ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខការ​ពារ​ជាតិ​សហរដ្ឋអាមេរិក​ផ្តើមទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin (កណ្តាល) ដើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin (កណ្តាល) ដើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងខេត្តសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក ​Lloyd Austin បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ សម្រាប់ជំនួប​ទេ្វភាគី​មួយ​ចំនួន​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ការពារជាតិ ជាមួយ​ថ្នាក់ដឹកនាំ​ថ្មី​របស់​ប្រទេស​កម្ពុជា។

វត្តមាន​របស់​លោក Lloyd Austinនៅ​ប្រទេស​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរទស្សនកិច្ច​របស់​លោក​មក​កាន់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ទី​ដែល​លោក​បាន​ចូល​រួម​វេទិកាសន្តិសុខ​តំបន់ Shangri-La ​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​បាន​មក​តំបន់​នេះ​ចំនួន​១០​លើក​មក​ហើយ។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Holzer Wesley បញ្ជាក់​ប្រាប់វីអូអេ​ឱ្យ​ដឹង​តាម​សារ​អ៊ីមែល​នៅថ្ងៃ​អង្គារ​នេះ​ ថា​ ទស្សនកិច្ច​របស់​លោកAustinគឺ​ជា​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី​ជា​លើក​ទី​មួយ​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​សហរដ្ឋ​អាមេរិក ហើយ​ជាលើក​ទី​២​របស់​លោក Austin មក​កម្ពុជា បន្ទាប់ពី​លោក​បាន​ចូលរួម​កិច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០២២។

អ្នក​នាំ​ពាក្យ​រូប​នោះ​បញ្ជាក់​ថា៖ «លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ (Lloyd) Austin ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​ ពិភាក្សា​លើ​បញ្ហា​ការពារ​ជាតិ​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា​ជំនាន់​ថ្មី»។

នៅ​ប្រទេស​សិង្ហបុរី ប្រមុខ​ការពារជាតិ​អាមេរិក​ លោកLloyd Austin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក Dong Jun បាន​ជួប​ប្រជុំ​ដោយ​ផ្ទាល់​ជាលើក​ដំបូង​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ Shangri-La Dialogue។ មន្ត្រី​ទាំងពីរ​រូប​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ទៅលើ​បញ្ហា​ចម្រូងចម្រាស​នានា​ រួមទាំង​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ ដែល​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​កំពុង​បន្ត​កើតមាន​ឡើង​រវាង​ហ្វីលីពីន​និង​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង ក៏​ដូចជា​ជម្លោះ​សាកល​ធំៗ​នានា​ដូចជា​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​និង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា។

អំឡុង​ពេល​មាន​វត្តមាន​ក្នុង​ប្រទេស​សិង្ហបុរី​ លោក​ក៏បានជួបពិភាក្សា​ជាមួយរដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ាន​ និងបាន​ថ្លែង​ថា​ មាន​ការវិវឌ្ឍ​ជាច្រើន នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បាន​មក​ពី​ទស្សនវិស័យ​រួម​សម្រាប់​តំបន់​ ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​បើក​ទូលាយ​និង​សេរី។ លោក​បាន​បន្ថែម​ថា​សហរដ្ឋ​អាមេរិក​កំពុង​កសាង​សមត្ថភាព​ក្នុង​តំបន់។

គេ​មិន​ទាន់​ដឹង​ថា​ លោកAustin នឹង​មាន​ការពិភាក្សា​លើ​បញ្ហា​អ្វី​ជាក់លាក់​ ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជាទេ។ ក៏ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ជា​ញឹកញាប់​បាន​សម្តែង​ក្តី​បារម្ភ​ពី​ការ​ធ្វើ​ទំនើបកម្ម​យោធា​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹកសមុទ្ររាម​ក្នុង​ខេត្ត​ព្រះសីហនុ ​ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

កាល​ពីឆ្នាំ២០២២​ គឺ​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន សហរដ្ឋ​អាមេរិក​ និងអាស៊ាន​ បាន​សម្រេច​ដំឡើង​ទំនាក់ទំនង​ដល់​ កម្រិត​ដៃគូ​យុត្តិសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ដែល​នឹង​បើក​ផ្លូវ​ឱ្យ​ប្រទេស​ទាំង១០​នៅ​អាស៊ាន​រួម​ទាំង​កម្ពុជាបន្ត​ ឬ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ ក្នុង​នោះ​មាន​ទាំង​វិស័យ​យោធា​និង​សន្តិសុខ​ ដែល​ជា​ក្តី​បារម្ភ​មួយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហិ្វក​ជា​តំបន់​អាមេរិក​ចាត់ទុកថា​ជា​អាទិភាព៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG