អ្នកវិភាគក្នុងស្រុក និងតំបន់យល់ឃើញថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជានាពេលខាងមុខនេះ គឺដើម្បីបង្ហាញការគាំទ្រ និងស្ទង់មើលពីជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី ១០ ខែសីហា នេះ លោក វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៣។ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសចិនរូបនេះនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ»។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ចុះថ្ងៃទី ៩ ខែសីហា លោក វ៉ាង យី (Wang Yi ) រដ្ឋមន្រ្តីការបរទេសចិនដែលទើបចូលកាន់តំណែងជាថ្មីវិញកាលពីខែមុន នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យ។
ក្រសួងការបរទេសចិនបញ្ជាក់ថា៖ «ចិនសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងបីតាមរយៈទស្សនកិច្ចនេះ»។
លោក អូន ឆេងប៉រ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិដើម្បីការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី លើកឡើងថា ដំណើររបស់លោក វ៉ាងយី នេះ គឺជាការចាំបាច់សម្រាប់បន្តដំណើរចំណងទំនាក់ទំនងកម្រិតខ្ពស់រវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ ឱ្យបន្តទៅមុខដោយមិនមានការដាច់សង្វាក់ ខណៈការបន្តវេនដឹកនាំប្រទេស «បែបសន្តតិវង្ស» នៅភ្នំពេញកំពុងតែសកម្ម។
លោកបន្ថែមថា វត្តមានរដ្ឋមន្ត្រីការបរទេសចិន ក៏ជាការគាំទ្រឥតងាករេរបស់បក្សកុំម្មុយនិស្តចិនមកលើគណបក្សប្រជាជនកម្ពុជា គ្រាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំចាស់មកជំនាន់ថ្មី។
លោកបន្ថែមថា៖ «យ៉ាងណាក្តី ខ្ញុំយល់ថា ការមកដល់របស់លោក វ៉ាង នេះក៏បង្ហាញពីអារម្មណ៍ភ័យអរនៃទីក្រុងប៉េកាំងដែរ។ ភ័យអរ ព្រោះអីរដ្ឋាភិបាលថ្មីនោះមានមនុស្សថ្មីទាំងអស់គ្រប់ក្រសួង ជាពិសេសក្រសួងការបរទេស ក្រសួងការពារជាតិ ត្បិតតែអ្នកទាំងនោះជាកូនចៅអ្នកមុនក្តី។ អ្នកថ្មីហ្នឹងគាត់រៀននៅលោកខាងលិច ហើយបើយើងមើលទៅខាងការបរទេស និងការពារជាតិហ្នឹង មានការប្រឡូកខ្លាំងជាមួយបរិបទបារាំងទៅវិញ»។
នៅពេលនិយាយពីទំនាក់ទំនងរវាងកម្ពុជាជាមួយចិន និងលោកខាងលិច លោក អូន ឆេងប៉រ លើកឡើងថា ចិនមានប្រៀបជាងលោកខាងលិច ដោយសារតែចិនមិនមានកាតព្វកិច្ចបង្ខំឱ្យកម្ពុជាគោរពតាមលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែលោកថា មេដឹកនាំថ្មីរបស់កម្ពុជាគឺលោក ហ៊ុន ម៉ាណែត មានជម្រើសក្នុងការធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។
ទំនាក់ទំនងកម្ពុជាចិនមានភាពស្អិតរមួតកាន់តែខ្លាំង ហើយកម្ពុជាបានក្លាយជាសម្ពន្ធមិត្តដ៏ខ្លាំងក្លាបំផុតមួយរបស់ចិននៅក្នុងតំបន់។ ក្រោមការត្រួតត្រារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជិតចេញពីតំណែង ចិនបានក្លាយជាប្រទេសឈរនៅលំដាប់ទី ១ ដែលមានទំនាក់ទំនងជាមួយកម្ពុជាលើវិស័យជាច្រើន ដូចជាការវិនិយោគ ពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម។
ក៏ប៉ុន្តែលំហូរនៃលុយចិន ក៏បាននាំមកនូវបញ្ហាជាច្រើនដែរ រួមទាំងកាស៊ីណូព្រោងព្រាតនិងប្រតិបត្តិការឆបោកតាមអនឡាញ ដែលដំណើរការដោយបុគ្គលិកបរទេស។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរមកកាន់កម្ពុជារបស់រដ្ឋមន្ត្រីការបរទេសចិននាពេលនេះ គឺដើម្បីមើលពីជំហររបស់រដ្ឋាបាលភិបាលអាណត្តិថ្មី និងដើម្បីអន្ទងអ្នកនយោបាយកម្ពុជាឱ្យស្ថិតក្នុងគន្លងនៃនយោបាយចាស់ដដែល។
បើតាមអ្នកវិភាគរូបនេះ បើទោះមានការផ្លាស់ប្តូរថ្នាក់នាំថ្មី ក៏ទំនាក់ទំនងកម្ពុជានិងចិន នឹងមិនមានអ្វីប្រែប្រួលឡើយ ខណៈលោកមើលឃើញពីទំនាក់ទំនងស្អិតរមួតនេះ គឺជាក្តីកង្វល់សម្រាប់ប្រទេសលោកខាងលិច។
លោកថ្លែងថា៖ «ទស្សនៈខ្ញុំ ទំនាក់ទំនងកម្ពុជា-ចិន មិនមានអ្វីប្រែប្រួលទេនៅក្នុងរបត់នៃរដ្ឋាភិបាលថ្មីនេះ ហើយគ្រាន់តែថាជំហរនយោបាយនៅរក្សាដដែលទេ ក៏ប៉ុន្តែបញ្ហាប្រឈមគឺបញ្ហាកម្ពុជាជាមួយលោកខាងលិចទេ។ កាលប្រសិនបើកម្ពុជាអត់ដើរលើតួនាទីនៅក្នុងការទំនាក់ទំនងជាមួយនឹងលោកខាងកើត លោកខាងលិច ឱ្យមានតុល្យភាពគ្នា»។
អ្នកវិភាគនយោបាយ លោក មាស នី យល់ថា ខណៈកម្ពុជាកំពុងតែរងការរិះគន់ដោយសារតែមានទំនាក់ទំនងផ្អៀងទៅខាងចិន លោកជំរុញឱ្យរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឈាមថ្មី គួរតែពិនិត្យមើលឡើងវិញពីទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសមហាអំណាច ដោយត្រូវដើរឱ្យស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយការបរទេសរបស់កម្ពុជា។
លោកថ្លែងថា៖ «ដូច្នេះដើម្បីឱ្យកម្ពុជាអាចអនុលោមទៅតាមអ្វីដែលជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង ហើយក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច ហើយនិងទំនាក់ទំនងស្ថិរភាពនយោបាយយូរអង្វែងរបស់កម្ពុជា ខ្ញុំគិតថា លោកនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាគួរតែពិនិត្យមើលរឿងនេះឡើងវិញ ហើយធ្វើម៉េចកុំឱ្យមើលមកថាកម្ពុជាច្បាស់ពេក ព្រោះអារឿងកម្ពុជាច្បាស់ពេក ដួលទៅឆ្វេងៗហួស ដួលទៅស្តាំៗហួសហ្នឹងឯង ដែលធ្វើឱ្យកម្ពុជាហ្នឹងមិនសូវបានសុខទេតាំងពីដើមមក»។
បណ្តាប្រទេសប្រជាធិបតេយ្យធំៗបានថ្កោលទោសការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់កាលពីថ្ងៃទី ២៣ ខែកក្កដា ថាមិនមានភាពសេរី និងយុត្តិធម៌ ដោយសារគ្មានវត្តមានគណបក្សប្រឆាំង និងថាធ្វើឡើងក្រោមស្ថានភាពរឹតត្បិតសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សង្គមស៊ីវិល និងគណបក្សប្រឆាំងនៅមុនការបោះឆ្នោត។ ប៉ុន្តែថ្នាក់ដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនបានសម្តែងការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះការបោះឆ្នោត ហើយបានប្រកាសពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកាន់តែស៊ីជម្រៅបន្តទៀត៕