លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា ប្រទេសកម្ពុជាបានពង្រឹងការអភិវឌ្ឍដោយខ្លួនឯងទាំងធនធានមនុស្សនិងសេដ្ឋកិច្ច ដោយមិនត្រូវពឹងផ្អែកទាំងស្រុងទៅនឹងការវិវត្តនៃសេដ្ឋកិច្ចពិភពលោក ដែលលោកហៅថាជាខ្យល់«អុកស៊ីហ្ស៊ែន» ជួយដល់ជីវិតឱ្យរស់រាននោះទេ។
ថ្លែងទៅកាន់ក្រុមកម្មករកម្មការិនី ក្នុងពិធីជួបជុំប្រចាំសប្តាហ៍ជាមួយលោកនាយករដ្ឋមន្ត្រីក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បញ្ជាក់ថា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមពង្រឹងសេដ្ឋកិច្ចខ្លួនឯងទប់ទល់នឹងឥទ្ធិពលអាក្រក់ពីបរទេសដែលអាចប៉ះពាល់ដល់ការវិវត្តសេដ្ឋកិច្ចក្នុងស្រុក។ លោកថា កម្ពុជាបានអភិវឌ្ឍធនធានមនុស្សយ៉ាងហោចណាស់២៥ទៅ៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ហើយកម្ពុជាកំពុងរៀនរស់ដោយខ្លួនឯងដោយ ដោះស្រាយបញ្ហានានាដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍បន្ថែមទៀតទាំងវិស័យកសិកម្ម ឧស្សាហកម្មនិងកម្មន្តសាលជាដើម។
លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា៖
«ហើយយើងមិនចង់ឲ្យ ផលប៉ះពាល់ទាំងឡាយដែលកើតចេញពីនេះ ពីនោះ មកដល់យើងធ្ងន់ហួសនោះទេ។ បៀបដូចជាគេដាក់ អុកស៊ី ហើយដកអុកស៊ីគឺងាប់។ យើងមិនអាចក្លាយខ្លួនពីអ្នកដែលរង់ចាំអុកស៊ីពីគេនោះទេ!ជាក់ស្តែងនៅក្រោយឆ្នាំ១៩៧៩ យើងគ្មានអុកស៊ីពីនរណាក្រៅពីព្យាយាមដកដង្ហើមខ្លួនឯង តាមច្រមុះទាំងពីរហើយតាមមាត់ទៀត ដើម្បីឲ្យខ្លួនបានរស់។ នេះជាចំណុចភាពធនរបស់យើង»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅគ្រាដែលក្រុមបស្ចិមប្រទេសនិងប្រទេសនិយម ប្រជាធិបតេយ្យ ព្រមាន ដាក់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចសារជាថ្មី ឆ្លើយតបនឹងការរំលាយគណបក្សជំទាស់សង្គ្រោះជាតិកាលពីខែវិច្ឆិកាកន្លងទៅ។
សភាសហភាពអឺរ៉ុបកាលពីសប្តាហ៍កន្លងទៅបានបោះឆ្នោតចេញនូវសេចក្ដីសម្រេចមួយស្នើឱ្យមានការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសំណាក់ប្រទេសជាសមាជិករបស់ខ្លួនដែលមាន២៨ប្រទេស លើផលិតផលនាំចេញពីប្រទេសកម្ពុជាចូលទៅទីផ្សាររបស់ខ្លួន បើសិនជាមិនមានសញ្ញាណាមួយដែលថារដ្ឋាភិបាលកម្ពុជានឹងបែរក្រោយ ឬបន្ធូរបន្ថយនូវសកម្មភាពបង្ក្រាបផ្នែកនយោបាយទេនោះ។
បើទោះជាលោក ហ៊ុន សែន ថ្មីៗនេះអះអាងថា រដ្ឋាភិបាលរបស់លោក មិនមានក្តីបារម្ភទាក់ទិននឹងចំណាត់ការនោះក៏ដោយ ក៏ប៉ុន្តែក្នុងលិខិតមួយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជានឹងអាចខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ទៅលើការបង់ពន្ធនាំចូលទៅកាន់បស្ចិមប្រទេសរួមទំាងសហភាពអឺរ៉ុបផងដែរ។
ក្នុងលិខិតចុះថ្ងៃទី៤ខែធ្នូ និងត្រូវគេចែកចាយតាមបណ្តាញសង្គម កាលពីដែមសប្តាហ៍នេះឲ្យដឹងថា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ បានស្នើឱ្យលោក ហ៊ុន សែន ធ្វើការ lobby ឬបញ្ចុះបញ្ចូលក្រុមប្រទេសទាំងនោះដើម្បីឱ្យកម្ពុជាទទួលកិច្ចអនុគ្រោះពន្ធនាំចូលក្នុងប្រទេសទាំងនោះបន្តទៀត។
ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់នៅថ្ងៃពុធនេះថា កិច្ចអនុគ្រោះពន្ធនាំចូលទៅកាន់ប្រទេសអភិវឌ្ឍន៍នានាដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគឺសម្រាប់តែប្រទេសក្រីក្រតែប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានឆ្លងផុតពីបន្ទាត់ក្រីក្រទៅហើយ ហើយក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទៀប។ លោក ក៏អះអាងផងដែរថា កម្ពុជានឹងមិនស្លាប់នោះទេប្រសិនបើសហរដ្ឋអាមេរិក និងអឺរ៉ុប ដកកម្ពុជាចេញបញ្ជី អនុគ្រោះពន្ធនោះ។
«យើងមិនត្រូវរស់ដោយសារការដកដង្ហើមពីនេះ ឬពីនោះទេ! ពិភពលោកចំណុះឲ្យគ្នាទៅវិញទៅមកមានទៅមានមក។ យើងនាំទំនិញពីគេចូលមកយើង ហើយយើងក៏នាំទំនិញយើងទៅកាន់ប្រទេសរបស់គេ។ហើយត្រូវចងចាំឲ្យបានថា មានតែប្រទេសក្រីក្រតែប៉ុណ្ណោះដែលទទួលបានភាពអនុគ្រោះអំពីពន្ធដារសម្រាប់ពីប្រទេសផ្សេងៗ»។
ក្រៅពីការព្រមានដកកម្ពុជាចេញពីបញ្ជីអនុគ្រោះពន្ធដារ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏បានប្រកាសបញ្ចប់ការជួយឧបត្ថម្ភដល់ការបោះឆ្នោតជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០១៨ខាងមុខ ដោយខ្លួនអះអាងថា ការបោះឆ្នោតនាពេលខាងមុខនឹងមិនសេរីនិងយុត្តិធម៌។ ក្រោយការរំលាយគណបក្សជំទាស់ដ៏ធំរបស់កម្ពុជា ការបង្ក្រាបលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ប្រទេស ស៊ុយអែត ក៏បានប្រកាសបញ្ចប់ជំនួយមួយចំនួនរបស់ខ្លួនលើការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរសហរដ្ឋអាមេរិក ក៏បានប្រកាសបិទទិដ្ឋាការដល់ បុគ្គលនិងមន្ត្រីកម្ពុជាមួយចំនួនដែលធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។
ឆ្លើយតបនឹងវិធានការនានារបស់បស្ចិមប្រទេស លោក ហ៊ុន សែន ថ្មីៗនេះមិនបានបង្ហាញសញ្ញាណាមួយដែលថាលោកនឹងរាថយនោះទេ។ លោកក៏បានបបួលបណ្ដារដ្ឋបរទេសឱ្យដាក់ទណ្ឌកម្មលើរាល់មន្ត្រីខ្មែរណាដែលមានប្រាក់នៅក្រៅប្រទេស តែលោកបានលើកទឹកចិត្តដល់អតីតមន្ត្រីបក្សជំទាស់ឱ្យបង្កើតគណបក្សថ្មីមួយទៀត ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខនេះ៕