ផ្សារលក់ទំនិញទូទៅមួយនៅតាមព្រំដែនខ្មែរវៀតណាមនឹងលេចចេញជារូបរាងនៅក្នុងពេល១២ខែទៅមុខទៀត បន្ទាប់ពីការបើកការដ្ឋានសាងសង់ផ្សារនេះ កាលពីថ្ងៃច័ន្ទ ក្នុងឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្ត្រីមូលដ្ឋាន។
ការសាងសង់ផ្សារគំរូទីមួយតាមព្រំដែនកម្ពុជាវៀតណាមនេះកើតមានឡើង ក្រោយការបោះបង្គោលព្រំដែនចប់រួចរាល់នៅក្នុងភូមិសាស្ត្រឃុំដារ ដែលមានព្រំប្រទល់ជាប់ឃុំតាំងឡឹប ខេត្តតៃនិញរបស់ប្រទេសវៀតណាម។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយឥតសំណងប្រមាណ២លានដុល្លារអាមេរិក សម្រាប់សាងសង់ផ្សារដែលមានឈ្មោះថា «ផ្សារដារ»។ លោកបានបន្តថា ផ្សារនេះ នឹងក្លាយជាកន្លែងលក់ទំនិញទូទៅ រួមមានសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដែលភាគច្រើនជារបស់ប្រទេសកម្ពុជា។
លោកមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖
«ផ្សារនេះ គឺជាផ្សារពាណិជ្ជកម្ម ហើយជាផ្សារគំរូលើកទីមួយ ដែលយើងសម្រួលឲ្យប្រជាជន នៅតំបន់តាមព្រំដែនហ្នឹង គាត់មានលក្ខណៈ ដោះដូរពាណិជ្ជកម្មបានប្រសើរជាងមុន»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានថ្លែងឲ្យដឹងថា ផ្សារដារកំពុងត្រូវបានសាងសង់លើផ្ទៃដីជិត២ហិកតា ស្ថិតក្នុងសួនឧស្សាហកម្មរបស់ឧកញ៉ាឈន ថារី។ លោកមានប្រសាសន៍បន្តថា ផ្សារនេះនឹងបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។ លោកបានថ្លែងបន្ថែមថា រដ្ឋាភិបាលនឹងពិចារណាបើកផ្សាររបៀបនេះ នៅទីតាំងផ្សេងទៀត ប្រសិនបើផ្សារដែលមានគោលដៅចំម្បងបម្រើវិស័យពាណិជ្ជកម្មនេះដំណើរការទៅបានល្អ។
«ហើយបើដំណើរការល្អនឹងមានសង់នៅតាមព្រំដែនហ្នឹងបន្ថែមទៀត។ សំខាន់គឺជួនកាល របស់របរយើងដែលផលិតបានហ្នឹង យើងពិបាកលក់ទៅខាងគេបន្តិច។ អីចឹងទៅ យើងដាក់នៅទីហ្នឹងទៅគាត់អាចចូលមកទិញ។ ខាងវៀតណាមគាត់អាចចូលមកទិញពីយើងទៅបាន»។
VOA មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីនៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បានទេនៅថ្ងៃអង្គារនេះ។
របាយការណ៍របស់អង្គភាព Fresh News ដែលស្និទនឹងរដ្ឋាភិបាលកម្ពុជា ហើយដែលចេញផ្សាយនៅថ្ងៃអង្គារ បានដកស្រង់សម្តីលោក វ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារគំរូនោះថា ពិធីបើកការដ្ឋានសាងសង់ផ្សារដារនៅថ្ងៃអង្គារទី ១៦ ខែ មករា ឆ្នាំ២០១៨នេះ «គឺដើម្បីអបអរខួបលើកទី៥០នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែកពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទាំងពីរថែមទៀត»។
លោក ថាំង សារឿន មេឃុំដារ ស្រុកមេមត់ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ការសាងសង់ផ្សារដារក្នុងឃុំដារនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា និងវៀតណាម។ លោកបន្តថា ផ្សារនេះនឹងអាចក្លាយជាទីតាំងដោះដូរទំនិញពីខេត្តផ្សេងៗ ដែលមានព្រំប្រទល់ជាប់គ្នានៃប្រទេសកម្ពុជា និងវៀតណាម។
«បើតាមរបាយការណ៍ព្រឹកមិញ ឯកឧត្តម រដ្ឋលេខាធិការហ្នឹងណា៎ បាទ ក្រសួងពាណិជ្ជកម្មហ្នឹង គាត់ថា អាហ្នឹងមិនមែនទាក់ទង មិនមែនតែខេត្តកំពង់ចាមយើងទេ។ តាំងពី អ្ហឺមិនមែនតែត្បូងឃ្មុំទេ។ ណោះ ពីមណ្ឌលគិរី រតនគិរី ក្រចេះអីមកណ៎ោះបាទ! កសិផលដែលដឹកអីមក អាចដោះដូរនៅកន្លែងហ្នឹង»។
នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ លំហូរវិនិយោគផ្ទាល់ពីបរទេសហៅកាត់ថា FDI មកកម្ពុជា មានទឹកប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ ទៅ២ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមបានកើនឡើងគួរឲ្យកត់សម្គាល់។ បើគិតត្រឹមរយៈពេល១១ខែនៃឆ្នាំ២០១៧ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មគិតជាទឹកប្រាក់ជាង៣.៤០០លានដុល្លារអាមេរិកគឺមានកំណើន៣១,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ២.៩២៦លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អង្គភាពព័ត៌មាន Fresh News ដែលបានចេញផ្សាយភ្លាមៗ ក្រោយការបើកការដ្ឋានសាងសង់ផ្សារដារ។
អង្គភាពព័ត៌មាន ដែលទទួលបានការកោតសរសើរពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរនោះ បានដកស្រង់សម្តីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារដារ នៅព្រឹកថ្ងៃអង្គារនេះ តាមន័យដើមថា៖
«ការបង្កើតផ្សារគំរូនេះគឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន៥.០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត»។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ត្រូវបានដកស្រង់សម្តីបន្ថែមក្នុងន័យដើមថា៖
«ខ្ញុំសង្ឃឹមថា ផ្សារនេះនឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះដល់ចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម»៕