ពីក្រុង Kyiv ទៅ Zhitomyr បន្ទាប់មកទៅ Rivne ហើយតមក ទៅដល់ព្រំដែនប៉ូឡូញចូលរួមជាក្បួនឡាន និងមនុស្សស្ពាយកាបូបចម្ងាយ១០០គ.ម. ដើរតាមដងផ្លូវ។ នេះ ជាអ្វីដែលកើតមានដល់អ្នកស្រី Snizhana នៅពេលអ្នកស្រីចាកចេញពីក្រុង Kyiv កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលអ្នកស្រីមានញាតិសន្តាននៅទីនោះ។ អ្នកស្រី Snizhana ដែលជាជនភៀសខ្លួនអ៊ុយក្រែននិយាយថា៖
«យើងត្រូវតែទៅកាន់ព្រំដែនផ្សេងមួយទៀត គឺព្រំដែនជាមួយប្រទេសស្លូវ៉ាគី។ មានក្បួនឡាន ៦គ.ម. តែយ៉ាងហោចណាស់ ក៏មិនមែន១០០គ.ម.ទេ»។
ក្រោយពីថើបលាស្វាមីអ្នកស្រី អ្នកស្រី Snizhana បានឡើងជិះឡានក្រុង ហើយឆ្លងកាត់ព្រំដែនស្លូវ៉ាគី។ ប្តីអ្នកស្រី បានវិលត្រឡប់ទៅក្រុង Kyiv វិញ។ អ្នកស្រី Snizhana និយាយថា៖
«មានគេមកជួបយើងនៅព្រំដែន ហើយគេបានយកយើងទៅកាន់សាលារៀនមួយដែលយើងមានការកក់ក្តៅ មានអាហារ និងទឹកបរិភោគ។ បន្ទាប់មកមិត្តភ័ក្តិរបស់ញាតិសន្តានយើង បានដឹកយើងពីទីនោះទៅកាន់កន្លែងដែលយើងអាចទទួលទានដំណេកមួយយប់។ ហើយតមកយើងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់»។
នៅថ្ងៃទីពីរនៃការចូលឈ្លានពានរបស់រុស្សី អ្នកស្រី Olga ក៏បានចាកចេញពីប្រទេសអ៊ុយក្រែនដែរ ជាមួយកូនប្រុសអាយុមួយឆ្នាំឈ្មោះ Taras។ សព្វថ្ងៃនេះ ពួកគេមានសុវត្ថិភាពក្នុងប្រទេសប៉ូឡូញ។ អ្នកស្រី Olga Sheremet និយាយថា៖
«នៅពេលនេះ ខ្ញុំកំពុងឋិតនៅជាមួយបងប្អូនស្រីរបស់ប្តីខ្ញុំ។ យើងបានចាកចេញពីក្រុង Irpin, យើងឮស្នូរគ្រាប់កាំភ្លើងធំ និងការប្រយុទ្ធគ្នានៅ Hostomel។ ពីរម៉ោងក្រោយយើងចាកចេញ កងរថក្រោះរុស្សី បានចូលក្នុងក្រុង Irpin, Bucha និង Vorzel។
ប្តីអ្នកស្រី Katerina Ilchenko ជាជនជាតិអាមេរិកាំង។ ជាច្រើនសប្តាហ៍ ប្តីអ្នកស្រីនិងគ្រួសារទាំងមូលបាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកស្រីចាកចេញពីអ៊ុយក្រែន។ អ្នកស្រី Katerina Ilchenko និយាយថា៖
«ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំមិនទៅទីណាទេ។ លោកអ្នកដឹងទេ ព្រោះហេតុអ្វី? ពីព្រោះខ្ញុំ មិនទាន់រៀបចំកែលម្អផ្ទះ apartment ខ្ញុំជាថ្មី! ខ្ញុំ បានកែលម្អផ្ទះបាយហើយ។ តែមិនទាន់បានកែលម្អបន្ទប់ដេកនៅឡើយទេ»។
ក្រោយពីក្រសួងការបរទេសស.រ.អ.សុំឱ្យពលរដ្ឋអាមេរិកាំងចាកចេញពីអ៊ុយក្រែន អ្នកស្រី Katerina បានយល់ព្រមចាកចេញ។ គ្រួសារអ្នកស្រី បានចេញពីក្រុង Kyiv ហើយបានធ្វើដំណើរទៅប៉ែកខាងលិចប្រទេស មួយអាទិត្យមុនការលុកលុយរបស់រុស្សី។ ពេលនេះ ពួកគេគ្រោងចាកចេញពីប្រទេស។ អ្នកស្រី Katerina Ilchenko ថ្លែងថា៖
«យើងមិនទាន់ទៅណាឆ្ងាយតាមដែលយើងអាចទៅដល់ទេ ពីព្រោះយើងមិនចង់ចេញពីអ៊ុយក្រែន។ តែយ៉ាងណា ក៏វាគ្រាន់បើជាងនៅផ្ទះដែរ ពីព្រោះការវាយប្រហារទីមួយដោយមីស៊ីលត្រូវចំតំបន់យើងរស់នៅ»។
បើតាមអ.ស.ប.ថា មនុស្សជាងកន្លះលាននាក់ដូច Katerina, Olga និង Snizhana បានគេចខ្លួនចេញពីអ៊ុយក្រែន ហើយតួលេខ កើនច្រើនតទៅទៀត។
ពួកអ្នកវិភាគនិយាយថា ជនជាតិអ៊ុយក្រែនច្រើននាក់ទៀតខ្ចាត់ព្រាត់នៅក្នុងប្រទេស។ លោក Franck Düvell នៃវិទ្យាស្ថានទេសន្តរប្រវេសន៍អន្តរជាតិនិយាយថា៖
«មានមនុស្ស៦សែន ៦ម៉ឺននាក់ ខ្ចាត់ព្រោត់ទៅប្រទេសក្រៅ ហើយមាន១លាន ៥សែននាក់ទៀត ខ្ចាត់ព្រាត់នៅខាងក្នុងអ៊ុយក្រែន។ ដូច្នេះ មានទាំងអស់២លាន ២សែននាក់ គឺ៤%នៃប្រជារាស្ត្រអ៊ុយក្រែន គឺថាច្រើនក្រាស់ក្រែលទៅហើយ តែក្នុងពេលប្រាំថ្ងៃប៉ុណ្ណោះ»។
នេះ ជាវិបត្តិជនភៀសខ្លួនមួយនៅអឺរ៉ុបដែលកំពុងកើតមាននៅពេលនេះ។ លោកស្រី Cynthia Buckley ដែលជាសាស្ត្រាចារ្យសង្គមវិទ្យានៅសាកលវិទ្យាល័យ Illinois ថ្លែងថា៖
«បើគ្មានការគាំទ្រខាងការការពារដែនអាកាសទេ បើគ្មានការចូលរួមពីក្រុមអ្នកគាំទ្រអ៊ុយក្រែន ឬកងយោធាអ៊ុយក្រែន ដែលមានសមត្ថភាពធ្វើការរារាំងដល់ការបាញ់មីស៊ីលចំគោលដៅទេ ខ្ញុំថា អាចនឹងមានអ្នកភៀសខ្លួនពី២លាន ទៅ៥លាននាក់ក្នុងបណ្តាប្រជារាស្ត្រអ៊ុយក្រែន៤៤លាន ១សែននាក់»។
តែជនជាតិអ៊ុយក្រែនទាំងនោះ ដែលបាននិយាយជាមួយវីអូអេថាពួកគេមិនចង់បានឋានៈជនភៀសខ្លួនទេ ពីព្រោះពួកគេគ្រោងវិលត្រឡប់ទៅផ្ទះគេវិញ។ អ្នកស្រី Katerina Ilchenko និយាយថា៖
«ការបារម្ភធំបំផុតមួយរបស់ខ្ញុំ គឺនៅពេលទៅក្រុង Kyiv វិញខ្ញុំមិនស្គាល់ក្រុងនោះ។ តាមអ្វីដែលខ្ញុំអាចឃើញ ហើយខ្ញុំមិនមើលច្រើនទេ គឺមើលនៅទីនេះបន្តិច មើលទីនោះបន្តិច ខ្ញុំអាចឃើញអ្វីដែលគេបានបំផ្លាញទីក្រុងនេះ។ តែខ្ញុំស្រឡាញ់ក្រុងនេះទោះវាមានសភាពបែបណាក៏ដោយ។ ខ្ញុំនឹងវិលត្រឡប់ទៅ Kyiv វិញ។ ខ្ញុំនឹងបើកទ្វារផ្ទះ apartment ខ្ញុំជាមួយកូនសោខ្ញុំ ខ្ញុំនឹងចូលក្នុងផ្ទះខ្ញុំ ហើយខ្ញុំនឹងរៀបចំកែលម្អជាថ្មី ទោះជាលំបាកបែបណាក៏ដោយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ