ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សម្រាប់​អាណត្តិ​៤​ឆ្នាំ​ខាងមុខ


រូបឯកសារ៖ ស្ត្រី​ម្នាក់ ដើរ​ឆ្លងកាត់​ជញ្ជាំង​ដែល​មាន​សំណេរ​ថា «បោះឆ្នោត» កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Los Angeles រដ្ឋ California។
រូបឯកសារ៖ ស្ត្រី​ម្នាក់ ដើរ​ឆ្លងកាត់​ជញ្ជាំង​ដែល​មាន​សំណេរ​ថា «បោះឆ្នោត» កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ទីក្រុង Los Angeles រដ្ឋ California។

អ្នក​បោះឆ្នោត​ជនជាតិ​អាមេរិក​រាប់​លាន​នាក់​ បាន​បន្តចេញទៅ​ការិយាល័យបោះឆ្នោតនៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​សម្រេ​ច​ចិត្ត​ថា​ តើ​គេ​គួរទុក​លោក​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក Donald Trump ឲ្យ​បន្ត​ធ្វើ​ជា​មេដឹកនាំ​របស់​គេ​ក្នុង​រយៈ​ពេល៤​ឆ្នាំ​ទៀត ឬ​ក៏​បោះឆ្នោត​ជូនគូ​ប្រជែង​របស់​លោក​ គឺ​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្សប្រជាធិបតេយ្យ និង​ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​នោះ​ ឲ្យ​កាន់​តំណែង​ជំនួស​លោក Trump ​វិញ។​

បេក្ខជន​ប្រធានាធិបតី​លោក​ Joe Biden ​បាន​ចាប់​ផ្តើម​ថ្ងៃ​បោះឆ្នោត​ដោយ​ទៅចូល​រួម​ការ​សូត្រ​ធម៌​នៅ​វិហារ​គ្រិស្តសាសនា​មួយ​នៅ​រដ្ឋ Delaware។ លោក Biden ក៏​នឹងជួប​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ទី​ក្រុង​២​របស់​រដ្ឋ ​Pennsylvania​ មុន​ពេល​លោក​ត្រឡប់​ទៅ​កាន់​រដ្ឋ Delaware ​ដើម្បី​ថ្លែង​សុន្ទរកថា​មួយ​ក្នុង​ពេលរាត្រី។

ចំណែក​លោក Trump ​វិញ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​កម្មវិធី Fox & Friends ដោយ​ប្រកាសថា ​លោក​នឹង​ប្រកាស​ថា ​លោក​ឈ្នះនៅ​ពេល​ឃើញ​មាន​ជ័យជម្នះ។ លោក​ត្រាំ​ ក៏​ទៅ​មើល​ការិយាល័យ​ឃោសនា​បោះឆ្នោត​ធំ​របស់​លោក​ នៅ​ខាង​ក្រៅ​ទី​ក្រុង​វ៉ាស៊ីនតោន ហើយ​បន្ទាប់​មក​ បាន​វិល​ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ។​

ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ​ បេក្ខជន​ទាំង​ពីរ​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​នោះ​ទេ។

ខណៈ​ពេល​ដែល​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ មិន​ទាន់​ត្រូវ​គ្រប់​គ្រង​បានក្នុង​សហរដ្ឋ​អាមេរិក​នោះ​ ពលរដ្ឋ​អាមេរិក​ចំនួន​៩៩​លាន​នាក់ បាន​បោះ​ឆ្នោត​មុនថ្ងៃ​បោះឆ្នោត​រួច​ហើយ​ ដែល​ចំនួន​នេះ​ច្រើន​ជាង​ចំនួន​២ភាគ៣​ នៃចំនួន​សន្លឹក​ឆ្នោតសរុប​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។ ​

ប៉ុន្តែ​ដោយ​សារ​រដ្ឋ​និមួយៗ​មាន​ច្បាប់​គ្រប់​គ្រងការ​រាប់សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍ខុសៗ​គ្នា​នោះ លទ្ធផលនៃ​ការ​បោះឆ្នោត​ នឹង​មិនអាច​ត្រូវ​ដឹង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ ដោយ​វា​អាស្រ័យ​ទៅ​លើថា ​តើ​ការ​ប្រកួត​ប្រជែង មានការ​ប្រកៀក​ប្រកិត​គ្នា​ប៉ុណ្ណា​នោះ។

សហរដ្ឋ​អាមេរិកមានប្រព័ន្ធ​ប្រជាធិបតេយ្យ ​ដែលមិន​ផ្ទាល់​ទាក់ទង​នឹង​ការ​បោះឆ្នោតនេះ ដោយ​លក្ខខណ្ឌក្នុង​ការ​ក្លាយ​ជា​ប្រធានាធិបតី​ ​មិន​អាស្រ័យ​លើ​ចំនួន​សន្លឹកឆ្នោត​សរុប​ទូទាំង​ប្រទេស​ដែល​បេក្ខជន​និមួយៗ​ ទទួល​បាន​នោះ​ទេ។​ លទ្ធផល​បោះឆ្នោត​ ​អាស្រ័យ​ទៅ​លើលទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​និមួយៗ​នៅ​ក្នុង​រដ្ឋ​ទាំង​៥០​របស់​អាមេរិក​ និង​រដ្ឋធានី​វ៉ាស៊ីនតោន​។ អ្នក​ឈ្នះ​សំឡេង​ឆ្នោតច្រើន​ជាង​គេ​នៅ​ក្នុង​រដ្ឋ​មួយ ជា​ទូទៅនឹង​ទទួល​បាន​សំឡេង​អង្គបោះឆ្នោត​ទាំង​អស់​នៅ​ក្នុង​រដ្ឋ​នោះ។​ ដោយ​អ្នក​ឈ្នះ​ក្លាយ​ជា​ប្រធានាធិបតី​ ​ត្រូវ​ទទួល​ឲ្យ​បាន​នូវ​អង្គ​បោះ​ឆ្នោត​ចំនួន​ ​២៧០​សំឡេងនៃ​ចំនួន​អង្គបោះ​ឆ្នោត​សរុប​ទូទាំង​អស់​ ៥៣៨សំឡេង៕​

XS
SM
MD
LG