បន្ទាប់ពីប្រមុខការពារជាតិសហរដ្ឋអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) បានមកជួបពិភាក្សាទេ្វភាគីមួយចំនួនជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសកម្ពុជា ដែលជាសម្ពន្ធមិត្តស្អិតរមួតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្រុមគណបក្សជំទាស់លើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីថ្លឹងថ្លែងថា កម្ពុជាពិតជាបានដើរតាមរបបលទ្ធិប្រជាធិបតេយ្យ មិនលម្អៀងទៅរកមហាអំណាចណាមួយក្នុងភូមិសាស្រ្តនយោបាយ ឬយ៉ាងណា។
ទស្សនកិច្ចរបស់លោក ឡយ អូស្ទីន មកកាន់កម្ពុជា កើតឡើងតែប៉ុន្មានថ្ងៃក្រោយការបិទបញ្ចប់សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» ដែលជាលំហាត់កងទ័ពប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា និងចិនដែលបានជួយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីដែលទើបតែបង្កើតកាលពីពេលថ្មីៗនេះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកមកកម្ពុជានេះ ព្រោះអាមេរិកចង់ឃើញកម្ពុជាដើរតាមរបបលទ្ធិប្រជាធិបតេយ្យ មិនលំអៀងទៅមហាអំណាចណាមួយក្នុងភូមិសាស្រ្តនយោបាយ។
លោកថ្លែងថា៖ «អ្វីដែលសហរដ្ឋអាមេរិកមកទស្សនកិច្ចនៅកម្ពុជា ខ្ញុំមើលឃើញទាក់ទងទៅហ្នឹងភូមិសាស្ត្រនយោបាយ នៃការប្រទាញប្រទង់គ្នារវាងមហាអំណាចយក្សកុំម្មនីសចិន ទៅនឹងមហាអំណាចលោកសេរីរបស់សហរដ្ឋអាមេរិក។ ចំពោះភូមិសាស្រ្តនយោបាយថា តើកម្ពុជាពិតជាទទួលថាជា រដ្ឋឯករាជ្យអព្យាក្រឹត្យគោរពបូរណភាពទឹកដីហើយឬនៅ ... អ្វីដែលអាមេរិកចង់បានគឺ ចង់ឃើញកម្ពុជាឈរនៅក្នុងជំហអព្យាក្រឹត្យមួយដែលមិនលំអៀង»។
លោកបន្ថែមថា កម្ពុជាជាប្រទេសដែលកើតចេញពីការអនុលោមនៃសន្តិសញ្ញាទីក្រុងប៉ារីស ហើយដំណើរទស្សនកិច្ចរបស់លោក Lloyd Austin មកកម្ពុជា គឺដោយសារតែអាមេរិកជាប្រទេសចុះហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិសញ្ញាទីក្រុងប៉ារីស ព្រួយបារម្ភ ខ្លាចកម្ពុជាមានភាពលំអៀងទៅលើមហាអំណាចចិន ដែលវាអាចផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានធានានិងការពារមិនឱ្យរដ្ឋបរទេសណារំលោភបំពានអធិបតេយ្យភាពខ្លួន។
លោកយល់ថា៖ «ជារួមខ្ញុំមើលឃើញថា កម្ពុជាត្រូវឈរក្នុងជំហអព្យាក្រឹត្យដែលមិនលំអៀងទៅរកមហាអំណាចណាមួយផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយពីការដែលយើងបានធ្វើសន្តិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១។ អាហ្នឹងជាចំណុចខ្ញុំមើលឃើញថា កម្ពុជានឹងងាយធ្លាក់ក្នុងជម្រាលរអិលនៃវិបត្តិភូមិសាស្រ្តនយោបាយ ប្រសិនជាកម្ពុជាមិនបង្កើនទំនាក់ទំនងគ្មានមិត្ត គ្មានសត្រូវនៃនយោបាយការទូត នោះកម្ពុជានឹងបានផលល្អសម្រាប់ការពង្រីក កសាងខឿនសេដ្ឋកិច្ច»។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា ក៏លើកឡើងដំណើរទស្សនកិច្ចរបស់អាមេរិកកម្ពុជា ជារឿងមួយល្អដែលអាមេរិកនៅតែបន្តយកចិត្តទុកដាក់លើកម្ពុជា ដើម្បីឱ្យដំណើរការនៃប្រទេសកម្ពុជាមានភាពអព្យាក្រឹត្យ គោរពលទ្ធិប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនលម្អៀង ហើយក៏ជាការប្រឹងប្រែងការទូតមួយ ដែលអាមេរិកចង់ឱ្យកម្ពុជានៅកណ្តាល និងធ្វើឱ្យមានតុល្យាភាពរវាងចិន និងអាមេរិក។
លោកថា៖ «សំខាន់សហរដ្ឋអាមេរិកនៅតែព្យាយាមធ្វើឱ្យមានតុល្យាភាពរវាងប្រទេសចិន និង អាមេរិក ចំពោះកម្ពុជា ព្រោះកន្លងមកយើងដឹងហើយថារងការចោទប្រកាន់ពីខាងលោកលិចពីរឿងសមុទ្ររាម មូលដ្ឋានទ័ពចិនអីជាដើម។ អ៊ីចឹងទាំងសារព័ត៌មានសហរដ្ឋអាមេរិកទាំងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកហ្នឹងមានការសង្ស័យចំពោះនិន្នាការដែលងាកទៅរកចិនរឿងទ័ពរឿងអីហ្នឹង»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ សារទចំពោះវត្តមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា ដោយលោកថា ជាការបង្កើនទំនាក់ទំនងការទូតជាមួយកម្ពុជា អាចនឹងមានការផ្តោតសំខាន់ទៅលើតំបន់រាមដែលអន្តរជាតិតែងតែមានការសង្ស័យច្រើនរវាងកម្ពុជា និងចិន។ លោកថា កម្ពុជានៅតែអាចមានកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ប្រសិនបើកម្ពុជាប្រកាន់ជំហគោរពតាម លទ្ធិប្រជាធិបតេយ្យ បូករួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកប្រាប់វីអូអេថា៖ «ប៉ុន្តែយើង[កម្ពុជា]មិនបានបង្ហាញជំហឱ្យជាក់លាក់ច្បាស់លាស់ទាក់ទងទៅនឹងរឿងតំបន់រាមក្តី លទ្ធិប្រជាធិបតេយ្យ អាហ្នឹងគេនឹងនៅពិចារណាឱ្យយើងធ្វើការកែលម្អ ដោយបង្ហាញជំហជាក់លាក់មុននឹងគេផ្តល់កិច្ចសហប្រតិបត្តិការឬគេជួយកម្ពុជាយើងបន្តទៀតបាទ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin មកកម្ពុជានេះ ហាក់មានការថ្លឹងថ្លែងពីជំហកម្ពុជាកន្លងមក ហាក់បីមិនហុចផលហើយរិតតែធ្វើឱ្យកម្ពុជាកាន់តែមានទំនាក់ទំនងជិតដិតជាមួយចិនខ្លាំងជាងមុន។ ប៉ុន្តែលោកថា ដំណើរទស្សនកិច្ចនេះ អាមេរិកក៏នៅតែផ្តល់ផលប្រយោជន៍មួយចំនួនមកកម្ពុជាផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ដំណើរទស្សនកិច្ចកម្ពុជា-អាមេរិកនេះ ប្រហែលជាអាចនឹងផ្តល់ជូននូវលទ្ធភាពមួយចំនួនដែលផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលបច្ចុប្បន្នដូចជា ការជំរុញឱ្យមាន ការបង្កើតឱកាសផ្នែកអប់រំក៏ដូចជា ផ្តល់អាហាររូបករណ៍ ក៏ដូចការបណ្តុះបណ្តាលផ្នែកយោធា ក៏ជាក្នុងវិស័យស៊ីវិលជាដើម។ ប្រហែលជាអាមេរិកគាត់នឹងផ្តល់ជំនួយដល់វិស័យចាំបាច់ដូចជា ការបម្រែបម្រួលអាកាសធាតុឱកាសការងារនៅក្នុងវិស័យបៃតងក៏ដូចជា ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាផ្សេងៗ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ រូបនេះបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្ននៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ដរាបណាអាមេរិកមិនធ្វើឱ្យប៉ះពាល់ដល់របបនយោបាយរបស់ខ្លួន។
លោកថា៖« ខ្ញុំគិតថា រដ្ឋាភិបាលបច្ចុប្បន្ននៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងក្រមសន្តិសុខ និងក្រមខណ្ឌនានា។ ប៉ុន្តែបើសិនជា រដ្ឋាភិបាលបច្ចុប្បន្នមើលឃើញថា អាមេរិកនៅតែប្រកាន់ភ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យការជំរុញឱ្យមានការគោរពសិទ្ធិមនុស្សក៏ដូចជា បើកលម្ហនយោបាយឱ្យកាន់តែខ្លាំងដែលប៉ះពាល់ដល់ហានិភ័យ ដល់របបនយោបាយរបស់ខ្លួនខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នប្រហែលជា អាចមិនសហការទេ»។
លោកឱ្យដឹងទៀតថា បើទោះបីជាមានកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក៏ដោយ ក៏កម្ពុជានៅតែមានទំនាក់ទំនងល្អជាមួយនឹងចិនដដែលដោយមិនអាចកាត់ផ្តាច់បាន ព្រោះជំនួយនិងកិច្ចសហប្រតិបត្តិការជិតដិតកម្ពុជា-ចិន ជាកត្តាមួយធ្វើឱ្យរបបនយោបាយបច្ចុប្បន្នអាចរស់រានមានជីវិតបាន និងតទល់ជាមួយហានិភ័យនានា។
ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា តាមលទ្ធផលជំនួបពិភាក្សាការងារ រវាងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ សីហា និង លោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានបង្ហាញថា លោកLloyd Austinបង្ហាញពីជំហរបន្តគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា- អាមេរិក ដែលបានថមថយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍ។
ចំណែកឯលោក ទៀ សីហា លើកឡើងថា រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការធ្វើទំនើបកម្មវិស័យការពារជាតិ ជាការងារអាទិភាព។ ក្នុងន័យនេះ លោកបានសំណូមពរ លោក Lloyd Austin បន្តពង្រឹងលើកកម្ពស់ក្រុមកិច្ចសន្ទនាគោលនយោបាយការពារជាតិ ក្រុមពិភាក្សាទ្វេភាគី ការពារជាតិ និងក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា ធ្វើការឱ្យបានជិតស្និទ្ធឡើងវិញជាមួយភាគីអាមេរិក ក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក ដោយផ្តោតលើ កិច្ចសន្ទនាគោលនយោបាយ និងពិគ្រោះយោបល់, ការកសាងសមត្ថភាពយោធិន, ប្រតិបត្តិការរក្សាសន្តិភាព និងកិច្ច សហប្រតិបត្តិការជំនាញកងទ័ពជើងគោក ជើងទឹក ជើងអាកាសប្រទេសទាំងពីរកម្ពុជា-អាមេរិក។
លោក ទៀ សីហា និងលោក Lloyd Austin បានបង្ហាញជំហររួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច, ប្រតិបត្តិការរក្សាសន្តិភាព«លើកកម្ពស់ការចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី(យេនឌ័រ) ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព, ការ បោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ», ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញទ័ពជើងគោក ជើងទឹក ជើងអាកាស នៅសាលា West Point សហរដ្ឋអាមេរិក និងការបណ្តុះបណ្តាលវគ្គជំនាញបច្ចេកទេសផ្សេងៗ។
លោករដ្ឋមន្រ្តីការពារជាតិអាមេរិកក៏បានសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា និងមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀត ហើយក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ដែលបានទទួលជួបជាមួយលោករដ្ឋមន្ត្រីការពារជាតិអាមេរិកផងនោះ ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម ព្រមទាំងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និង ពិភាក្សាគ្នាអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក។
គួររំឭកថា កាលពីឆ្នាំ ២០២២ គឺនៅពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន សហរដ្ឋអាមេរិក និងអាស៊ាន បានសម្រេចដំឡើងទំនាក់ទំនងដល់ កម្រិតដៃគូយុត្តិសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនឹងបើកផ្លូវឲ្យប្រទេសទាំង១០នៅអាស៊ានរួមទាំងកម្ពុជាបន្ត ឬបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានទាំងវិស័យយោធានិងសន្តិសុខ ដែលជាក្តីបារម្ភមួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហិ្វកជាតំបន់អាមេរិកចាត់ទុកថាជាអាទិភាព៕
វេទិកាបញ្ចេញមតិ