នាយករដ្ឋមន្ត្រីចិនកុម្មុយនីស្ត គឺលោក Li Keqiang បានបញ្ចប់ទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ ដោយបានធ្វើកិច្ចព្រមព្រៀង ការវិនិយោគ និងជំនួយជាហិរញ្ញប្បទានជាច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា។
យ៉ាងហោចណាស់មានលិខិតស្នាមនិងកិច្ចព្រមព្រៀងនានាចំនួន១៩ ត្រូវបានចុះហត្ថលេខាដោយឧត្តមមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជននៃប្រទេសទាំងពីរ នៅចំពោះមុខលោក Li និងសមភាគីកម្ពុជារបស់លោកគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ចព្រមព្រៀងទាំងនោះគ្របដណ្ដប់ផងដែរទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ មានដូចជាកំពង់ផែ អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿនជាដើម ដែលគិតជាទឹកប្រាក់មានច្រើនលានដុល្លារ។
កិច្ចព្រមពៀងទាំងនោះរួមមានការឈានទៅសម្រេចគម្រោងកសាងផ្លូវល្បឿនលឿនប្រវែង១៩០គីឡូម៉ែត្រ តភ្ជាប់ប៉ូលសេដ្ឋកិច្ចភាគខាងលិចរាជធានីភ្នំពេញ និងទីក្រុងព្រះសីហនុ ទីដែលមានភ្ញៀវទេសចរ និង អ្នកវិនិយោគចិនដ៏ច្រើន ហើយកំពុងតែអង្រួនទីផ្សារសំណង់ អចលនទ្រព្យនិងសេវាកម្មនៃតំបន់ឆ្នេរសមុទ្រមួយនេះ។
នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៥លាន៦សែននាក់ ដែលក្នុងនោះមាន១លាន២សែននាក់ ជាភ្ញៀវទេសចរចិន។ នេះបើយោងតាមលោកថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ដែលប្រាប់ទីភ្នាក់ងារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។
ក្រៅពីនោះ ក្នុងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោក Li នេះផងដែរនោះ ចិនបានព្រមព្រៀងបោះដៃជួយកម្ពុជាលើវិស័យមុខព្រួញផ្សេងទៀតរួមមាន ការផ្លាស់ប្ដូរបច្ចេកវិទ្យា ការលើកកម្ពស់គុណភាពអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ ការពង្រឹងនិយាមស្ដង់ដារផលិតផលក្នុងស្រុក ការពង្រឹងវិស័យរុក្ខប្រមាញ់ ការធ្វើទំនើបកម្មវិស័យកសិកម្ម និងការពង្រីកនូវសមត្ថភាពផ្នែកថាមពល និងទូរគមនាគមន៍របស់ប្រទេសកម្ពុជាផងដែរ។
បើគិតត្រឹមខែតុលា ឆ្នាំ២០១៧ ប្រទេសចិនឈរនៅលំដាប់លើគេនៃប្រទេសដែលបានដាក់ទុនវិនិយោគនៅកម្ពុជា មានទំហំទឹកប្រាក់១២,៥៧ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងអត្រា៣៦,៤% នៃការវិនិយោគដោយផ្ទាល់ពីបរទេសមកក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua របស់ចិន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជា បាននិយាយថា លោកមានការព្រួយបារម្ភថា ការជះជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ចិនមកកម្ពុជា អាចបង្ហាញជាសញ្ញាជាក់ច្បាស់អំពីការ «ពឹងផ្អែកជ្រុល» របស់រដ្ឋាភិបាលលោក ហ៊ុន សែន ផ្ដេកផ្ដួលទៅលើមហាអំណាចនៅអាស៊ីនេះ។ លោកថា ការណ៍នេះ នឹងរុញបញ្ជូននយោបាយការបរទេសខ្មែរចូលទៅកាន់អនាគតមួយដែលគ្មានលំនឹង។
«ខ្ញុំថា រដ្ឋាភិបាលគួរប្រកាន់ជំហរអព្យាក្រឹត្យនៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយមិនចូលបក្សសម្ព័ន្ធគឺមានទំនាក់ទំនងល្អនៅក្នុងពិភពលោកទាំងមូល ហើយអនុវត្តនូវអ្វីដែលយើងព្រមព្រៀងគ្នានៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង និងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ហើយឈប់ធ្វើការតិះទៀន វាយប្រហារទៅលើប្រទេសណាៗបាទ»។
ប្រទេសចិនបានក្លាយអ្នកគាំទ្រចម្បងគេដល់ប្រទេសកម្ពុជានាពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលមានការបង្ក្រាបផ្នែកនយោបាយយ៉ាងជ្រាលជ្រៅនៅទីក្រុងភ្នំពេញ ដែលឈានទៅដល់ការរំលាយគណបក្សជំទាស់ធំជាងគេ និងចាប់ប្រធានបក្សប្រឆាំងដាក់ពន្ធនាគារ ខណៈដែលការបោះឆ្នោតជាតិនឹងចូលមកដល់នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ការបង្ក្រាបនយោបាយពាក់ព័ន្ធផងដែរដល់ការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងភ្នំពេញថា សហរដ្ឋអាមេរិកបានគាំទ្រគណបក្សជំទាស់ដែលត្រូវបានរំលាយ រៀបចំគម្រោងការផ្ដួលរំលំរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសុទ្ធតែបានប្រកាសផ្ដល់ជំនួយ និងបង្ហាញមន្ទិលថា ការបោះឆ្នោតខែកក្កដាមិនអាចស្របច្បាប់ទេ នៅពេលអវត្តមានគណបក្សជំទាស់។
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា តែងបានប្រកាន់ជាទៀងទាត់នូវខ្សែបន្ទាត់នយោបាយជាមួយប្រទេសចិនក្នុងវេទិកានានា ដូចយ៉ាងវេទិកាអាស៊ានជាដើម ក្នុងការមិនធ្វើអន្តរជាតូបនីយកម្មនៃជម្លោះដ៏ចម្រូងចម្រាសក្នុងសមុទ្រចិនខាងត្បូង ហើយនេះហាក់ដូចជាការប៉ះប៉ូវពីរដ្ឋាភិបាលក្រុងភ្នំពេញ។
បើយោងតាមសេចក្ដីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ចិន និងកម្ពុជាបានបង្ហាញនូវចក្ខុវិស័យរួមរបស់ខ្លួនក្នុងការ«កសាងសមុទ្រចិនខាងត្បូងជាតំបន់សាគរនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
VOA មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដើម្បីសុំការអត្ថាធិប្បាយបានទេ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Li បង្ហាញថា ទំនាក់ទំនងខ្មែរចិន«នៅតែរឹងមាំ» ហើយបន្តទៅអនាគត «ដែលគ្មានកាលកំណត់» ដែលលោកថា វាមិនដូចការបារម្ភរបស់លោក ឡៅ ម៉ុងហៃ អំពីការលម្អៀងរបស់កម្ពុជាទៅរកចិននោះឡើយ។«កម្ពុជាមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ ហើយមិនរើសអើងរឿងជាតិសាសន៍ ច្រមុះវែង ច្រមុះខ្លី ឬ ខ្មៅ ឬ សអ្វីទេ គឺគ្រាន់តែថា ឈរលើមូលដ្ឋាន កុំឱ្យមានការរើសអើង ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា គោរពគ្នាដោយស្មើភាព ទោះបីថា ជាប្រទេសធំ ប្រទេសតូចក្ដី»។
មន្ត្រីអ្នកនាំពាក្យនិងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងរូបនេះបានបន្តទៀតយ៉ាងដូច្នេះថា៖
«បើយើងប្រៀបធៀបកម្ពុជា១៥លាននាក់ មិនបានកូនខេត្តមួយរបស់ចិនផងទេ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនលោកគោរពកម្ពុជាដូចជាប្រទេសមួយស្មើសិទ្ធិស្មើភាពជាមួយលោកដែរ»។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិនកុម្មុយនីស្តមកប្រទេសកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងភ្លាមៗ ក្រោយពេលដែលលោកចូលរួមកិច្ចប្រជុំមេដឹកនាំរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ដែលរៀបចំឡើងនៅកម្ពុជានៅថ្ងៃពុធកន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃពេញនៅរាជធានីភ្នំពេញ លោក Li បានចូលចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី ជួបមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន និងជប់លៀងបាយថ្ងៃត្រង់ជាមួយលោក ហ៊ុន សែន មុននឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។
ឆ្នាំនេះជាខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងចិនកុម្មុយនីស្ត។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៥៨ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីចិន លោក ជូ អេនឡាយ៕