ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ប្រព័ន្ធ​ពហុភាគី​និយម​របស់​ចិន​គឺ​ដឹក​មុខ​ដោយ​ផលប្រយោជន៍


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់បក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់បក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ចិន​តែង​តែ​លើក​ឡើង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​និយម​នៅ​ក្នុង​អភិបាល​កិច្ច​ពិភពលោក ​ខណៈ​មាន​ការ​ចោទ​សួរ​ពី​ប្រព័ន្ធ​ពហុភាគី​និយម​របស់​ចិន​ និង​ភាព​ឆក​ល្វែង​នូវ​អ្វី​ដែល​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើង​ជាហូរហែ​មក​នោះ។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង យី​ (Wang Yi)​ បាន​ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​អង្គការ​សហ​ប្រជាជាតិ​ថា៖ ​«យើង​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិការ​ពហុភាគី​ក្នុង​អភិបាល​កិច្ចសកល។ ​ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក​នៃ​អង្គការ​សហ​ប្រជាជាតិ ​ប្រទេស​ចិន​នាំមុខគេ​ក្នុងការ​ដើរ​តាម​ពហុភាគី​និយម​ពិត​ប្រាកដ។ ​ប្រទេស​ចិន​គឺជា​សមាជិក​នៃ​អង្គការ​អន្តរ​រដ្ឋាភិបាល​សកល​ស្ទើរតែ​ទាំងអស់ និង​ជា​ភាគី​នៃ​អនុសញ្ញា​អន្តរ​ជាតិ​ជាង​ ៦០០ និង​វិសោធនកម្ម​របស់​ពួកគេ។ ​ប្រទេស​ចិន​គាំទ្រ​អង្គការ​សហ​ប្រជា​ជាតិក្នុង​ការ​ដើរតួនា​ទីកណ្តាល​ក្នុង​កិច្ចការ​អន្តរជាតិ ​និង​រួម​ចំណែក​ជាបន្ត​បន្ទាប់​ចំពោះ​បុព្វហេតុ​របស់​អង្គការ​សហ​ប្រជាជាតិ។

ទោះជាយ៉ាង​ណាក្តី ​អ្នក​ជំនាញ​នយោបាយ​អន្តរ​ជាតិ​បាន​វាយ​តម្លៃ​ថា ​ពហុភាគី​និយម​របស់ចិន​គឺមាន​លក្ខណៈ​ប្រាកដ​និយម​ និង​ផ្អែកលើ​ផល​ប្រយោជន៍ ​ដែល​ពួកគេ​ថា​ មិន​ដូច​ពហុភា​គីនិយម​ដឹកនាំ​ដោយ​លោក​ខាងលិច ​ដែល​ជាញឹកញាប់​សង្កត់ធ្ងន់​លើតម្លៃ​សកល ​ហើយ​ប្រទេស​ចិន​ចូលចិត្ត​គំរូ​អធិបតេយ្យ​ភាព​ជាអាទិភាព​ ដែល​អនុញ្ញាត​ឲ្យមានការ​ចូលរួម​ដោយ​ជ្រើស​រើស​មិន​ឲ្យ​មាន​ឧបសគ្គ​ខាងក្រៅ។

លោក​ អ៊ា សុផល​ ព្រឹទ្ធ​បុរស​រង​ជាន់ខ្ពស់​និង​សាស្ត្រាចារ្យ​ជំនួយ​ប្រចាំ​សាលា​ Thunderbird School of Global Management ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ​ Arizona​ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា ​ខណៈ​ពេល​ដែលលោក​ខាង​លិចមើល​ឃើញ​ថា​ ពហុភាគី​និយម​ជាមធ្យោបាយ​ដើម្បី​រក្សា​បទដ្ឋាន​សកល ​ប្រទេស​ចិន​ចាត់​ទុក​វា​ជា​ឧបករណ៍​មួយ​ដើម្បី​ជំរុញ​ផល​ប្រយោជន៍​ជា​យុទ្ធសាស្រ្ត ​និង​សេដ្ឋកិច្ច​របស់ខ្លួន​ ជាពិសេស​តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ដែលខ្លួន​ទទួល​បាន​ឥទ្ធិពល​យ៉ាងច្រើន​ដូចជា​គំនិត​ផ្តួច​ផ្តើម​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជ​កម្ម​ចិន​ (BRI) ​និងអង្គការ​សហ​ប្រតិបត្តិការ​សៀង​ហៃ ​(SCO)។

សាស្ត្រាចារ្យ​រូប​នេះ​បញ្ជាក់​ថា៖​ «ការប្ដេជ្ញា​ចិត្តខាង​អាកាសធាតុ ​និង​ការ​វិនិយោគ​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង ​ជួយ​លើក​កម្ពស់​មុខមាត់​ជាសកល​របស់​ខ្លួន ​ប៉ុន្តែ​ការ​បដិសេធ​របស់​ចិន​ចំពោះ​សេរីភាព​នយោបាយ​ និង​សិទ្ធិ​មនុស្ស ​បាន​បញ្ឆេះ​ការ​សង្ស័យ​អំពី​ការប្តេជ្ញា​ចិត្ត​ចំពោះ​សណ្តាប់​ធ្នាប់​ផ្អែក​លើ​ច្បាប់»។

លោក ​អ៊ា សុផល​ បន្ថែម​ថា​ពហុភាគី​និយម​របស់​ចិន​នឹង​នៅតែ​គិត​ប្រយោជន៍​ជាអាទិភាព ហើយ​ទីក្រុង​ប៉េកាំង​ស្វែងរក​ការរៀប​ចំស្ថាប័ន​ពិភពលោក​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពីគំរូ​អភិបាល​កិច្ច​របស់​ខ្លួន​ ដោយ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​តែ​បដិសេធ​ការប្តេជ្ញា​ចិត្តខាង​នយោបាយ។​

ដំណាល​ពេល​ចិន​បន្តលើក​តម្កើង​គុណតម្លៃ​នៃ​ប្រព័ន្ធ​ពហុភាគី​និយម​នោះ​ មហា​អំណាច​កុម្មុយនិស្ត​មួយ​នេះ​បាន​ទាមទារ​សឹង​តែ​ទាំងអស់​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ផ្លូវ​ពាណិជ្ជ​កម្ម​អន្តរជាតិ​សំខាន់​ រួម​ទាំង​ផ្នែក​ជុំវិញ​តំបន់​ថ្ម​ប៉ប្រះទឹក​ Sabina ​ផងដែរ។ ​ការ​អះអាង​ទាមទារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​បើទោះបី​ជា​មាន​សេចក្តី​សម្រេច​កាល​ពី​ឆ្នាំ ​២០១៦​ ពី​សំណាក់​តុលាការ​អចិន្រ្តៃយ៍​ក្រុង​ឡាអេ​ដែល​ថា ​ការទាមទារ​របស់​ចិន​មិន​មាន​មូលដ្ឋាន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​នោះទេ។

អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់​លោក​ ឯក ប៊ុនលី​ ប្រាប់វីអូ​អេថា​ ​ពហុ​ភាគី​និយម​របស់​ចិន​ផ្តល់​អាទិភាព​ដល់ការ​មិនជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​ផ្សេង​ទៀត​ ដែល​អនុញ្ញាត​ឲ្យចិន​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​សណ្តាប់​ធ្នាប់​ពិភព​លោក​ដែល​ផ្អែក​លើ​ច្បាប់​ ដោយ​រក្សា​បាន​នូវ​គំរូ​អភិបាល​កិច្ច​របស់​ខ្លួន។

អ្នកស្រាវជ្រាវ​រូប​នេះ​បន្ត​ថា ជាជាង​ការ​លើក​កម្ពស់​មនោគម​វិជ្ជា​ជាក់លាក់​ណា​មួយ ​ប្រទេស​ចិន​ស្វែង​រក​បរិយាកាស​ដែល​គាំទ្រ​ដល់​ការ​រះឡើង​របស់​ខ្លួន​ដោយមិន​ប្រឈម​មុខ​នឹង​មហា​អំណាច​ធំៗ​ដោយ​ផ្ទាល់។

លោក​បញ្ជាក់ថា៖​ «ខណៈ​ពេល​ដែល​ប្រទេស​ចិន​អនុវត្ត​ពហុភាគី​និយម​ជ្រើសរើស​ វិធីសាស្រ្ត​នេះ​ ឥឡូវនេះ​គឺជានិន្នាការ​អន្តរជាតិ​ដ៏​ទូលំ​ទូលាយ​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ដែល​ចូល​ចិត្ត​ក្របខណ្ឌ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ភាគី​តូចៗ ​និង​កិច្ច​សហ​ប្រតិបត្តិការ»។​

លោក​បន្ថែម​ថា​ ដោយសារ​ការ​ដកខ្លួន​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​របស់​សហ​រដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ​Donald Trump ​ប្រទេស​ចិន​ទំនង​ជានឹង​បន្ត​ប្រើប្រាស់​ពហុភាគី​និយម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ខណៈបន្ត​ប្រកាន់​ខ្ជាប់​នូវច្បាប់​សកល​ដើម្បី​រក្សា​ភាព​បត់​បែន​ និង​ចៀសវាង​សម្ពាធ​ពីខាង​ក្រៅ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG