អ្នកវិភាគព្រួយបារម្ភថា កម្ពុជាអាចធ្លាក់ចូលក្រោមឥទ្ធិពលប្រទេសចិនកាន់តែជ្រៅទៅៗតាមរយៈការវិនិយោគទុន និងទទួលយកកម្ចីរបស់ចិនកាន់តែច្រើនឡើងៗ ហើយអាចនឹងត្រូវប្រទេសមហាអំណាចអាស៊ីមួយនេះយកប្រៀបកាន់តែខ្លាំងឡើងៗ នៅពេលដែលកម្ពុជាឯកាពីសហគមន៍អន្តរជាតិ។
លោក អ៊ូ វីរៈ ស្ថាបនិក និងជាប្រធានវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា៖
«នៅពេលមួយ ដែលប្រទេសកម្ពុជាជំពាក់ចិន ច្រើន នៅពេលនោះគឺ ប្រទេសកម្ពុជានឹងចូលស៊ងចិន។ ចំណុចទីពីរ បើសិនជាកម្ពុជាមិនឯកាទេបានន័យថា យើងនៅមានទីផ្សារអន្តរជាតិ ទីផ្សារពិភពលោក និងវិនិយោគពីពិភពលោកខ្ញុំមើលទៅមិនជាបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែចំពោះកម្ចីប៉ុណ្ណឹងដរាបណាយើងនៅមានទីផ្សារសេដ្ឋកិច្ចយើងរីកចម្រើន។ ប៉ុន្តែប្រសិនបើប្រទេសកម្ពុជាឯកាទៅវិញហ្នឹងគឺ យើងអស់ជម្រើសហើយ នៅពេលដែលយើងជាមនុស្សអស់ជម្រើស ហើយមានតែចិនគឺ ចិនឈប់យកចិត្តយើងហើយ។ អត់ទាមទារយកចិត្តបានន័យថា ក្នុងការជជែកគ្នាចរចាជាមួយចិនគឺ ចិនមានប្រៀបដាច់តែម្តង។ នេះគឺជាអ្វីមួយដែលខ្ញុំព្រួយ»។
លោក អ៊ូ វីរៈ បានលើកយកឧទាហរណ៍ប្រទេសស្រីលង្កា ដែលបានប្រគល់សិទ្ធិគ្រប់គ្រងកំពង់ផែHambantota ដែលជាកំពង់ផែដ៏ធំជាងគេបំផុតទៅឱ្យក្រុមហ៊ុន China Merchants Port Holdingគ្រប់គ្រងដែលក្រុមហ៊ុននេះជារបស់រដ្ឋាភិបាលចិន។ ក្នុងខណៈពេលដែលប្រទេសស្រីលង្កានៅគ្រប់គ្រងផ្នែកសន្តិសុខផែជូនថៅកែចិនតែប៉ុណ្ណោះ។
លោកបានបន្ថែមថា៖
«នេះគឺជាគ្រោះថ្នាក់ដល់សន្តិសុខជាតិ ហើយជាគ្រោះថ្នាក់នយោបាយ ហើយគ្រោះថ្នាក់សម្រាប់សេដ្ឋកិច្ចជាតិដូចប្រទេសស្រីលង្កាផងដែរ។ នេះគឺជា អ្វីមួយដែលយើងព្រួយបារម្ភ»។
ប្រទេសស្រីលង្កាជំពាក់បំណុលចិនចំនួន ៨.០០០លានដុល្លារក្នុងខណៈពេលដែលកម្ពុជាជំពាក់ បំណុលទេ្វភាគីចំនួន ៤.៣៦៩លានដុល្លារក្នុងនេះគឺ បំណុលចិនមានចំនួន៧០ភាគរយ។ កម្ពុជាមានបំណុលសាធារណៈទ្វេភាគី និងពហុភាគីសរុបចំនួន ៦.៤៥៧លានដុល្លារ។ នេះបើតាមតួលេខឆ្នាំ២០១៧របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
អ្នកវិភាគរូបនេះក៏ស្នើសុំឱ្យកម្ពុជាប្រយ័ត្នប្រយែងចំពោះទឹកប្រាក់កម្ចីរបស់ចិនផងដែរ ព្រោះវាក៏ត្រូវបង្វិលតែក្នុងរង្វង់អ្នកវិនិយោគចិនប៉ុណ្ណោះ។ លោកបានលើកឧទាហរណ៍ថា ប្រទេសម៉ាឡេស៊ីក៏កំពុងតែព្រួយបារម្ភដែរដោយសារតែកម្ចីលុយចិនយកមកកសាងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវថ្នល់ ផ្លូវរថភ្លើងនិងផែជាដើម។
តាមបទពិសោធន៍គឺ ម៉ាឡេស៊ីមិនមានសិទ្ធិអ្វីសម្រេចលើការទិញសេវាថោកជាង ឬកំណត់គុណភាពអ្វីល្អផ្សេងក្រៅពីរបស់ចិនឡើយ។
លោកអ៊ូ វីរៈថា ការពិតចិនកំពុងតែស្រូបយកផលប្រយោជន៍សេដ្ឋកិច្ចពីកម្ពុជាទៅវិញទេ ពីព្រោះតែអតុល្យភាពគ្នានៃបណ្តូរពាណិជ្ជកម្មគឺ កម្ពុជានាំចូលចិនតែក្នុងកម្រិតជាង ៨០០លានដុល្លារក្នុងខណៈពេលដែលចិននាំចូលកម្ពុជាមានរហូតដល់ជិត៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
លោកបន្ថែមថា៖ «យើងអរគុណមហាមិត្តចិនយើងមិនខុសទេ ប៉ុន្តែយើងនាំចូលពីចិនមកក៏ច្រើនជាងទៅទៀតអីចឹងតាមពិតទំនាក់ទំនងសេដ្ឋកិច្ចនេះគឺ ចិនចំណេញជាងយើង»។
យ៉ាងណាក៏ដោយលោកអ៊ូ វីរៈយល់ថា ជំនួយ និងការវិនិយោគទុនចិនជាការសប្បាយរីករាយមួយសម្រាប់កម្ពុជាក្នុងរយៈពេលខ្លី ដោយសារតែកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក អ៊ូ វីរៈ មើលឃើញថា ទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនក៏អាចជួយឱ្យកម្ពុជាទប់តុល្យភាពអំណាចជាមួយនឹងប្រទេសវៀតណាម និងបស្ចិមប្រទេសបើកម្ពុជាចេះប្រើប្រាស់ដោយត្រឹមត្រូវដោយមិនធ្លាក់ចូលស៊ងចិនខ្លាំងពេក៕