ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កម្ពុជា​


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ​ក្នុង​រូបថត​កាល​​ថត​នៅ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ​ក្នុង​រូបថត​កាល​​ថត​នៅ​ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​សិង្ហបុរី ​ម៉ាឡេស៊ី ​និង​កម្ពុជា​ក្នុង​សប្តាហ៍​នេះ ​ដើម្បី​ស្វះស្វែង​កសាង​ទំនាក់ទំនង​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP ​នៅ​ថ្ងៃ​ពុធ​នេះ។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា​ លោក Wang ដែល​បាន​វិល​មក​កាន់​តំណែង​នេះ​វិញ​កាល​ពី​ខែ​មុន ក្រោយ​ពី​ការ​បាត់​មុខ​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​គឺ លោក​ Qin Gang ដោយ​គ្មាន​ការ​ពន្យល់​មូលហេតុ​នោះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទាំង​បី​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ។ ​

ក្រសួង​ការបរទេស​ចិន និយាយ​ថា៖ ​«ចិន​សង្ឃឹម​ថា​នឹង​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​បី​តាម​រយៈ​ទស្សនកិច្ច​នេះ»។

កម្ពុជា បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ដ៏​ខ្លាំងក្លា​បំផុត​មួយ​របស់​ចិន​ក្នុង​តំបន់​នេះ ក្រោម​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន ដែល​ជិត​ចេញ​ពី​អំណាច ដោយ​ទទួល​បាន​វិនិយោគទុន​ចិន​ដ៏​សម្បើម។

តែ​រំហូរ​ចូល​លុយ​ចិន ក៏​បាន​នាំមក​នូវ​បញ្ហា​ជាច្រើន​ដែរ​រួម​ទាំង​កាស៊ីណូ​ព្រោងព្រាត​និង​ប្រតិបត្តិការ​បោកប្រាស់​តាម​អនឡាញ ដែល​ដំណើរការ​ដោយ​បុគ្គលិក​បរទេស។

ទំនាក់ទំនង​របស់​ចិន​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​លក្ខណៈ​ស្មុគស្មាញ​ដោយសារ​ការ​គ្រប់គ្រង​ដែល​ចិន​ប្រកាស​ដោយ​ខ្លួនឯង​លើ​ផ្នែក​ភាគច្រើន​នៃ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ទោះបីជា​មាន​ការ​ទាមទារ​ត្រួត​គ្នា​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ឥណ្ឌូណេស៊ី វៀតណាម​ ហ្វីលីពីន​និង​ម៉ាឡេស៊ី។

ការ​មិន​យល់ស្រប​គ្នា​ខាង​លម្ហ​សមុទ្រ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ខ្លះ​ជា​សមាជិក​អាស៊ាន​ ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ភាពគឃ្លើន​កាន់​តែខ្លាំង​ឡើង​របស់​ចិន។ ប្រទេស​ខ្លះ​ទៀត គាំទ្រ​រដ្ឋាភិបាល​ចិន។

រាប់​ទសវត្សរ៍​មក​ហើយ ​សិង្ហបុរី ​បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ឲ្យ​មាន​លំនឹង ​ដោយធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​ពេល​មាន​ការ​ប្រជែង​គ្នា​កាន់តែ​ខ្លាំង​រវាង​មហាអំណាច​ទាំងពីរ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

XS
SM
MD
LG