្លូវលំ កាត់មុខផ្ទះតូចៗមួួយចំនួនដែលកំពុងសាងសង់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​ នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ រថយន្ត​ដឹកដីបើកបរលើ​ផ្លូវលំ កាត់មុខផ្ទះតូចៗមួួយចំនួនដែលកំពុងសាងសង់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​ នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

បើ​តាម​ស្ត្រី​រូបនេះ​ អាជីព​ជាអ្នក​បិទស្រា​ និងចិញ្ចឹម​ជ្រូក​របស់​ខ្លួនត្រូ​វបាន​បាត់បង់ នៅ​ពេល​ដែល​អ្នក​ស្រី​ផ្លាស់​មក​កាន់​កន្លែង​រស់​នៅ​ថ្មី​ ខណៈ​ឥឡូវ​អ្នកស្រីក្លាយ​ជាអ្នក​លក់​ចាប់​ហួយដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ និង​ត្រូវ​បង់​ធនាគារ​ចំនួន​ ២០០ដុល្លារ​នៅក្នុង​មួយខែ​ផងដែរ​។

នៅពេលសួរ​ថា​តើ​ចង់ត្រឡប់​មករស់នៅ​តំបន់​អង្គរវិញទេ​ អ្នកស្រី ឈឹង ចន្ទី ឆ្លើយថា​អ្នក​ស្រី​ចង់​ត្រឡប់មកវិញ​ ប៉ុន្តែ​ក៏​មិន​អាចបោះបង់​ចោលកន្លែង​ថ្មីបាន​ដែរ​ ដោយ​សារ​តែការរុះរើផ្ទះ​ចុះឡើង មិនមែន​ជាការងាយ​ស្រួល​ឡើយ​ ជាពិសេស​ត្រូវ​ចំណាយ​ថវិការ​ច្រើន​។

អ្នកស្រី ឈឹង​ ចន្ទី​ លើក​ឡើង​ទៀត​ថា​រដ្ឋា​ភិបាល​បាន​ផ្តល់​ថវិកា​ប្រមា​ណ ​៣២​ម៉ឺនរៀលនៅក្នុងមួយ​ខែ​ក្នុងរយៈពេល ​១០ឆ្នាំ ប៉ុន្តែ​អ្នកស្រី​ថា​ មិន​គ្រប់​គ្រាន់​សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ។​

ពល​រដ្ឋ​ម្នាក់​ទៀត​ លោក​ លោក ហ៊ន់ រ៉ាវុធ អាយុ​ ៤២​ ឆ្នាំ​ ដែល​ជា​អ្នក​ស្រុក​នៅ​តំបន់​រុង​តា​ឯក​តាំង​ពី​ដើម ប្រាប់​វីអូ​អេ​ថា​ ការ​ផ្លាស់​ទី​របស់​អ្នក​តំបន់​អង្គរ​មក​តំបន់​រុនតា​ឯក​នេះ​បាន​ធ្វើ​ឲ្យ​លោក​ជួប​ផល​វិបាក​។ លោក​បន្ត​ថា​ លោក​ត្រូវ​ប្រគល់​ដី​ស្រែ​ទៅ​ឲ្យ​អាជ្ញា​ធរ​ជា​មួយ​នឹង​ការ​សង​សំណង​តិច​តួច ដែល​ធ្វើ​ឲ្យជីវ​ភាព​បច្ចុប្បន្ន​ជួប​ការ​លំបាក​។

លោក ហ៊ន់ រ៉ាវុធ ថ្លែង​ថា៖ «កាល​ណា​គេ​យក​ដី​យើង​ហើយ​ យើង​មាន​មុខ​របរ​ប៉ុណ្ណឹង​ឯង​មាន​អី​ធ្វើ​ មាន​ស្រែ​ណា​ធ្វើ​ទៀត​? មាន​តែ​ទៅ​សុំ​គេ​ធ្វើ ទៅ​ជួលដី​គេ​ធ្វើ​ប៉ុណ្ណឹង​ឯង​ បើ​គេ​យក​(ដីស្រែ)ហើយ​ យើង​បាន​សំណង​តិច​តួច​មក យើង​បាន​តែ​ម៉ា​ដាំ​អី​ហូប​ជុំ​វិញ​ដី​ហ្នឹង​ឯង​ យើង​មាន​តែ​ទៅ​ធ្វើ ទៅ​រក​នៅ​ខាង​ក្រៅ​ទៀត»​។

អង្គ​ការ​លើក​លែង​ទោសអន្តរ​ជា​តិ Amnesty International លើក​ឡើង​នៅ​ក្នុង​របាយ​ការ​ណ៍​របស់​ខ្លួន​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​ទៅលើ​ច្បាប់​អន្តរជាតិ តាម​រយៈការ​ជម្លៀស​ប្រជាពល​រដ្ឋប្រមាណ ​១ម៉ឺន​គ្រួសារ​ នៅ​ក្នុងតំបន់អង្គរ ដោយ​បង្ខំ។

គួរបញ្ជាក់ថា ​ជា​ដំណោះ​ស្រាយ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ដី​ទំហំ​ ២០​ម៉ែត្រ​គុណ​នឹង ​៣០​ម៉ែត្រ ​នៅ​ក្នុង​ឃុំ​រុនតាឯក និង​អត្ថ​ប្រយោ​ជន៍​មួយ​ចំនួន​ទៀត។

កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ​២០២២ អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បាន​ថ្លែង​ថា​បើ​ប្រជាពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ នោះ​អង្គរ​វត្ត​នឹង​ត្រូវ​ដក​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូ​ណេស្កូ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​កាល​ពី​ឆ្នាំ​ ១៩៩២។​ អតីតអភិបាល​ខេត្តសៀម​រាប​លោក ទៀ សីហា ក៏​ធ្លាប់ព្រមាន​ថា អាជ្ញាធរ​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ប្រជា​ពលរដ្ឋ​ដែល​បន្ត​តវ៉ា ជំទាស់​នឹង​ការ​ទៅ​តាំង​លំនៅ​ឋាន​ថ្មី​ដែល​រដ្ឋាភិបាល​ត្រៀម​បម្រុង​ជាថ្នូរ​នឹង​ការ​ចាកចេញ​ពី​តំបន់​អង្គរ​៕

XS
SM
MD
LG