ប្រមុខការពារជាតិសហរដ្ឋអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) បានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជួបពិភាក្សាទេ្វភាគីមួយចំនួនជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសដែលជាសម្ពន្ធមិត្តស្អិតរមួតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ទស្សនកិច្ចរបស់លោក ឡយ អូស្ទីន មកកាន់កម្ពុជា កើតឡើងតែប៉ុន្មានថ្ងៃក្រោយការបិទបញ្ចប់សមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» ដែលជាលំហាត់កងទ័ពប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា និងចិនដែលបានជួយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Holzer Wesley ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃអង្គារនេះថា ទស្សនកិច្ចរបស់លោក ឡយ អូស្ទីន គឺជាដំណើរទស្សនកិច្ចទ្វេភាគីជាលើកទីមួយរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយជាលើកទី២របស់លោក អូស្ទីន មកកម្ពុជា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកកាលពីខែវិច្ឆិកាឆ្នាំ២០២២។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «លោករដ្ឋមន្ត្រីការពារជាតិ (Lloyd) Austin កំពុងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបប្រជុំទ្វេភាគី ពិភាក្សាលើបញ្ហាការពារជាតិជាមួយថ្នាក់ដឹកនាំកម្ពុជាជំនាន់ថ្មី»។
វត្តមានរបស់លោក ឡយ អូស្ទីន នៅប្រទេសកម្ពុជាគឺផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទីដែលលោកបានចូលរួមវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ។ លោកបានមកតំបន់នេះចំនួន ១០ លើកមកហើយ។
ពេលមកដល់កម្ពុជាកាលពីព្រឹកថ្ងៃអង្គារនេះ លោក ឡយ អូស្ទីន បានជួបពិភាក្សាទេ្វភាគី ជាមួយអតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន។ នេះបើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមផ្លូវការរបស់លោក ហ៊ុន សែន។
ប្រមុខការពារជាតិអាមេរិក លោក អូស្ទីន ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា ផងដែរ។
លោក ឡយ អូស្ទីន ទើបតែបានបិទបញ្ចប់ទស្សនកិច្ចនៅប្រទេសសិង្ហបុរី មុនពេលលោកមកប្រទេសកម្ពុជាជាលើកទី២ ហើយបន្តធ្វើដំណើរឆ្ពោះទៅប្រទេសបារាំង ទីដែលលោកនឹង ចូលរួមកម្មវិធីជាច្រើនដើម្បីរំឭកដល់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងសង្គ្រាមលោកលើកទី២ ក្នុងនោះការរំឭកខួបទី៨០ឆ្នាំនៃថ្ងៃវាយប្រយុទ្ធផ្តាច់ព្រ័ត្រ ឬហៅថា D-Day។
អំឡុងពេលមានវត្តមាននៅប្រទេសសិង្ហបុរី ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានជួបប្រជុំដោយផ្ទាល់ជាលើកដំបូងនៅខាងក្រៅសន្និសីទកំពូល Shangri-La Dialogue។
មន្ត្រីទាំងពីររូបបានផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាចម្រូងចម្រាសនានា រួមទាំងភាពតានតឹងដែលកំពុងកើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ការប្រឈមមុខដាក់គ្នាដែលកំពុងបន្តកើតមានឡើងរវាងហ្វីលីពីននិងចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាជម្លោះសាកលធំៗនានាដូចជាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិងជម្លោះនៅមជ្ឈិមបូព៌ា។
លោកក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងបានថ្លែងថា មានការវិវឌ្ឍជាច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលបានមកពីទស្សនវិស័យរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកទូលាយ និងសេរី។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងកសាងសមត្ថភាពក្នុងតំបន់។
គេមិនទាន់ដឹងថា លោកAustin នឹងមានការពិភាក្សាលើបញ្ហាអ្វីខ្លះជាមួយថ្នាក់ដឹកនាំប្រទេសកម្ពុជា។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកជាញឹកញាប់បានលើកឡើងពីក្តីបារម្ភនៃការធ្វើទំនើបកម្មយោធានៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ តែលោកបានស្នើឲ្យអ្នកសារព័ត៌មានយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Lloyd Austin មកកាន់កម្ពុជា ជាការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា អាមេរិក ដែលមានជាង ៧០ ឆ្នាំមកហើយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។
ក្រសួងការពារជាតិកម្ពុជាលើកឡើងទៀតថា៖ «ដំណើរទស្សនកិច្ចផ្លូវការឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធពលខេមរភូមិន្ទក្នុងការសហការជាដៃគូដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារឲ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin មកកម្ពុជានេះគឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងរបស់អាមេរិកមកលើបញ្ហាសន្តិសុខនៅក្នុងតំបន់ ដោយសារតែកម្ពុជា-ចិនបាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៅលើទំនាក់ទំនងផ្នែកយោធា ជាពិសេសបញ្ហាជម្លោះនៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។
លោកបន្ថែមថា ដំណើរទស្សនកិច្ចមកតំបន់អាស៊ីអាគេ្នយ៍នេះក៏ជាផែនការមួយរបស់សហរដ្ឋអាមេរិកស្របពេលដែលចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ ដែលធ្វើឲ្យអាមេរិកត្រូវខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលជាសម្ពន្ធមិត្តរបស់ខ្លួនរួមមានជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា ដើម្បីទប់ស្កាត់ការជះឥទ្ធិពលខ្លាំងក្លាពីចិន។
លោកថ្លែងថា៖ «តាមពិតទៅផែនការនៃដំណើរទស្សនកិច្ចនេះជាផែនការមួយដែលវាដើរស្របទៅនឹងយុទ្ធសាស្ត្រឡោមព័ទ្ធរបស់អាមេរិកទៅលើចិន ដោយសារតែយើងឃើញថាការងើបឡើងរបស់ចិនហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់។ ហើយជាហេតុធ្វើឲ្យសហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក Biden នេះចាប់ផ្តើមបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តរបស់ខ្លួន»។
បើតាមអ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិរូបនេះ សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមមកលើរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថានឹងអាចស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សក្នុងប្រទេសវិញ។ ប៉ុន្តែបញ្ហាខ្ទាស់នោះគឺរដ្ឋាភិបាលទីក្រុងភ្នំពេញនៅតែបន្តបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងជាពិសេសពាក់ព័ន្ធនឹងយោធា ដោយមានការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរជាញឹកញាប់។
លោកក៏ជំរុញឲ្យកម្ពុជាធ្វើពិពិធកម្មយោធាឲ្យមានភាពទូលំទូលាយ ដោយបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមជាមួយបណ្តាមួយចំនួនដូចជា បារំាង ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ក៏ដូចជាប្រទេសជាសមាជិកអាស៊ាន។
លោកថ្លែងថា៖ «ដូច្នេះដើម្បីធ្វើម៉េចបង្ការហានិភ័យដែលកើតចេញពីអរិយភាព ឬក៏ទំនាស់ភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិនក្នុងតំបន់ ខ្ញុំគិតថាកម្ពុជាគួរតែកាត់បន្ថយកិច្ចសហប្រតិបត្តិការជាពិសេសផ្នែកយោធារវាងខ្លួនជាមួយនឹងចិន ហើយបែរទៅចាប់ចូលរួមជាមួយនឹងអាស៊ាន ត្រូវចាប់អាស៊ានឲ្យជាប់ ចូលរួមកិច្ចសន្ទនាផ្នែកសន្តិសុខ ហើយនិងសហការជាមួយបណ្តាប្រទេសអាស៊ាន ប្រកាន់គោលការណ៍អាស៊ានជាស្នូលឲ្យខ្លាំង ប្រហែលជាអាចនឹងគេចវេះការរិះគន់ និងការចោទប្រកាន់នានាពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ខ្លួននឹងចិនដែរ»។
គួររំឭកថា កាលពីឆ្នាំ ២០២២ គឺនៅពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន សហរដ្ឋអាមេរិក និងអាស៊ាន បានសម្រេចដំឡើងទំនាក់ទំនងដល់ កម្រិតដៃគូយុត្តិសាស្ត្រគ្រប់ជ្រុង ជ្រោយ ដែលនឹងបើកផ្លូវឲ្យប្រទេសទាំង១០នៅអាស៊ានរួមទាំងកម្ពុជាបន្ត ឬបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានទាំងវិស័យយោធានិងសន្តិសុខ ដែលជាក្តីបារម្ភមួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហិ្វកជាតំបន់អាមេរិកចាត់ទុកថាជាអាទិភាព។
នៅក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសហរដ្ឋអាមេរិក នៅសិង្ហបុរីកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទៀ សីហា បានថ្លែងថាអាមេរិកគឺជាដៃគូដ៏រឹងមាំរបស់អាស៊ានហើយកិច្ចសហប្រតិបត្តិការបានចាប់ផ្តើមដោយឈរលើគុណតម្លៃ និងប្រយោជន៍រួម។ ទាំងអាស៊ាន និងអាមេរិកគឺសុទ្ធតែបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយនេះបានបង្កើតបរិយាកាសអំណោយផលក្នុងការជំរុញឲ្យមានសន្តិភាព និងស្ថិរភាព ព្រមទាំងការគោរពអធិបតេយ្យភាពរបស់ប្រជាជាតិទាំងអស់នៅក្នុងពិភពលោក៕
វេទិកាបញ្ចេញមតិ