កាលពីថ្ងៃសុក្រ ប្រទេសលីបង់បានបញ្ជាក់ថា មានករណីមេរោគវីរុសកូរ៉ូណាទីមួយលើស្ត្រីម្នាក់អាយុ៤៥ឆ្នាំដែលបានមកពីប្រទេសអ៊ីរ៉ង់ ហើយកំពុងត្រូវដាក់ឱ្យនៅដាច់ពីគេនៅក្នុងមន្ទីរពេទ្យមួយ។
រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក Hassan Hamad បាននិយាយប្រាប់សន្និសីទកាសែតថា៖ «យើងបញ្ជក់ថាមានករណីទីមួយនៅថ្ងៃនេះ»។
លោកបាននិយាយបន្ថែមថា ករណីសង្ស័យពីរទៀតកំពុងត្រូវស៊ើបអង្កេត។
ស្ត្រីនេះបានមកដល់ប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍តាមជើងហោះហើរមួយពីក្រុង Qom ក្នុងប្រទេសអ៊ីរ៉ង់។ ស្ត្រីរូបនេះនិងអ្នកជាប់សង្ស័យថាមានជំងឺនេះពីរនាក់ទៀតបានត្រូវដាក់ឱ្យនៅដាច់ពីគេនៅក្នុងមន្ទីរពេទ្យ Rafik Hariri របស់រដ្ឋាភិបាលក្នុងក្រុងបេរូត។
នៅពេលជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រថា មានមនុស្សពីរនាក់ទៀតបានស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាថ្មីនេះ។
លោក Kianoush Jahanpour អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយថា ករណីអ្នកជំងឺថ្មីៗនេះមានទាក់ទិននឹងក្រុង Qom ដែលនៅទីនោះអ្នកជំងឺចាស់ៗពីរនាក់បានស្លាប់កាលពីថ្ងៃពុធ។ រហូតមកដល់ពេលនេះមានករណី១៨នាក់ហើយនៅក្នុងប្រទេសអ៊ីរ៉ង់ដោយមានរួមបញ្ចូលទាំងអ្នកជំងឺបួននាក់ដែលបានបាត់បង់ជីវិតទៅហើយនោះ។
មន្ត្រីម្នាក់ទៀតនៃក្រសួងសុខាភិបាលអ៊ីរ៉ង់គឺលោក Minoo Mohraz បាននិយាយថា មេរោគវីរុសនេះអាចឆ្លងពីពួកកម្មករចិនធ្វើការនៅក្នុងក្រុង Qom ដែលបានធ្វើដំណើរទៅប្រទេសចិន។ ក្រុមហ៊ុនចិនមួយកំពុងកសាងរោងចក្រថាមពលព្រះអាទិត្យមួយនៅក្នុងក្រុង Qom៕