ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​វ័យ​ក្មេង​​មាន​ចំនួន​កើន​ឡើង​​​ក្នុង​ការ​បោះឆ្នោត​​​អាមេរិក​ឆ្នាំ​នេះ​​​


ពលរដ្ឋអាមេរិកាំងកំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោត Kentucky Exposition Center ក្នុងក្រុង Louisville រដ្ឋ Kentucky ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ពលរដ្ឋអាមេរិកាំងកំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោត Kentucky Exposition Center ក្នុងក្រុង Louisville រដ្ឋ Kentucky ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នក​បោះឆ្នោតអាមេរិកវ័យ​ក្មេង​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មានក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា ដែល​អ្នកជំនាញ​ថា​ ជា​ការ​បន្ត​នូវ​និន្នាការ​នៃ​ការ​ចូលរួមកាន់​តែ​ច្រើនរបស់​អ្នក​ជំនាន់​ថ្មី​នេះ​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិប្រធានាធិបតី​ កាល​ពីឆ្នាំ​ ២០១៨ ​មកម៉្លេះ។

លោក​ Josh Kutner និស្សិត​ឆ្នាំ​ទី​៤​ នៃ​សាកល​វិទ្យា​ល័យ George Washington និង​ជា​ប្រធាននិស្សិត​ខាងគណបក្ស​សាធារណរដ្ឋរបស់​សាកលវិទ្យា​ល័យនេះ​ បាន​លើក​ឡើង​ថា​ សិស្សនិស្សិតបាន​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​គេ​វិញ​ ដូច​នេះ​គេ​អាច​មាន​លទ្ធភាព​ងាយ​ស្រួល​ចូល​ក្នុង​ការ​បោះ​ឆ្នោត។

លោកបន្ត​ថា៖ «ក្រុម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតបាន​ផ្តោត​ទៅ​លើក្រុម​យុវវ័យ​ ដើម្បី​ក្លាយជា​អ្នក​ដឹកនាំ​និង​ជួយ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​គុណ​តម្លៃ​ និង​ចក្ខុវិស័យ​សម្រាប់​សហគន៍​របស់​គេ។​ អញ្ចឹងខ្ញុំ​គិត​ថា​ វា​ជា​តួនាទី​មួយ​ធំ​ក្នុង​ការ​អនុញ្ញាតឲ្យ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ចូលរួម​ នៅ​ទូទាំង​ប្រទេសក្នុង​ឆ្នាំ​នេះ»។

ក្នុង​ចំណោម​គ្រប់​អាយុ​បោះឆ្នោត​ជិត​ ២៤០ លាន​នាក់ ​ក្នុង​ទូទាំង​សហរដ្ឋ​អាមេរិក នា​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​បោះ​ឆ្នោត​ប្រមាណ ​២០% មាន​អាយុ​ចន្លោះរវាង​ពី ១៨​ ទៅ ​២៩ ​ឆ្នាំ​ ដែល​អាច​ចូលរួម​បោះ​ឆ្នោត​ នៅ​ថ្ងៃ​អង្គារ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី Abby Kiesa នៃ​មជ្ឈមណ្ឌល CIRCLE របស់សាកលវិទ្យាល័យ Tufts ក្នុង​រដ្ឋ Massachusetts។

គេហទំព័រ​របស់​មជ្ឈមណ្ឌល​នេះ​ ក៏​បាន​បញ្ជាក់​ថា មាន​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ទាំង​នេះ​ចំនួនជាង ​៧​ លាន​នាក់​បាន​បោះឆ្នោតរួច​ទៅ​ហើយ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ហើយ​នៅតាម​បណ្តា​រដ្ឋប្រកៀកប្រកិត​គ្នា​គឺ​រដ្ឋ Florida, North Carolina, Minnesota, Pennsylvania និង Michigan ចំនួន​សន្លឹកឆ្នោត​របស់​អ្នក​បោះឆ្នោត​វ័យ​ក្មេង​នេះ​ មាន​លើសចំនួន​គម្លាត​ការ​គាំទ្រដែល​បេក្ខជន​ប្រធានាធិបតី​ត្រូវ​ការ​ ដើម្បី​ឲ្យ​ឈ្នះ​ដាច់​ក្នុង​រដ្ឋ​នោះ​ហើយ៕

XS
SM
MD
LG