ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋក្នុងតំបន់អប្សរាបារម្ភការផ្លាស់ប្តូរទីលំនៅ ខណៈស្នើឱ្យអាជ្ញាធរកាត់ឆ្វៀលដី


រូបឯកសារ៖ ទិដ្ឋភាព​ពីអាកាស​បង្ហាញ​តំបន់​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាព​ពីអាកាស​បង្ហាញ​តំបន់​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​រស់​នៅ​ក្នុង​តំបន់​អប្សរា​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ ដូច​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តំបន់​រុន​តាឯក​ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​សម្រាប់​ពួកគេ​ដើម្បី​អាច​សាងសង់​សំណង់​ស្រប​ច្បាប់។​

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​ពលរដ្ឋ​ប្រមាណ​ ៤០០ ​នាក់ ​ដែល​រស់​នៅ​ក្នុង​ឃុំ​ខ្នាត ​ស្រុក​ពួក​ ខេត្ត​សៀមរាប ​បាន​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​ទៅ​សាលា​ឃុំ​ខ្នាត ​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល ​និង​អង្គការ​យូណេស្កូ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ឈប់​ «ការ​រឹតត្បិត» ​និង​ការ​គ្រប់​គ្រង​ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ។​

បើ​តាម​ញត្តិ​នោះ​ ពលរដ្ឋ​អះអាង​ថា​ ​ពួកគេ​បាន​រស់​នៅ​ដោយ​រង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ជា​យូរ​មក​ហើយ។​

ប្រជា​ពលរដ្ឋ​បញ្ជាក់​ថា៖​ «យើង​ខ្ញុំ​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច​ពី​អាជ្ញាធរ​អប្សរា​ រស់​នៅ​ទាំង​ភាព​ឈឺ​ចាប់​ជា​ទី​បំផុត​ពី​អាជ្ញាធរ​អប្សរា​ រស់​ដោយ​គ្មាន​សិទ្ធិ​នៅ​លើ​ដី​ធ្លី​របស់​ខ្លួន​ឯង​ ហើយ​គ្មាន​សិទ្ធិ​សាង​សង់​លំនៅ​ឋាន​នៅ​លើ​ដី​ធ្លី​ខ្លួន​ឯង។ល។​ ជាពិសេស​តំបន់​ដែល​យើង​ខ្ញុំ​ទាំង​អស់​គ្នា​រស់​នៅ​នេះ ​គឺ​ឆ្ងាយ​ពី​តំបន់​អង្គរ​ខ្លាំង​ណាស់។ ​តំបន់​យើង​ខ្ញុំ​មិន​មាន​ប្រាសាទ​ទេ​ គឺ​មាន​តែ​តំបន់​ភូមិ​ចាស់​ដែល​ជា​ទឹក​ដី​ដូន​តា​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​តាំង​ពី​យូរ​ណាស់​មក​ហើយ ​មាន​តែ​បង​ប្អូន​ប្រជា​កសិករ​ធ្វើ​ស្រែ​ចម្ការ​ ហើយ​និង​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ»។​

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ខ្នាត​មួយ​រូប ​លោក ​ម៉ន សំអុល ​ប្រាប់​វីអូអេ​ថា​ ​រាល់​ការ​សាង​សង់​ឬ​ការ​ធ្វើ​អ្វី​មួយ​ក្នុង​ភូមិ​ឃុំ​ត្រូវ​ស្នើ​សុំ​ទៅ​កាន់​អាជ្ញាធរ​ជាតិ​អប្សរា​ជា​មុន​សិន ​ប៉ុន្តែ​ជា​រឿយៗ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ។​

លោក​ថ្លែង​ថា៖ ​«សូម្បី​តែ​ការ​សាង​សង់​អ្វី​ផ្សេងៗ​ គាត់​[អាជ្ញាធរ​អប្សរា]​មិន​អនុញ្ញាត​សាង​សង់​ទេ​បង។ សូម្បី​តែ​ជួស​ជុស​ដូច​ជា​ស័ង្កសី​រហែក ​៣-៤​ សន្លឹក​ហ្នឹង​ គាត់​ឱ្យ​ដាក់​ច្បាប់​ទៅ​ខាង​អាជ្ញាធរ​អប្សរា។ ​ហើយ​បើ​ទាក់​ទង​នឹង​ការ​សាង​សង់ ​គឺ​គាត់​មិន​អនុញ្ញាត​ដាច់​ខាត​ សូម្បី​តែ​ទ្រុង​មាន់ ទ្រុង​ទា​ ទ្រុង​គោ​ បន្ទប់​ទឹក​ក៏​គាត់​មិន​ឱ្យ​សាង​សង់​ដែរ។​ គាត់​ឱ្យ​ដាក់​ច្បាប់ ​ហើយ​មួយ​ទៀត​ច្បាប់​ បង​ប្អូន​ប្រជា​ពលរដ្ឋ​ដាក់​ដល់​ ២-៣​ ខែ​ ហើយ​អត់​បាន​ទៀត»។​

ប្រជា​ពលរដ្ឋ​រូប​នេះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់​ប្តូរ​ទៅ​រស់​នៅ​តំបន់​ថ្មី ​ដូច​ជា​រុន​តាឯក​ និង​ពាក់​ស្នែង​ក្នុង​ស្រុក​បន្ទាយ​ស្រី​ជាដើម។​ លោក​សុំ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​កាត់​ឆ្វៀល​ឃុំ​ខ្នាត​មិន​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​ «យើង​ចេះ​តែ​បារម្ភ​មួយ​ថា​ ខ្លាច​តែ​អនាគត​ទៅ​មុខ​ទៅ ​យើង​នឹង​ប្រឈម​មុខ​ដូច​នឹង​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អង្គរ​ ពី​ព្រោះ​យើង​សព្វ​ថ្ងៃ​គឺ​យើង​រស់​នៅ​ក្រោម​អាជ្ញាធរ​អប្សរា ​គឺ​យើង​មិន​បាន​រស់​នៅ​ក្រោម​ម្លប់​អាជ្ញាធរ​ដែន​ដី​អាជ្ញាធរ​ជាតិ​ទេ»។​

ចំណែក​ប្រជា​ពលរដ្ឋ​មួយ​រូប​ទៀត​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​ព្រួយ​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​ អាជ្ញាធរ​អប្សរា​បាន​គាប​សង្កត់​ជា​ខ្លាំង​មក​លើ​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ ហើយ​វា​បាន​ប៉ះពាល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក។​

លោក​ថ្លែង​ថា៖​ «យើង​អាច​អាស្រ័យ​ផល​ដំា​ដំណាំ​ធ្វើ​ស្រូវ​បាន​នៅ​លើ​ស្រែ​ចម្ការ ​ប៉ុន្តែ​អី​ផ្សេងៗ​ទៀត​ដូច​អត់​មាន​ទេ​ សូម្បី​តែ​យើង​ធ្វើ​តូប​កញ្ជប់ៗ​លក់​បបរ​ លក់​ឥវ៉ាន់​ចាប់​ហួយ​ ឬ​មួយ​ថា​យើង​លក់​បបរ​លក់​អី​ចុះ​ លក់​ត្រី​សាច់ ​សូម្បី​តែ​តូប​ ២-៣ ​ម៉ែត្រ ​១​ម៉ែត្រ​ ៤ជ្រុង​ ហើយ​សូម្បី​បង់តង់​ខៀវៗ​ ហើយ​មិន​មាន​ធ្វើ​អីក៏ដោយ​ដាក់​ឈើ​ដំៗ​ហ្នឹង​ ក៏​ពួក​គាត់​មិន​ឱ្យ​ធ្វើ​ទេ។ ​គាត់​ចុះ​មក​រើ​ចុះ​មក​ហាម​ឃាត់​គ្រប់​រូប​ភាព​ទាំង​អស់»។​

រូបឯកសារ៖ ផ្ទះរបស់ពលរដ្ឋក្នុងតំបន់រុនតាឯក ដែលដាក់លក់ ក្នុងសហគមន៍ថ្មីដែលជាកន្លែងផ្លាស់ប្តូរលំនៅដ្ឋានរបស់ពលរដ្ឋពីតំបន់អង្គរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ផ្ទះរបស់ពលរដ្ឋក្នុងតំបន់រុនតាឯក ដែលដាក់លក់ ក្នុងសហគមន៍ថ្មីដែលជាកន្លែងផ្លាស់ប្តូរលំនៅដ្ឋានរបស់ពលរដ្ឋពីតំបន់អង្គរ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​ប្រជា​ពលរដ្ឋ​រូប​នេះ ​ការ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​សម្រាប់​សាង​សង់​ ឬ​ធ្វើ​អ្វី​មួយ​តាម​គេហឋាន​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច ​៣ ​ខែ​ ដោយ​រូប​លោក​បញ្ជាក់​ថា​ ​បើ​ទោះ​បី​ត្រឹម​ជា​ការ​ប្តូរ​សំយាប​ផ្ទះ ​ឬ​ការ​ជួស​ជុស​ផ្ទះ​តិច​តួច​ក៏​ដោយ ​ប្រជា​ពលរដ្ឋ​ចាំបាច់​ស្នើ​សុំ​ទៅ​កាន់​អាជ្ញាធរ​អប្សរា។ ​លោក​បន្ត​ថា​ កន្លង​មក ​ប្រជា​ពលរដ្ឋ​មាន​បណ្ណ​កាន់​កាប់​កម្មសិទ្ធិ​ដី​ដែល​ទទួល​ស្គាល់​ត្រឹម​ស្រុក​ឃុំ ​ឬ​ហៅ​ថា​ ប្លង់​ទន់​ប៉ុណ្ណោះ​ ដោយ​ប្រជា​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ដាក់​លក់ ​ឬ​ផ្ទេរ​កម្ម​សិទ្ធិ​កាន់​កាប់​ដី​បាន​នោះ​ទេ។​

ចំណែក​លោក ​ផាត សាទាល​ អាយុ​ ៥៣​ ឆ្នាំ ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ឃុំ​ខ្នាត​ ក៏​ស្នើ​សុំ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​រស់​នៅ​ដោយ​ស្រប​ច្បាប់ ​និង​មិន​ប្រឈម​នឹង​ការ​រឹតត្បិត។​

លោក​ថ្លែង​ថា៖​ «ប្រសិន​ថា​មិន​ដក​[អាជ្ញាធរ]​អប្សរា​ចេញ​ទៅ​ចុះ ​ឱ្យ​តែ​បាន​ថា​ ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ផ្ទះ​បាន​ ធ្វើ​អណ្តូង​ជីក​អី​បាន ​ធ្វើ​រោង​គោ​បាន​ ឱ្យ​តែ​បង​ប្អូន​យើង​បាន​សុខ​តែ​ប៉ុណ្ណឹង​បាន​ហើយ»។​

អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក ​ឡុង កុសល ​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ​ណា​មួយ​ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​ច្បាប់​របស់​ប្រទេស។​ លោក​បញ្ជាក់​ថា​ បើ​តាម​ចំណុច​ទាំង​ ៥ ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​មាន​សិទ្ធិ​ក្នុង​ការ​ត្រួត​ពិនិត្យ​ និង​សម្រួល​កិច្ច​គាំពារ​នៅ​ក្នុង​តំបន់​អង្គរ។ ​លោក​បន្ត​ថា ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សាង​សង់ ​ឬ​ជួស​ជុល​ផ្ទះ​សម្បែង​របស់​ខ្លួន​ស្រប​តាម​ការ​អនុញ្ញាត​របស់​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ហើយ​ត្រង់​ចំណុច​នេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ធ្វើ​ការ​កែ​សម្រួល​នូវ​កិច្ច​ការងារ​មួយ​ចំនួន​ជាពិសេស​ទាក់​ទង​នឹង​ច្បាប់​ជាតិ​ស្តី​អំពី​ការ​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ អ៊ីចឹង​ហើយ​នៅ​ក្នុង​ឆ្នាំ​ ២០០៤​ តាម​សេចក្តី​សម្រេច​លេខ​ ៧០​ ស.ស.រ ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ថា​ បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​រស់​នៅ​ ម្ចាស់​ស្រុក​នៅ​តំបន់​រមណីយ​ដ្ឋាន​អង្គរ​មាន​សិទ្ធិ​សាង​សង់​ផ្ទះ ​ជួស​ជុល​ផ្ទះ​សម្បែង​ ក៏​ប៉ុន្តែ​ស្រប​តាម​ការ​អនុញ្ញាត​របស់​មន្រ្តី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ជួយ​ផ្តល់​យោបល់​ថាតើ​សំណង់​នៃ​ការ​សាង​សង់​របស់​គាត់​ហ្នឹង​វា​ស្រប​ច្បាប់​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស​យ៉ាង​ម៉េច​ខ្លះ»។​

លោក ​ឡុង កុសល ​ស្នើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​មូល​ដ្ឋាន​នៃ​ការ​អនុវត្ត​ច្បាប់ ​ដោយ​ថា​ អាជ្ញាធរ​មិន​បាន​គាប​សង្កត់​ប្រជា​ពលរដ្ឋ​ឡើយ។​

លោក​ថ្លែង​ថា៖​ «យើង​ខ្ញុំ​ជា​អ្នក​អនុវត្ត​ក៏​ត្រូវ​មាន​ភាព​ទន់​ភ្លន់​ក្នុង​ការ​អនុវត្ត​ច្បាប់​ដែរ។​ ពួក​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​ការ​បង្ខិត​បង្ខំ​ ឬ​បាន​ទៅ​ធ្វើ​ការ​ដែល​ហៅ​ថា​បើ​សិន​ជា​គាត់​សាង​សង់​នូវ​សំណង់​ខុស​ច្បាប់​ យើង​ទុក​ពេល​វេលា​ជូន​គាត់​ដើម្បី​គាត់​ធ្វើ​ការ​កែ​សម្រួល​សំណង់​ខុស​ច្បាប់​របស់​គាត់។ ​គាត់​អាច​ដក​ចេញ ​ឬ​ក៏​គាត់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​របស់​គាត់​ឡើង​វិញ»។​

លោក ​អ៊ិន គង់ជិត​ អ្នក​គ្រប់​គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​ខេត្ត​បន្ទាយ​មានជ័យ​ដែល​បាន​តាម​ដាន​ការ​ដាក់​ញត្តិ​របស់​ប្រជា​ពលរដ្ឋ ​ប្រាប់​វីអូអេ​ថា​ ឃុំ​ខ្នាត​ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​អង្គរ និង​មិន​មាន​ប្រាសាទ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំណង់​ ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​អង្គរ​ឡើយ។​ លោក​បន្ថែម​ថា ​អាជ្ញាធរ​ខេត្ត​សៀមរាប​គួរ​ចេញ​មក​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ជូន​ប្រជា​ពលរដ្ឋ​ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​គួរ​មាន​គំរូ​សំណង់​ស្តង់​ដារ​ណា​មួយ​ឱ្យ​ពួក​គេ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​មាន​ឱកាស​ប្រកប​របរ​ចិញ្ចឹម​ជីវិត។​

លោក​ថ្លែង​ថា៖​ «ហើយ​អាជ្ញាធរ​ខេត្ត​គួរ​ធ្វើ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​អប្សរា​ឱ្យ​បញ្ឈប់​ការ​ធ្វើ​សកម្ម​ភាព​រុះ​រើ​សំណង់​ផ្សេងៗ ​ដែល​ពួក​គាត់​គ្រាន់​តែ​ជួស​ជុល​បន្តិច​បន្តួច​បម្រើ​ឱ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ​ដូច​ជា​ធ្វើ​បង្គន់​ ធ្វើ​របង ​ធ្វើ​រោង​លក់​ដូរ​តិច​តួច​ ដើម្បី​ចិញ្ចឹម​ជីវិត។​ ហើយ​បើ​អាជ្ញាធរ​អប្សរា​មិន​ឱ្យ​សាង​សង់​ទេ ​គួរ​តែ​រៀប​ចំ​ស្តង់ដារ​មួយ​ សំណង់​ស្តង់ដារ​មួយ​ ដើម្បី​ឱ្យ​ពួក​គាត់​កែ​លម្អ ​ឬ​កែ​តម្រូវ​ដែល​មាន​លក្ខណៈ​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ហើយ​ជា​ការ​អភិរក្ស​ផង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អង្គការ​យូណេស្កូ ​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ​អង្គការ​យូណេស្កូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពិចារណា​ឡើង​វិញ​ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ និង​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​យន្តការ​ត្រឹម​ត្រូវ​ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា ​ដើម្បី​ធានា​ថា​ ពលរដ្ឋ​ទទួល​បាន​លក្ខ​ខណ្ឌ​រស់​នៅ​សម​ស្រប ​និង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក៕

XS
SM
MD
LG