វិបត្តិសង្គមនិងបញ្ហានីតិរដ្ឋ បញ្ហាសេដ្ឋកិច្ច ហើយនឹងបញ្ហាប្រជាធិបតេយ្យនៅតែធ្វើឲ្យកម្ពុជាមិនទាន់អាចដើរទៅមុខដល់គោលដៅអភិវឌ្ឍមួយដែលពលរដ្ឋចង់បាននៅឡើយទេបន្ទាប់ពីរយៈពេល៤០ឆ្នាំនៃសង្គ្រាមស៊ីវិល និងជោគជ័យម្តង របស់ខ្មែរក្រហមនោះ។ នេះជាការអះអាងរបស់លោក គុជ ច័ន្ទលី អ្នកវិភាគឯករាជ្យក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិកដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍អំពី «ខួបទី៤០ឆ្នាំ៖ ដំណើរឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍរបស់កម្ពុជាក្រោយពីសង្គ្រាមស៊ីវិល»។
បញ្ហាយឺតយ៉ាវក្នុងការនាំប្រទេសទៅកាន់ភាពរីកចម្រើននោះ ក្រៅពីសង្គ្រាមគឺការគ្មាននីតិរដ្ឋពិតប្រាកដ គ្មានស្ថាប័នផ្ទៀងផ្ទាត់នៃអំណាចទាំងបីគឺសភា រដ្ឋាភិបាល និងតុលាការ គ្មានគោលការណ៍គោលនយោបាយពិតប្រាកដ។
«ប្រទេសខ្មែរយើងសព្វថ្ងៃគឺថាស្ថិតនៅក្នុងកាយវិការមួយដ៏លំបាកលំបិនជាទី បំផុត ហើយយើងឃើញថា ងើបឈរហើយត្រូវដួលទៅវិញ ដោយសារតែបញ្ហានយោបាយរបស់យើងពុំមានស្ថេរភាព ពុំមានគោលការណ៍មួយដែលបម្រើឆន្ទៈរាស្ត្រ ពុំមានគោលការណ៍មួយដែលឈរលើគោលការណ៍ ដែលធ្វើឲ្យប្រទេសខ្មែរយើងជឿនលឿន»។
លោកថ្លែងថា ប្រទេសកម្ពុជាកំពុងស្ថិតនៅជាប្រទេសពឹងផ្អែកជំនួយបរទេសខ្លាំង ហើយអនុញាតិឲ្យបរទេសមកបូមយកធនធានធម្មជាតិ រ៉ែ ព្រៃឈើជាដើមពី កម្ពុជា។
«ដូច្នេះហើយប្រទេសខ្មែរយើងរស់នៅក្នុងភាពជាទាសករ ជាប្រទេសសុំទានគេ ៣០ទៅ៤០ឆ្នាំហើយ នៅតែជាប្រទេសសុំទានគេដដែល ហើយពេលសុំទាន គេម្តងៗហ្នឹង នាំគ្នាប្រកាសត្រេកអរថា ខ្លួនពូកែធ្វើជាអ្នកសុំទាន។ អានេះជាគុណសម្បត្តិដ៏អាក្រក់ជាទីបំផុតរបស់អ្នកកាន់អំណាច អ្នកដឹកនាំប្រទេសខ្មែរយើង។ តាមពិតទៅអ្នកដឹកនាំដែលមានគុណសម្បត្តិល្អអាចកសាងប្រទេសរបស់ខ្លួនឲ្យចាកផុតពីភាពជាអ្នកសុំទានគេ ទើបអាចមានលក្ខណៈល្អជាអ្នកដឹកនាំល្អ។ បើថាប្រទេសនៅតែជាអ្នកសុំទានគេទេ អ្នកដឹកនាំហ្នឹងសបញ្ជាក់ថាពុំមានសមត្ថភាពការពារប្រទេសរបស់យើង ហើយពុំមានលទ្ធភាពដឹកនាំប្រទេសយើងទៅរកវឌ្ឍនភាពទេ»។
លោកចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាមិនបានប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុង ប៉ារីស តែច្រានចោលវិញដែលជាហេតុធ្វើឲ្យកម្ពុជាគ្មានបូរណភាពទឹកដី វាស់វែងព្រំដែនដោយតម្លាភាព មានឯករាជ្យភាពស្រពិចស្រពិលនិងទទួល រងឥទ្ធិពលវៀតណាមនិងចិន មានបញ្ហាក្នុងការបង្រួបបង្រួមជាតិសាមគ្តីភាព អធិបតេយ្យភាពនិងវឌ្ឍនភាពជាដើម។
លោកអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យចេះប្រើប្រាស់សិទ្ធិខ្លួនឯងចំពោះការអភិវឌ្ឍ ប្រទេស ធ្វើឲ្យប្រសើរឡើងផ្នែកប្រជាធិបតេយ្យ ដោយក្លាហានក្នុងការតវ៉ាក្នុងនាមជាម្ចាស់អំណាចដើម្បីរើបម្រះឲ្យផុតពីការជិះជាន់។
«បើសិនជាយើងយល់ឃើញថាតំណាងរាស្ត្ររបស់យើងហ្នឹងពុំព្រមស្តាប់ការ ទាមទាររបស់យើងទេ ហើយពុំព្រមបង្កើតជាច្បាប់នៅក្នុងសភាដែលជា នីតិបញ្ញតិ និងសរសេរច្បាប់តាក់តែងឲ្យរដ្ឋាភិបាលយកទៅអនុវត្តទេ យើងឈប់ បោះឆ្នោតឲ្យតំណាងរាស្ត្រហ្នឹងទៅ ហើយតំណារាស្ត្រណាដែលយើងមើលទៅ ឃើញថាមានប្រវត្តិមិនល្អដូចជាអតីតខ្មែរក្រហមក្តី ឬអ្នកពុករលួយក្តី អ្នកឆ្លៀត ឱកាសនិយម អ្វីផ្សេងៗគឺថាយើងជៀសវាង ហើយក្នុងលទ្ធិប្រជាធិបតេយ្យ ហ្នឹងគឺយើងពុំបោះឆ្នោតឲ្យអ្នកហ្នឹងទេ»។
លោកបានថ្លែងថា លទ្ធផលបន្សល់ពីសង្គ្រាមបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេស រណបគេនិងទន់ខ្សោយ ដែលបរទេសជិតខាងអាចឆ្លៀតឱកាសលេបទឹកដី កម្ពុជា។ លោកថា ពលរដ្ឋខ្មែរមិនត្រូវរស់នៅបែបជាទាសករទៀតទេ។ កម្ពុជាត្រូវ តែមានការរៀបចំកំណែទម្រង់ពិតប្រាកដ៕
ព័ត៌មានទាក់ទងផ្សេងទៀត សូមប្រិយមិត្តចូលទស្សនាទំព័រ VOA ពិសេសេអំពីខួបទី៤០ឆ្នាំនៃការឡើងកាន់កាប់ប្រទេសរបស់ខ្មែរក្រហមត្រង់នេះ។