ប្រភពប៉ូលិស និងមន្ទីរពេទ្យព្រមទាំងបណ្តាញផ្សាយព័ត៌មានអារ៉ាប់រាយការណ៍ថា មានមនុស្សជាង៤០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រនៅក្នុងប្រទេសអ៊ីរ៉ាក់ហើយមានមនុស្សមួយចំនួនទៀតបានស្លាប់នៅក្នុងប្រទេសលីបង់។
ពួកបាតុកររាប់រយនាក់បានបន្តសម្តែងការអាក់អន់ចិត្តរបស់ពួកគេនៅតាមផ្លូវក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ដោយទាមទារឱ្យមានកំណែទម្រង់នយោបាយ និងការបញ្ឈប់អំពើពុករលូយរាលដាលក្នុងរដ្ឋាភិបាលផងដែរ។ក្រុមបាតុករនៅក្នុងក្រុងជាច្រើននៃប្រទេសលីបង់ក៏បានដើរធ្វើបាតុកម្មពេញផ្លូវដោយធ្វើការទាមទារស្រដៀងគ្នាដែរ។
គេរាយការណ៍ថា មានមនុស្សជាង៤០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រនៅក្នុងអំពើហិង្សាក្នុងប្រទេសអ៊ីរ៉ាក់ ទោះណាជាមានការអំពាវនាវដោយ Sheik Abdel Mahdi Karabaliye ដែលជាអ្នកតំណាង Ayatollah Ali Sistani បព្វជិត Shi'ite កំពូលរបស់ប្រទេស ដែលសុំឱ្យធ្វើការតវ៉ាដោយសន្តិវិធីក៏ដោយ។
Sheik Karabaliye បានអំពាវនាវដល់ពួកបាតុករ និងកងកម្លាំងសន្តិសុខឱ្យគោរពសន្តិវិធីនៃការតវ៉ាហើយកុំប្រើអំពើហិង្សា។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានត្អូញត្អែរអំពីអ្វីដែលលោកបានហៅថាជាការទាមទារផ្ទុយគ្នាដោយពួកបាតុករ។
លោកបាននិយាយថា លោកភ្ញាក់ផ្អើលដោយឃើញមនុស្សច្រើននាក់ដែលប្រឆាំងនឹងការកែទម្រង់ពីព្រោះពួកគេបានត្រូវជំរុញដោយកម្លាំងពីខាងក្រៅ នៅពេលនេះទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែងទៅវិញ។
លោក Saad Hadithi អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយប្រាប់ទូរទស្សន៍ Arabiya TV ថា កំពុងមានកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តើមគំនិតការរុះរើគណៈរដ្ឋមន្ត្រីដោយមានរួមបញ្ចូលទាំងការដករដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួនតូចផងដែរ៕