កំណត់និពន្ធ៖ ថ្ងៃ១៧មេសាឆ្នាំ២០១៥នេះ កត់សម្គាល់ខួបទី៤០នៃការឡើងកាន់កាប់អំណាចរបស់ពួកខ្មែរក្រហម។ ក្នុងចំណោមមនុស្សជាងមួយលាននាក់ដែលពួកកុម្មុយនីស្តម៉ៅនិយមបង្ខំឲ្យចាកចេញពីទីក្រុងភ្នំពេញនោះ ក៏មានលោក ប៉ូច រាសី នៃ VOA ផងដែរ។ ថ្មីៗនេះ លោក រាសី បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ផ្ទះដែលលោកធ្លាប់រស់នៅ ហើយបានរៀបរាប់អំពីការចងចាំរបស់លោកនៅថ្ងៃដែលលោកត្រូវខ្មែរក្រហមជម្លៀសពីភ្នំពេញ។
៤០ឆ្នាំមុននៅខែមេសានេះ ពួកខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ ពួកគេបានបណ្តេញមនុស្សទាំងអស់ចេញពីគេហដ្ឋានឲ្យទៅធ្វើស្រែចម្ការនៅតំបន់ជនបទ។ ដូចប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ទៀត គ្រួសារខ្ញុំក៏ត្រូវចាកចេញពីផ្ទះរបស់យើងដែរ។ ឥឡូវ ៤០ឆ្នាំក្រោយមក ខ្ញុំបានវិលត្រឡប់ទៅកាន់គេហដ្ឋាន ដែលខ្ញុំបានចាកចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ខ្ញុំមានអនុស្សាវរីយ៍ច្រើនណាស់នៅក្នុងផ្ទះនេះ។ ខ្ញុំធ្លាប់មានអារម្មណ៍ថាខ្ញុំមានសុវត្ថិភាពណាស់នៅក្នុងគេហដ្ឋានដែលលោកឪពុកខ្ញុំបានសង់កាលពីឆ្នាំ១៩៦១។ នៅថ្ងៃដែលយើងត្រូវពួកខ្មែរក្រហមបង្ខំឲ្យចាកចេញនោះ ខ្ញុំបានងាកក្រោយហើយសម្លឹងមើលផ្ទះខ្ញុំមួយសន្ទុះធំ ជាលើកចុងក្រោយ។ ហាក់ដូចជាមានអ្វីមួយប្រាប់ខ្ញុំថា ខ្ញុំនឹងលែងអាចត្រឡប់មករស់នៅក្នុងផ្ទះនេះទៀតហើយ។ ដូច្នេះខ្ញុំក៏ព្យាយាមចងចាំរឿងអ្វីៗទាំងអស់ដែលបានកើតឡើងនៅថ្ងៃនោះ ប៉ុន្តែឥឡូវ អ្វីដែលខ្ញុំនៅអាចចាំបាននៅពេលនេះ គឺអាហារចុងក្រោយមុនពេលពួកខ្មែរក្រហមភ្ជុងកាំភ្លើងបង្ខំឲ្យយើងចាកចេញនោះតែប៉ុណ្ណោះ។ ថ្ងៃនោះម្តាយខ្ញុំគ្មានពេលធ្វើម្ហូបអ្វីទេ។ គាត់ក៏សម្រេចចិត្តស្ងោរពងមាន់ និងធ្វើទឹកស៊ីអ៊ីវលាយជាមួយស្លឹកខ្ទឹមលីងប៉ុណ្ណោះ។
ក្រោមរបបខ្មែរក្រហម គេចាប់ឪពុកខ្ញុំទៅ នៅថ្ងៃមួយក្នុងខែកញ្ញាឆ្នាំ១៩៧៧។ នៅថ្ងៃនោះមានខ្ញុំតែម្នាក់គត់ដែលនៅផ្ទះជាមួយឪពុកខ្ញុំ។ គាត់ប្រាប់ឲ្យខ្ញុំលួចតាមទៅមើល ហើយថាបើសិនជាឃើញគេចងស្លាបសេកគាត់ គឺមានន័យថាគាត់លែងមកវិញហើយ។ សម្តីចុងក្រោយរបស់គាត់គឺ «កូនឯងជាប្រុស មិនត្រូវឈ្លោះប្រកែកជាមួយបងប្អូនទេ ត្រូវចេះស្រឡាញ់គ្នា»។ បន្ទាប់មកឪពុកខ្ញុំក៏ទាញយករូបថតមួយសន្លឹកតូចពីហៅប៉ៅហើយប្រគល់ឲ្យខ្ញុំទុកឲ្យបានគង់វង្ស។
ថ្ងៃនោះខ្ញុំបានលួចតាមមើលគាត់មែន។ មេភូមិបានប្រមូលបុរសទាំងអស់ក្នុងភូមិ ទៅប្រជុំនៅរោងបាយ ហើយប្រាប់ថា ស្ពានមួយបាក់ អង្គការត្រូវការបុរសទាំងអស់ទៅជួយជួសជុល។ រួចហើយគេក៏បណ្តើរបុរសទាំងអស់ក្នុងភូមិ រួមមានទាំងឪពុកខ្ញុំផង ទៅកាន់ផ្ទះឈ្លប។
អ្វីដែលខ្ញុំបានឃើញនៅថ្ងៃនោះ ស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំមួយជីវិត។ ពួកឈ្លបបានចាប់ឪពុកខ្ញុំនិងអ្នកទាំងអស់ចងស្លាបសេក ហើយរុញឡើងរថយន្ត GMC មួយគ្រឿង ហើយបើកតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត។
ពេលនោះខ្ញុំដឹងថាខ្ញុំលែងឃើញមុខលោកឪពុកខ្ញុំទៀតហើយ។
ប្អូនប្រុសខ្ញុំម្នាក់ និងប្អូនស្រីខ្ញុំម្នាក់ បានស្លាប់នៅមុខខ្ញុំ នៅចុងឆ្នាំ១៩៧៥ និង ពាក់កណ្តាលឆ្នាំ១៩៧៦។ ខ្ញុំបានជួយឪពុកខ្ញុំនិងជីតាខ្ញុំ កប់សពប្អូនៗខ្ញុំ ដែលមានតែកន្ទេលរុំប៉ុណ្ណោះ។
ការវិលត្រឡប់មកក្នុងគេហដ្ឋានចាស់របស់ខ្ញុំ ៤០ឆ្នាំក្រោយនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។ ខ្ញុំនៅអាចឮសំឡេងឪពុកខ្ញុំហៅឈ្មោះខ្ញុំ «រាសី រាសី» ពេលដែលខ្ញុំដើរមើលជុំវិញផ្ទះ។
ឪពុកខ្ញុំនិងខ្ញុំធ្លាប់ស្តាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកជាមួយគ្នាមុនស្រុកធ្លាក់។ ដូច្នេះនៅពេលដែលខ្ញុំចាប់ផ្តើមចូលធ្វើការនៅ VOA ដំបូងនៅឆ្នាំ ១៩៩៣ ខ្ញុំធ្លាប់សង្ឃឹមថា ឪពុកខ្ញុំនៅរស់ ហើយអាចឮឈ្មោះខ្ញុំ និងសំឡេងខ្ញុំ ។ តែនៅពេលដែលពេលវេលាចេះតែកន្លងផុតទៅ ក្តីសង្ឃឹមរបស់ខ្ញុំ ក៏ចេះតែរលាយបាត់សូន្យទៅ។
ដូចប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ នៅប្រទេសកម្ពុជា និងនៅក្រៅប្រទេស ខ្ញុំកំពុងតែសម្លឹងទៅអនាគត ក៏ប៉ុន្តែខ្ញុំមិនអាចបំភ្លេចអតីកាលបានទេ៕