ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ជន​ជាតិ​អ៊ុយក្រែន​កំពុង​សម្រុក​​​ចេញ​ពី​ប្រទេស​ ​​មាន​សេចក្តី​រាយការណ៍​ពី​​​​​ការ​រើសអើង​លើ​ជន​ជាតិ​អាហ្រ្វិក​​​​​ផង​ដែរ


រូប​ឯកសារ៖ ជនជាតិ​អាហ្វ្រិក​ដែល​រស់​នៅ​ប្រទេស​អ៊ុយក្រែន រង់​ចាំ​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ក្នុង​​ទី​ក្រុង Lviv ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។
រូប​ឯកសារ៖ ជនជាតិ​អាហ្វ្រិក​ដែល​រស់​នៅ​ប្រទេស​អ៊ុយក្រែន រង់​ចាំ​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ក្នុង​​ទី​ក្រុង Lviv ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

​ក្រុម​អ្នក​ធ្វើការនិង​និស្សិត​អាហ្វ្រិក​ដែល​ព្យាយាម​រត់គេច​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ ​ដោយ​សារ​តែ​ការឈ្លាន​ពាន​របស់​រុស្ស៊ី​នោះ បានត្អូញត្អែរ​ថា ខ្លួនត្រូវ​បាន​គេ​រារាំងមិន​ឲ្យ​ជិះ​រថយន្ត​ដឹក​អ្នក​ដំណើរ រថភ្លើង​និង​ឆ្លងកាត់​ព្រំដែន​ដោយ​ទុក​អាទិភាព​ទៅ​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន។

មន្ត្រី​អាមេរិកាំង​មួយ​រូប បាន​ប្រាប់វីអូអេថា សហរដ្ឋ​អាមេរិក បាន​ដឹង​ពី​បញ្ហា​នេះ។ មន្ត្រី​រូប​នោះ ​និយាយ​ទៀត​ថា «នេះ​ជា​ក្តីបារម្ភ​មួយ​ដ៏​ធំ​មួយ» ប៉ុន្តែ​ជន​ជាតិ​នីហ្សេរីយ៉ា​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ បាន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន។

អាជ្ញាធរ​អ៊ុយក្រែន បានផ្តល់​អាទិភាព​ដល់​ស្រ្តី​និង​កុមារអ៊ុយក្រែន​ដែល​ព្យាយាមចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​ពលរដ្ឋ​អាហ្វ្រិក​ត្រូវ​បាន​គេរារាំង​ក្នុង​កម្រិត​ណា ដែល​ខុស​ពី​ជន​បរទេស​ដទៃ​ទៀត​នោះ។ ពួក​បុរស​អ៊ុយក្រែន​ដែល​មាន​អាយុ​អាច​ធ្វើ​សង្គ្រាម​បាន មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ជនជាតិ​អាហ្វ្រិក​មួយចំនួន ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់ដែល​ព្យាយាម​ចាក​ចេញ​ពី​អ៊ុយក្រែន​នោះ​ បាន​ចោទ​ប្រកាន់​ថា មាន​ការប្រកាន់​ពូជសាសន៍​ដែល​បណ្តាល​ឲ្យ​មាន​ការ​បដិសេធពី​អាជ្ញាធរ​អ៊ុយក្រែន​និង​ការបារម្ភ​ពី​សហរដ្ឋ​អាមេរិក​និង​អង្គការ​អន្តរជាតិ​នានា។

និស្សិត​ជាតិ​លីបេរីយ៉ា​មួយ​រូប​ឈ្មោះ Augustine Akoi Kollie ដែល​សិក្សា​មុខវិជ្ជា​ពេទ្យនៅ​ក្នុង​ទីក្រុង Ternopil ភាគ​ខាង​លិចប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែកនូវ​ការ​រើស​អើង​នេះ​ក្នុង​ពេល​លោក​កំពុង​រង់ចាំ​ឆ្លងកាត់​ព្រំដែន​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ នៅ​ចំណុច​ឆ្លង​កាត់​ព្រំដែន​ក្នុង​ទីក្រុង Suceava នៃ​ប្រទេស​រូម៉ានី។

លោក​បាន​ប្រាប់​វីអូអេ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ឈរ​តម្រង់​ជួរ​ដ៏​វែង​ដោយមានវ៉ាលី​ឥវ៉ាន់​និង​កូន​តូចៗ​របស់​គេ​ផង ហើយ​ប្រសិន​បើ​មានពលរដ្ឋ​អ៊ុយក្រែន​ណាម្នាក់ដើរ​មក អ្នក​ត្រូវទុក​ផ្លូវឲ្យ​ជន​ជាតិ​អ៊ុយក្រែន​នោះ​ទៅ​មុន​និង​ឈរ​នៅ​ជួរ​ខាង​មុខ។ បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ឲ្យ​ស្រ្តី​និង​កុមារ​ទៅ​មុន​ក្តី ក៏​ពួក​ស្ត្រី​ជាតិ​អាហ្វ្រិក​ ត្រូវ​បានទុកឲ្យ​នៅក្រោយ​គេ​ដែរ។

លោក​បន្ថែម​ទៀត​ថា៖ «នេះ​ជា​ការប្រកាន់​ពូជសាសន៍​ពីព្រោះ​បើ​អ្នកនិយាយ​ថា អ្នក​យក​ស្ត្រី​និង​កុមារ​ទៅ​មុន​ហើយ​នៅ​ទី​នោះ​ក៏​មាន​និស្សិត​បរទេស​ដែលជា​ស្ត្រី​ផងដែរ ហេតុ​អ្វី​ក៏​មិន​យកគ្នា​ទៅ​មុន​ដែរ?»។

វេជ្ជបណ្ឌិតជន​ជាតិ​នីហ្សេរីយ៉ា​មួយ​រូប​ ដែល​មាន​វ័យ២៤ឆ្នាំ បាន​ប្រាប់​ការសែត The New York Times ថា នាង​បាន​ជាប់នៅ​ច្រក​ឆ្លងកាត់​ព្រំដែន​អ៊ុយក្រែន-ប៉ូឡូញ​អស់​រយៈពេល​២ថ្ងៃ​ នៅតំបន់​ប្រជុំជន Medyka នៃ​ប្រទេស​ប៉ូឡូញ​ដោយ​ឆ្មាំ​សន្តិសុខ​បាន​រារាំង​មិន​ឲ្យ​ជន​បរទេសធ្វើ​ដំណើរ​ទៅ​មុខ​ហើយ​ទុក​ឲ្យ​ជន​ជាតិ​អ៊ុយក្រែន​ទៅ​មុនសិន។
នាង​បាន​ប្រាប់​កាសែត​នេះ​ទៀត​ថា៖ «ក្រុម​សន្តិសុខ​ទាំង​នោះ បាន​ប្រើ​ដំបង​របស់​គេ​វាយ​ទៅ​លើអ្នក​ឈរ​រង់​ចាំ​ទាំង​នោះ។ ពួក​គេ​បាន​ទះនិង​វាយ​មនុស្ស​ទាំង​នោះ​ហើយ​បាន​រុញ​ពួក​គេ​ ឲ្យ​ទៅ​ឈរ​នៅ​ជួរ​ខាង​ក្រោយ​វិញ។ មើល​ទៅដូច​ជាពិបាក​ភ្នែកណាស់។

អ្នក​យក​ព័ត៌មាន​របស់វីអូអេ​ម្នាក់​ដែលរាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​អ៊ុយក្រែន​នៅ​ទីនោះ​ បានផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ឲ្យ​ឡើង​ជិះ​រថយន្ត​ដឹក​អ្នក​ដំណើរ​និង​រទេះភ្លើង​ដែល​បាន​ធ្វើ​ឲ្យ​ជន​បរទេស​ផ្សេងៗ​ទៀត​មាន​ការ​លំបាក​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​នេះ។

មន្ត្រី​អាមេរិក​មួយ​រូប​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ជេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា សហ រដ្ឋ​អាមេរិក កំពុង​តាមដាន​ពិនិត្យ​មើល​រឿងរ៉ាវ​ជុំវិញ​ជន​បរទេស​ដែលចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ហើយ​នោះ​គឺ​ជា​ក្តី​កង្វល់​មួយដ៏​ធំ បើ​ទោះ​បីជា​មានជន​ជាតិ​នីហ្សេរីយ៉ា ដែល​ជា​ក្រុម​ជន​បរទេស​ដ៏​ធំទី២​បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែនកាល​ពី​ថ្ងៃ​អង្គារកន្លង​ទៅ​នេះ​ក្តី៕

អ្នក​ផ្តល់​ព័ត៌មាន​ដល់​សេចក្តីរាយការណ៍​នេះ រួមមាន Myroslava Gongadze ប្រធាន​ការិយាល័យ​អឺរ៉ុប​ខាង​កើត​របស់​វីអូអេ អ្នក​យកព័ត៌មាន​សន្តិសុខ​ជាតិ​របស់​វីអូអេ Jeff Seldin Grace Alheri Abdu អ្នក​យកព័ត៌មាន​សេវាកម្មHausa របស់​វីអូអេ Ignatius Annor នៃ​សេវា Englsih to Africa និង Betty Ayoub និង Carol Guensburg នៃ​ការិយាល័យ​អាហ្វ្រិក។

XS
SM
MD
LG