ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​ផ្នែក​យោធា​ល្អ​ខ្លះ​វិញ​មែន តែ​ឥទ្ធិពល​ចិន​បន្ត​ចាក់​ជ្រៅ


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា​ក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា​ក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​មក​កាន់​កម្ពុជាកាល​ពីសប្តាហ៍​មុន អ្នកវិភាគមើល​ឃើញ​ទំនាក់ទំនង​យោធា​រវាងកម្ពុជា​និង​អាមេរិក​ រាង​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​នៅមាន​បញ្ហា​មួយចំនួន​ត្រូវដែល​មិនទាន់​បាន​ដោះ​ស្រាយ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​មកកម្ពុជា​ បាននាំ​មក​លទ្ធផល​រីកចម្រើន​មួយ​ចំនួន​ ដោយ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​យោធា​មួយចំនួន​ និង​ការបន្ត​ផ្តល់អា​ហារូបករណ៍​ដល់​និស្សិត​យោធា​កម្ពុជា​ទៅ​សិក្សា​នៅសហរដ្ឋ​អាមេរិក​។

​លោក​បញ្ជាក់ថា​៖ «​វាអាច​ជារបត់ឬក៏​ជាច្រក​ចាប់ផ្តើម​បើក​ឡើងវិញនូវ​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​និង​អាមេរិក​ កុំ​ឱ្យ​មានភាព​ល្អក់កក។ កន្លងមក​ មានភាព​ល្អក់កករ​មួយចំនួ​ន​ដែល​យើង​អត់​បាន​លាងសម្អាត ​ឬក៏​ធ្វើ​ឱ្យ​វា​ជ្រះស្រឡះ​ក៏ដូច​ជាការ​ដាក់បន្ទុក​ការសង្ស័យ​លើមូលដ្ឋាន​ទ័ពចិន​នៅកម្ពុជា​ នៅ​រាមហ្នឹង​ក៏ជា​បញ្ហា​ធ្វើ​ឱ្យកម្ពុជា​និង​អា​មេរិក​ក៏​មើល​មុខ​គ្នា​មិន​ចំ​ដែរ​ ហើយ​នៅចំណុច​ផ្សេងៗទៀត​»។

បើ​តាម​សាស្ត្រាចារ្យ​រូបនេះបញ្ហា​ដែល​នៅមានភាព​ស្រពិចស្រពិល​មានដូច​ជា​សមយុទ្ធ​យោធា​ «ឆ្មាំអង្គរ» ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​ធ្វើ​រួម​គ្នា​ ហើ​យត្រូវ​បាន​ផ្អាកកាល​ពី​ឆ្នាំ​ ២០២១៧ និងការ​ហុំព័ទ្ធមិន​ឱ្យ​កម្ពុជា​នាំចូល​ឧបករណ៍​យោធា​របស់​អាមេរិក​កាល​ពី​ឆ្នាំ​ ២០២២។

​លោក​ថ្លែង​ថា៖ «​អ៊ីចឹង​ទេ​ទាម​ទាឱ្យភាគីទាំង​ពីរ​សហរដ្ឋ​អាមេរិកហ្នឹង​ ចរចា​ ជជែក​គ្នាឱ្យ​បាន​ច្រើន​នៅក្នុង​ក្របខណ្ឌ​បច្ចេកទេស​ នយោបាយ​ដើម្បី​ជំរុញ​ ស្តារ​ឬក៏​លុប​បំបាត់​អាភាព​មិន​ទុកចិត្តគ្នា​ ឱ្យបាន​ជ្រះ​ស្រឡះ​ទើប​ទំនាក់ទំនង​គ្រប់​វិស័យ​ទាំង​អស់​ វាស្តារ​ទៅ​ល្អប្រសើរ ទាំង​វិស័យការទូត​ ពាណិជ្ជកម្ម​ វាល្អប្រសើរ​ជាងហ្នឹង​»។

​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ងាក​កាន់​តែ​ខ្លាំង​ទៅ​រក​ចិន ​ហើយ​កម្ពុជា​បាន​សម្រេច​លុប​ចោល​សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា​ «ឆ្មាំ​អង្គរ» ​ជាមួយ​សហ​រដ្ឋ​អាមេរិក ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក្រោម​ហេតុផល​ថា​ កាល​នោះ​កម្ពុជា​មមាញឹក​ជាមួយ​ការ​បង្ក្រាប​គ្រឿង​ញៀន ​និង​ត្រៀម​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​ការ​ធ្វើ​សមយុទ្ធ​ជា​មួយ​គ្នា​សាជា​ថ្មី​ឡើយ​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា។

នៅ​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ​ឡយ ​អូស្ទីន​ (Lloyd Austin) កាល​ពី​ថ្ងៃទី ​៤ ខែមិថុនា​ ឆ្នាំ​ ២០២៤​ បាន​ប្រកាស​ថា ​សហរដ្ឋអា​មេរិក​នឹងបើក​ការអនុញ្ញាត​ឡើង​វិញឱ្យ​និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​បណ្ឌិតសភា​យោធា West Point របស់​អាមេរិក ផ្លាស់ប្ដូរការ​កម្មវិធី​ក្នុងវិស័យ​យោធា ដូច​ជាសមយុទ្ធរួមគ្នា​ដើម្បី​សង្គ្រោះ គ្រប់គ្រង​គ្រោះ​មហន្តរាយ បន្ត​ការបណ្ដុះ​បណ្ដាល​ក្នុងវិស័យ​ដោះមីន​និងគ្រាប់​មិនទាន់​ផ្ទុះ កិច្ចសន្ទនា​គោលនយោ​បាយការពារ​ជាតិ ដែលជាជំហានទី ១ នៃការដោះ​ស្រាយ​ភាពខុស​គ្នា ដើម្បីក​សាងនូវ​ទំនុកចិត្តឱ្យ​កាន់តែ​ខ្លាំងរវា​ងប្រទេស​ទាំងពីរ ដែល​មានផល​ប្រយោជន៍​ទៅវិញ​ទៅមក​។

វីអូអេមិន​ទាន់​អាច​សុំការអត្ថាធិប្បាយ​បន្ថែម​ពីលោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាននៅ​ឡើយ​ទេ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ លោក សេង វណ្ណលី លើក​ឡើងថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​គឺ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ពីលទ្ធភាពនៃ​ការ​ស្តារ​សមយុទ្ធ​យោធា​ឡើងវិញ​ ប៉ុន្តែ​លោកថា​អាច​ទៅរួចប៉ុណ្ណា​គឺ​ចាំមើល​ជាក់ស្តែង​។

ទោះជា​យ៉ាងណាក្តី​ បើ​តាម​អ្នកតាមដាន​រូបនេះ ការ​ស្តារកិច្ច​សហប្រតិបត្តិ​ការយោ​ធារវាង​កម្ពុជា​និង​អាមេរិក គឺមិន​អាច​កាត់ផ្តាច់​ឬទប់ទល់​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​បាន​ឡើយ ដោយសារ​តែ​ទំនាក់​រវាង​ចិន​និង​កម្ពុជា​មានភាព​ស៊ីជម្រៅ​គ្រប់​វិស័យ។

លោក​ថ្លែង​ថា៖ «ក៏ប៉ុន្តែ​ដើម្បី​ធ្វើ​ម៉េច​ឱ្យទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក​នេះ​អាចនឹង​កាត់បន្ថយ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ស្រុក​ ខ្ញុំមើល​ទៅ​ខ្ញុំគិតថា​វា​ពិបាក​ទៅរួច​ដោយ​សារតែ​ទំនាក់​ទំនង​កម្ពុជា​ជាមួយចិន ​គឺ​វាគ្រប់​ជ្រុងជ្រោយ​ទៅលើ​វិស័យ​សេដ្ឋកិច្ច​ សង្គម​ នយោបាយ​ និង​ការទូត​ ហើយ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​នីមួយៗជា​មួយចិន​គឺ​មានភាព​ជិតដិត​ខ្លាំងបំផុត​ អាច​ផ្លាស់ប្តូរ​ទស្សន​ជុំវិញ​គ្រប់​ប្រធានបទ​ទាំង​អស់ទាំង​បញ្ហា​អន្តរ​ជាតិ បញ្ហា​តំប​ន់​និង​បញ្ហា​ក្នុងស្រុក​»។

​លោក សេង វណ្ណលី​ អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការពារ​ជាតិ​អាមេរិក​រូបនេះ ​គឺដើម្បី​បង្ហាញ​ពីចេតនា​របស់​អាមេរិក​ក្នុងការ​រក្សា​ភាព​ពាក់ព័ន្ធ​របស់​ខ្លួន​នៅក្នុងកិច្ច​ការ​សន្តិសុខ​និង​យោធាដើម្បី​ត្រួតពិនិត្យ​សកម្មភាព​យោធា​របស់ចិន​នៅក្នុងតំបន់​។

ប្រធាន​អង្កការ​តាក់តែង​គោលនយោបាយ​កម្ពុជា Future Forum លោក អ៊ូ វីរៈ ថា អាមេរិក​ទំនងចង់​បាន​សមយុទ្ធរួម​គ្នាជា​មួយកម្ពុជា​ឡើង​វិញ ក្នុង​ចំណោមកិច្ច​សហប្រតិ្តបត្តិការ​ផ្សេងៗទៀត​ជាមួយ​កម្ពុជា ក្រោយ​ទស្សនកិច្ច​រដ្ឋមន្ត្រីការពា​រជាតិ​អាមេរិក​ដែលបាន​បង្កើនការរីក​ចម្រើននៃ​ទំនាក់​ទំនងកិច្ច​សហប្រតិបត្តិការ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​បើសិន​ជាមានការ​ធ្វើសមយុទ្ធ​ឡើងវិញ​នោះគឺជាសញ្ញា​មួយ​ដែល​ល្អ​ ជាសញ្ញា​មួយ​ឆ្លុះបញ្ចាំង​ថាកម្ពុជា​ផ្ញើសារ​ជាអន្តរជាតិថា ​កម្ពុជា​មិន​នៅ​ក្នុងស៊ង​របស់​ចិន​ទាំងស្រុង​។អាហ្នឹង​គឺជាសារមួយ​ដ៏ល្អ​សម្រាប់​កម្ពុជា​ហើយ​ជាសារ​មួយ​សំខាន់»។

នៅក្នុងជំនួប​រវាង​ប្រមុខ​ការពារជាតិ​អាមេរិក​ និង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក ហ៊ុន សែន​ ភាគីទាំង​ពីរ​បាន​ឯកភាពគ្នា​ក្នុងការ​ខិតខំពង្រីក​នូវទំនាក់ទំនង​ល្អឱ្យប្រសើរឡើង​វិញ ខណៈលោក ហ៊ុន សែន​ បានចាត់ទុកថា​ទំនាក់ទំនង​ពិសេស​រវាង​ប្រទេស​ទាំងពីរ​មិន​អាក្រក់ពេក​នោះ​ទេ បើប្រៀប​ធៀប​នឹងអតីត​កាល​។

លោក ហ៊ុន សែនថា​ កន្លង​មក ភាគី​យើងទាំងពីរ ខ្វះ​ការជឿ​ទុកចិត្តគ្នា​ទៅវិញទៅ​មក ដូច្នេះ​ត្រូវរកវិធី​ខិត​ខំក​សាង​ជំនឿទុក​ចិត្តគ្នា​ឱ្យ​បាន​ច្រើន តាមរយៈគ្រប់​គ្រងភាពខុស​គ្នា ទស្សនខុស​គ្នា បង្រួញ​ភាពខុស​គ្នា​ឱ្យតូច ទោះ​ពិបាក​ក៏ដោយ។ ការខ្វះ​ខាត​មួយ​ទៀត គឺកា​រខ្វះខាត​ព័ត៌មាន​ទៅវិញទៅ​មក និងការ​វិនិច្ឆ័យខុស​ ដែល​ធ្វើឱ្យ​ភាគី​មាន​ការ​យល់​ច្រឡំគ្នា ដោយ​សារ​មិន​បានប្ដូរព័ត៌​មាន​គ្នា មិន​បានធ្វើ​ការពិភាក្សា​គ្នា»។ នេះបើ​តាមការ​បង្ហោះ​នៅទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន កាល​ពីថ្ងៃទី​ ៤ ខែ​មិថុនា ឆ្នាំ​ ២០២៤៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG