នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសស្វាគមន៍គណបក្សនយោបាយចំនួន២ទៀត ដែលចង់ចូលរួមជាមួយ«ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដែលលោកគ្រោងនឹងបង្កើតនាពេលខាងមុខ ក៏ប៉ុន្តែលោកតម្រូវឲ្យគណបក្សនយោបាយទាំងពីរ សរសេរលិខិតស្នើសុំមករដ្ឋាភិបាល មិនមែនប្រកាសតាមសារព័ត៌មាននោះទេ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តីថ្លែងថា លោកបានអានព័ត៌មាន ឃើញមានគណបក្សនយោបាយចំនួនពីរទៀតបានបង្ហាញបំណងចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់។ លោកបន្ថែមថា លោកស្វាគមន៍គណបក្សទាំងពីរនោះ និងថា ពួកគេត្រូវសរសេរលិខិតត្រឹមត្រូវ មិនមែនបង្ហាញបំណងតាមសារព័ត៌មាននោះទេ។
លោកបញ្ជាក់ថា៖
«ប្រសិនបើបក្សនយោបាយ២ផ្សេងទៀតចង់ចូលរួមការប្រជុំ ផ្តល់មតិ ត្រូវធ្វើលិខិតឲ្យបានត្រឹមត្រូវ មិនអាចនិយាយត្រឹមតែជាមួយសារព័ត៌មានគ្រប់គ្រាន់ទេ។ នេះមិនមែនជាវិធីដំណើរការរដ្ឋបាលរបស់រាជរដ្ឋាភិបាលទេ។ ហើយនៅក្នុងព្រះរាជក្រឹត្យ ថ្ងៃនោះខ្ញុំបាននិយាយថា ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត តែត្រូវមានការយល់ព្រមពីនាយករដ្ឋមន្រ្តី មិនអាចប្រកាសចង់ចូល ចូល ដោយគ្មានការអនុញ្ញាតពីនាយករដ្ឋមន្រ្តីទេ។ ខ្ញុំត្រូវពិនិត្យលក្ខណៈសម្បត្តិគណបក្សហ្នឹង មានលទ្ធភាព និងមានគុណសម្បត្តិគ្រប់គ្រាន់ចូលរួម ឬទេ?»
បើទោះបីជាលោកនាយករដ្ឋមន្រ្តីថ្លែងដោយមិនចំឈ្មោះគណបក្សទាំងពីរនោះ ប៉ុន្តែគេឃើញថា កាលពីថ្ងៃទី២៨ខែសីហា កាសែតក្នុងស្រុកជាភាសាខ្មែរ និងអង់គ្លេសមួយបានផ្សាយថា ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមាតុភូមិយើងបានបង្ហាញជំហរគាំទ្រ និងចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលទើបផ្តើមគំនិតបង្កើតដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តីដែលកំពុងឈានទៅកាន់អំណាចបន្តរយៈពេល៥ឆ្នាំទៀត ក្រោយគណបក្សរបស់លោកឈ្នះការបោះឆ្នោត និងប្រមូលយកកៅអីរដ្ឋសភាទាំង១២៥នោះ បន្ថែមដោយចំអកឲ្យគណបក្សទាំងពីរនោះថា៖
«នៅពេលមុន អ្នកក៏បានថា ទុកពេលពិចារណា ឯខ្ញុំក៏ត្រូវការសិក្សា និងពិចារណាដែរ។ នេះវាជារឿងធម្មតាខ្លាំងណាស់ មិនអាចធ្វើជាភាពរបៀបក្រអឺតក្រទមបានទេ។ សង្ឃឹមថា គណបក្សពីរផ្សេងទៀតដែលចង់ចូលរួម បន្ថែមលើគណបក្ស១៦ហើយនោះ នឹងយល់អំពីកិច្ចការរដ្ឋបាល»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» ដោយអនុញ្ញាតឲ្យគណបក្សនយោបាយចំនួន១៥ក្នុងចំណោម១៩ ដែលមិនទទួលបានអាសនៈសភា ចូលរួមប្រជុំជាមួយលោករៀងរាល់៦ខែម្តង ដើម្បីផ្តល់យោបល់ពីភាពអសកម្មរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
នៅពេលនោះ គណបក្សនយោបាយចំនួន៤ផ្សេងទៀត រួមមានគណបក្សមាតុភូមិយើង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្របានប្រកាសមិនចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះទេ។
VOA បានព្យាយាមទាក់ទងលោកយ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកយ៉ង សាំងកុមារ ព្រមទាំងលោកសាម អ៊ីន សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តែរហូតមកដល់ល្ងាចថ្ងៃពុធនេះ មិនមានការឆ្លើយតប។
អ្នកស្រីហ៊ឹម សុគន្ធី អនុប្រធានគណបក្សមាតុភូមិយើង បានប្រាប់ VOA នារសៀលថ្ងៃពុធនេះថា គណបក្សរបស់អ្នកស្រីមិនបានប្រកាសថា សុំចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះទេ។ អ្នកស្រីបន្ថែមថា គណបក្សអ្នកស្រីពិភាក្សាគ្នាដើម្បីចូលរួម ប្រសិនបើមានលិខិតអញ្ជើញពីលោកនាយករដ្ឋមន្រ្តី។
អ្នកស្រីបញ្ជាក់ថា៖
«បើមានការអញ្ជើញអាហ្នឹងយើងនឹងពិភាក្សាគ្នាដើម្បីចូលរួម ដើម្បីប្រទេសជាតិរបស់យើង។ ក៏ប៉ុន្តែបើឲ្យពួកខ្ញុំសរសេរលិខិតទៅសុំគាត់ដើម្បីចូលរួម ប្រហែលជាមិនអាចទៅរួចទេ។ ទី១ខ្ញុំចង់បញ្ជាក់ថា យើងគណបក្សតូចមួយ ទើបតែបង្កើត ហើយមានតែ៦មណ្ឌលទេ ហើយសំឡេងសន្លឹកឆ្នោតសរុបទៅមិនបានគ្រប់មួយម៉ឺនសន្លឹកផង ហើយទៅសុំគាត់ចូលរួមយ៉ាងម៉េច?»
សមាសភាពឧត្តមក្រុមប្រឹក្សាដែលមកពីតំណាងគណបក្សនយោបាយទាំងនោះ នឹងត្រូវធ្វើជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។ ឧត្តមក្រុមប្រឹក្សានោះនឹងត្រូវបង្កើត ក្រោយរដ្ឋាភិបាលថ្មីបង្កើតនាដើមខែកញ្ញា ឆ្នាំ២០១៨នេះ ហើយរដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកាជាតិដើម្បីផ្តល់ប្រាក់បំណាច់ឲ្យពួកគេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាច្រើនដងថា រដ្ឋសភាអាណត្តិទី៦នឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ ចំណែករាជរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបង្កើតឡើងមួយថ្ងៃបន្ទាប់ពីនោះ។ លោកក៏បានអះអាងថា រាជរដ្ឋាភិបាលថ្មី និងក្បាលម៉ាស៊ីនរដ្ឋសភា ព្រមទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបានធ្វើរួចរាល់អស់ហើយ៕