អ្នកវិភាគមួយចំនួនបង្ហាញទស្សនៈផ្សេងៗគ្នាពាក់ព័ន្ធនឹងការដំឡើងតំណែងលោក ហ៊ុន ម៉ាណែត ឱ្យទៅជានាយឧត្តមនីយ៍ផ្កាយ៤។ អ្នកខ្លះថា នេះជាការត្រៀមខ្លួនដើម្បីចាប់យកតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់លោក ហ៊ុន ម៉ាណែត ខណៈអ្នកខ្លះទៀតថា នេះជាការបង្ហាញពីអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ឯកផ្កាយ៣ ទៅជានាយឧត្តមសនីយ៍ផ្កាយ៤ ដែលជាតំណែងយោធាខ្ពស់ជាងគេនៅក្រោមតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ប៉ុណ្ណោះដែលមានឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ។
អ្នកសិក្សាភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា ការដំឡើងតំណែងនេះ គឺដើម្បីឱ្យលោក ហ៊ុន ម៉ាណែត មានតួនាទីខ្ពស់ ដែលអាចបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឆ្ពោះទៅចាប់យកតំណែងនាយករដ្ឋមន្ត្រី។
លោកថ្លែងថា៖ «ដូច្នេះការដំឡើងឋានន្តរស័ក្តិថ្នាក់នាយកឧត្តមសនីយ៍នេះវាបង្ហាញអំពីតួនាទីកំពូលរបស់លោក ហ៊ុន ម៉ាណែត ក្នុងការក្តោបក្តាប់ ឬក៏ដូចជាបញ្ជាកងទ័ពនៅកម្ពុជា ជាពិសេសវិស័យការពារជាតិនៅកម្ពុជានេះផងដែរ ហើយវាងាយស្រួលសម្រាប់គាត់ងាយនៅក្នុងការចាប់តំណែងនាយករដ្ឋមន្ត្រីនាពេលថ្ងៃអនាគតផងដែរ»។
បើតាមអ្នកវិភាគរូបនេះ ការដំឡើងតំណែងដល់លោក ហ៊ុន ម៉ាណែត មិនមែនជារឿងថ្មី ហើយវាក៏មិនអាចបង្កការរកាំរកូសដល់ផ្ទៃក្នុងរបស់គណបក្សកាន់អំណាចឡើយ ខណៈថាគណបក្សប្រជាជនកម្ពុជា ជាធម្មតាតែងតាំងកូនរបស់ក្រុមអ្នកមានឋានៈខ្ពស់ ឬក្រុមវរជន (elite) ដើម្បីបន្តតំណែងរបស់ពួកគេ។
អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាលើកឡើងថា បើទោះ លោក ហ៊ុន ម៉ាណែត មានតួនាទីត្រឹមផ្កាយ៣ ប៉ុន្តែការធ្វើសកម្មភាពរបស់លោកមានតួនាទីលើសពីផ្កាយ៤រួចទៅហើយ ក្រោមហេតុផលថា នាយទាហានផ្កាយ៤ខ្លះនៅអមលោកហ៊ុន ម៉ាណែត នៅពេលមានកម្មវិធីអ្វីមួយ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក សេង សារី អ្នកស្រាវជ្រាវសង្គមនិងនយោបាយនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី បង្ហាញការយល់ឃើញថា ការតែងតាំងនេះមិនមែនធ្វើឱ្យលោក ហ៊ុន ម៉ាណែត កាន់តែមានឥទ្ធិពលឡើយ ប៉ុន្តែវាជាការបង្ហាញពីអំណាចនិងឥទ្ធិពលរបស់លោក ហ៊ុន សែន ទៅវិញទេ។
បើតាមអ្នកស្រាវជ្រាវរូបនេះ ការតែងតាំងនេះជាការឌឺដង ឬក៏ផ្គើនដៃគូនយោបាយ ដោយសារតែវាកើតមានឡើងក្រោយមានព័ត៌មានអន្តរជាតិផ្សព្វផ្សាយថា លោក ទៀ បាញ់ សព្វថ្ងៃជារដ្ឋមន្ត្រីក្រសួងការពារជាតិ មិនយល់ស្របនឹងការផ្ទេរអំណាចពីឪពុកទៅកូន របស់លោក ហ៊ុន សែន។
លោកបញ្ជាក់ថា៖ «យើងឃើញថា ក្រោយប៉ុន្មានថ្ងៃពីកាសែតនេះចុះ ហើយប៉ុន្មានថ្ងៃក្រោយពីលោក សម រង្ស៊ី ចែករំលែកព័ត៌មាននេះ យើងឃើញថា លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជានាយកឧត្តមសនីយ៍។ អ៊ីចឹងខ្ញុំគិតថា ការតែងតាំងនេះមានភាពចៃដន្យច្រើន ហើយជាការផ្គើន ឬក៏ការឌឺដងទៅដៃគូនយោបាយជាពិសេសលោក សម រង្ស៊ី ហ្នឹងតែម្តង»។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់របស់អ្នកតាមដាននយោបាយកម្ពុជាថាជាសេរីភាពនៃការបញ្ចេញមតិ ដោយសារតែពួកគេទាំងនោះមានយោបល់ផ្សេងៗគ្នាទៅលើបញ្ហាមួយនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការតែងតាំងលោក ហ៊ុន ម៉ាណែត គឺផ្អែកទៅលើការងារ សមត្ថភាព និងឆន្ទានុសិទ្ធិរបស់រដ្ឋាភិបាល ដែលមើលឃើញថា បុគ្គលណាម្នាក់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានតែងតាំង និងដំឡើងមុខតំណែង។
លោកបញ្ជាក់ថា៖ «យើងដឹងហើយថា គណបក្សប្រជាជនធ្វើអ្វី សម្រេចអ្វីជាសមូហភាព ហើយបុគ្គលទទួលខុសត្រូវ។ អាហ្នឹងហើយជាការដឹកនាំនៃគណបក្សប្រជាជនកម្ពុជាតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម គេប្រកាន់គោលការណ៍ហ្នឹងហើយ។ ដូច្នេះហើយបើនិយាយពីរឿងបែកបាក់ ថ្នាំងថ្នាក់ផ្ទៃក្នុងអត់មានទេ ពីព្រោះសម្រេចជារឿងរួម។ ការសម្រេចទាំងអស់គ្នា ដូច្នេះមាននរណាថ្នាំងថ្នាក់?»។
ក្រៅពីការឡើងដំឡើងឋានន្តរស័ក្តិដល់លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត កូនប្រុសម្នាក់ទៀត របស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក៏ត្រូវបានតែងតាំងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។ បច្ចុប្បន្នលោក ហ៊ុន ម៉ានិត មានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចនៃក្រសួងការពារជាតិ។
ការតែងតាំងលោក ហ៊ុន ម៉ានិត នេះត្រូវបានអ្នកវិភាគលើកឡើងថា ជាការជំនួសតំណែងលោក ហ៊ុន ម៉ាណែត នៅក្នុងវិស័យកងទ័ព នៅពេលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការដំឡើងតំណែងដល់លោក ហ៊ុន ម៉ាណែត គឺដើម្បីផ្តល់ភាពងាយស្រួលនៅក្នុងចាប់តំណែងជានាយករដ្ឋមន្ត្រី ដោយសារតែវាបង្កឱ្យរូបលោកងាយស្រួលនៅក្នុងការទទួលភារកិច្ចពីលោក ហ៊ុន សែន និងបញ្ជាកងកម្លាំងផងដែរ។
លោកបញ្ជាក់ថា៖ «កាន់កិច្ចការងារនេះមានទទួលបញ្ជាពីថ្នាក់លើវាតិច ហើយមានតែគាត់ទេដែលអាចបញ្ជាទៅថ្នាក់ក្រោម ឬក៏អ្នកដែលមានឋានានុក្រមទាបជាងគាត់។ ម្យ៉ាងវិញទៀត គាត់ងាយស្រួលនៅក្នុងការបន្ត ឬក៏ផ្ទេរ ចាប់យកអំណាចចាស់ៗជំនាន់មុនដោយងាយស្រួល។ ហើយកាលណាមានកងកម្លាំងប្រដាប់អាវុធនៅក្នុងដៃ គាត់ងាយស្រួលក្នុងការឈានទៅរកកន្លែងឋានានុក្រមរដ្ឋាភិបាលហ្នឹងកាន់តែរឹងមាំ»។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាពីសាលាទាហាន West Point នៃសហរដ្ឋអាមេរិក។ សព្វថ្ងៃលោក ហ៊ុន ម៉ាណែត ជានាយទាហានមួយរូប និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ពេលអនាគត៕